ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​ដោយ​មាន​ការសម្របសម្រួល​ពី​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ដ​ កំពុង​បន្ត​ចាក់​វ៉ាក់សាំង​ដូស​ទី​៥ ដល់​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង​ប្រទេស​សរុប​ប្រមាណ​ ៣ ​ម៉ឺន​ ៨ ​ពាន់​នាក់​។ នេះ​បើតាម​លោក នុត សវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។

លោក នុត សវនា បាន​ថ្លែងថា ក្នុង​ចំណោម​ជន​ជាប់ឃុំ​ទាំងអស់​ប្រមាណ ៣៨ ០០០ នាក់ ​ក្នុង​នោះ​ជន​ជាប់ឃុំ​ខ្លះ​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​២ ជន​ជាប់ឃុំ​ខ្លះ​ចាក់​ដូស​ទី​៣ និង​ខ្លះទៀត​ចាក់​ដូស​ទី៤​។ ប៉ុន្ដែ​ភាគច្រើន​នៃ​ជនជាប់ឃុំ​បាន​ចាក់​វ៉ាក់សាំង មានតែ​ជន​ជាប់ឃុំ​មាន​បញ្ហា​សុខភាព​តិចតួច​ប៉ុណ្ណោះ ដែល​មិនបាន​ចាក់​។

លោក​ថ្លែងថា​៖ «​មន្ដ្រី​ខ្ញុំ​តាម​ខេត្ដ​គាត់​ចាក់​បណ្ដើរៗ​ចង់​អស់ហើយ​ហ្នឹង​។ សម្រាប់​ជន​ជាប់ឃុំ​កំពុង​ចាក់​បណ្តើរៗ​ដែរ​។ ពន្ធនាគារ​នៅតាម​ខេត្ដ​យើង​ស្រង់​មើលថា តើ​អ្នកណា​ដល់ពេល​ចាក់ គឺ​រៀបចំ​ពេលវេលា​ឱ្យ​គាត់​មកចាក់​ហើយ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ដ គឺជា​អ្នកសម្របសម្រួល​មក​ចាក់​ឱ្យ​ជន​ជាប់ឃុំ​»​។

លោក សវនា បានឱ្យ​ដឹងថា ដោយសារតែ​ជន​ជាប់ឃុំ​មាន​ការ​ផ្លាស់ប្ដូរ​ចេញចូល ក្នុងនោះ​ជន​ជាប់ឃុំ​ខ្លះ​ត្រូវ​ចប់​ទោស និង​ជន​ជាប់ឃុំ​ខ្លះ​ចូល​ថ្មី ដូច្នេះ​ការចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​គឺមាន​សភាព​មិន​ដូចគ្នា​ទេ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ជន​ជាប់ឃុំ​របស់​យើង​ចេញ​-​ចូល​រហូត​ដូច្នេះ​វា​លំបាក​ដែរ យើង​ត្រូវ​ពិនិត្យមើល ជន​ជាប់ឃុំ​ណា ដែល​ដល់​ពេល​ត្រូវ​ចាក់ ទើប​យើង​រៀបចំ​ពួកគាត់​មួយក្រុម​ ដើម្បី​ឱ្យ​ខាង​សុខាភិបាល​មកចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដល់​ពួកគាត់​»​។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង​ថា ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​តាម​ការស្ម័គ្រចិត្ត​ដល់​ជន​ជាប់​ឃុំ គឺជា​យន្តការ​មួយ​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ការឆ្លង​កូវីដ​ ១៩ ក្នុង​ពន្ធនាគារ​។ ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ១ ​មុខ មិន​គ្រប់គ្រាន់​ទេ ព្រោះ​ពន្ធនាគារ គឺ​មាន​ភាព​ចង្អៀតណែន​នៃ​អ្នក​ជាប់ឃុំ​ដដែល​។

លោក​បន្តថា​៖ «​ដូច្នេះ​យើង​មានការ​ព្រួយបារម្ភ ចំពោះ​មេរោគ​បំប្លែង​ថ្មី​អាច​ឆ្លង​ចូលក្នុង​ពន្ធនាគារ យន្តការ​ការដោះស្រាយ​កាត់បន្ថយ​ភាពចង្អៀត​ណែន អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ជា​រឿង​ចាំបាច់​បំផុត​ទន្ទឹម​គ្នា​ជាមួយ​នឹង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​អ្នក​ជាប់ឃុំ​»​។

ជាមួយ​គ្នានេះ​លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ​(​គ.វ.ក ១៩) ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​អញ្ជើញ​ទៅ​ទទួល​យក​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ទាំង​ដូស​ទី ​៣ ដូស​ទី​៤ និង​ដូស​ទី​៥ ជាពិសេស​ក្រុម​គោលដៅ​ជួរមុខ និង​ក្រុម​គោលដៅ​សំខាន់ៗ និង​ប្រជាពលរដ្ឋ​វ័យចាស់​ចាប់ពី​អាយុ ៦០ ​ឆ្នាំ​ឡើងទៅ​។

លោកស្រី​បញ្ជាក់ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​កុំ​មើលស្រាល​ភ្លេចខ្លួន ដែល​បច្ចុប្បន្ននេះ​ថ្វីដ្បិតតែ​យើង​មិនមាន​ករណី​ឈឺ និង​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ជាង ១ ខែ​ហើយក៏​ពិតមែន ក៏ប៉ុន្ដែ​ស្ថានភាព​រាតត្បាត​នៃ​កូវីដ​ ១៩ មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ​»​។

បើតាម​លោក សវនា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​សរុប​ចំនួន ២៨ ​កន្លែង ក្នុង​នោះ​មាន​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ កន្លែង​។ បច្ចុប្បន្ន​មាន​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​សរុប​ប្រមាណ ៣៨ ០០០ នាក់ ​ក្នុងនោះ​ជន​ជាប់ឃុំ​ប្រមាណ ៥៤ ​ភាគរយ ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ចំណែក​មន្ត្រី​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​មាន​ចំនួន ២ ៩៧៥ នាក់​៕