
ទិដ្ឋភាពអាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក។ រូបថត ក្រសួងបរិស្ថាន
បន្ទាយមានជ័យៈ មន្ត្រីបរិស្ថានខេត្តបន្ទាយមានជ័យបង្ហាញពីចំណុចទាក់ទាញភ្ញៀវទេសចរបែបធម្មជាតិ និងសក្តានុពលនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម បន្ទាប់ពីសហគមន៍តំបន់ការពារធម្មជាតិ «ទេសចរណ៍អាងត្រពាំងថ្ម» ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុកនេះត្រូវបានក្រសួងបរិស្ថាន រៀបចំ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី ២០ ខែមិថុនា។
លោក មឿន សាមុយ ប្រធានការិយាល័យអភិវឌ្ឍន៍មូលដ្ឋាននៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី ២១ ខែមិថុនាថា សត្វក្រៀល ទេសភាពអាងត្រពាំងថ្ម និងបក្សីជាង ២០០ ប្រភេទជាចំណុចទាក់ទាញបំផុតធ្វើឱ្យភ្ញៀវទេសចរចង់មកលេងកម្សាន្តនៅទីនេះ។ កាលពីថ្ងៃទី ២០ ខែមិថុនា សហគមន៍តំបន់ការពារធម្មជាតិ «ទេសចរណ៍អាងត្រពាំងថ្ម» ត្រូវបានក្រសួងបរិស្ថានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ដើម្បីឱ្យប្រជាសហគមន៍មានឱកាសចូលរួមការពារធនធានធម្មជាតិក្នុងតំបន់ដែលពួកគាត់រស់នៅ។
លោកថ្លែងថា៖ «តំបន់យើងនៅហ្នឹង យើងមានប្រភេទសត្វក្រៀល គឺជាប្រភេទសត្វកម្រ។ សត្វស្លាបយើងមាននៅក្នុងតំបន់ហ្នឹងជាង ២០០ ប្រភេទតាមរបាយការណ៍របស់អង្គការ WCS ហើយវត្តមានដែលគេចង់ឃើញបំផុតគឺប្រភេទសត្វក្រៀល និងរនាលពណ៌»។
សហគមន៍នេះមានផ្ទៃដី ៤០ ហិកតាមានប្រជាពលរដ្ឋចូលរួម ៨ ភូមិ ស្មើនឹង ២៣០ គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋសរុបជាង ១ ៦០០ នាក់។ គោលបំណងសំខាន់នៃការបង្កើតសហគមន៍នេះគឺដើម្បីឱ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិ ដែលមាននៅក្នុងសហគមន៍ ហើយចូលរួមរាយការណ៍ពីបទល្មើសផ្សេងៗ និងចូលរួមប្រើប្រាស់អនុផលព្រៃឈើដែលមាននៅក្នុងសហគមន៍ប្រកបដោយនិរន្តរភាព។
លោក មឿន សាមុយ បានឱ្យដឹងទៀតថា ក្នុងតំបន់សហគមន៍ការពារធម្មជាតិនេះមានអាងត្រពាំងថ្មជាកន្លែងអភិរក្សការពារពូជត្រីដ៏សំខាន់។ ក្រៅពីជិះទូកគយគន់ទេសភាពនៅតាមច្រាំង អាងទឹកត្រពាំងថ្មនោះ ក៏អំណោយផលដល់ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្តនៅរដូវប្រាំង ស្រូបខ្យល់អាកាសបរិសុទ្ធផងដែរ។ ផលិតផល ល្បីប្រចាំតំបន់នេះគឺការផលិតសូត្រ និងផ្អកត្រីក្រឹមដែលទៅថ្ងៃអនាគតផលិតផលទាំងនេះនឹងរៀបចំជាសេវាទេសចរណ៍បង្កើនចំណូលដល់ប្រជាសហគមន៍មួយផ្នែកទៀត។
លោក សាមុយ ប្រាប់ថា ក្រៅពីនេះមានតំបន់សហគមន៍មួយផ្សេងទៀតនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិភ្នំកូនខ្លែងកំពុងស្ថិតនៅក្នុងការសម្របសម្រួល ដើម្បីឱ្យបានជាសហគមន៍មានប្រកាសទទួលស្គាល់ត្រឹមត្រូវសំដៅឱ្យប្រជាពលរដ្ឋចូលរួមបន្ថែមទៀត ក្នុងការការពារដល់ប្រភេទសត្វព្រៃកម្រររួមមាន សត្វស្លាប ឈ្លូស រមាំង ដែលកំពុងរងការគំរាមកំហែងលើពិភពលោក តែមានវត្តមាននៅទីនោះ។
លោកបានបន្ថែមថា ថ្មីៗនេះក្រសួងបរិស្ថានក៏បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវប៉មមើលទេសភាពក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្មនេះផងដែរ។ ប៉មនេះមានកម្ពស់ ១២ ម៉ែត្រ ដែលភ្ញៀវទេសចរអាចឡើងមើលទេសភាពព្រៃប្រឹក្សា និងសត្វស្លាបបានជុំទិសកាន់តែច្បាស់ និងងាយស្រួលជាងមុន។
លោក មឿន សាមុយ បញ្ជាក់ថា ដើមឡើយនៅអំឡុងឆ្នាំ ២០០០ តំបន់ការពារទេសភាពអាងត្រពាំងថ្មគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលហៅថាជាតំបន់ដែនបម្រុងសត្វក្រៀលអាងត្រពាំងថ្មមានព្រះរាជក្រឹត្យត្រឹមត្រូវ ដោយសហគមន៍នេសាទតំបន់នោះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផល។ ប៉ុន្តែ ក្រោយមកនៅឆ្នាំ ២០១៦ ក៏មានការផ្ទេរតំបន់នេះមកឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញតាមព្រះរាជក្រឹត្យលេខ ៦៩ ។
នៅក្នុងឆ្នាំនោះ រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានចេញអនុក្រឹត្យលេខ ១០០ ស្តីពីការបង្កើតតំបន់ការពារទេសភាពអាងត្រពាំងថ្ម បន្ទាប់មករហូតដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ទើបក្រសួងបរិស្ថានសម្រេចចេញប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «ទេសចរណ៍អាងត្រពាំងថ្ម»។
លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សហគមន៍នេះកាលពីថ្ងៃទី ២០ មិថុនា ថា តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាតំបន់ធម្មជាតិមានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរមកលេង និងទស្សនាទេសភាព និងសត្វកម្រជាច្រើនប្រភេទ មានដូចជា ក្រៀល រមាំងជាដើម។
លោកថ្លែងថា «តំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍ រកប្រាក់ចំណូលបានផងដែរ តាមរយៈការធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម»។
លោក តាំង សាខន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ «ទេសចរណ៍អាងត្រពាំងថ្ម» ថ្លែងនៅថ្ងៃទី ២១ ខែមិថុនា ថា ដោយសារសហគមន៍ទើបទទួលបានប្រកាសថ្មីៗហេតុនេះគម្រោងក្នុងការអភិវឌ្ឍរៀបចំឱ្យមានភាពទាក់ទាញប្លែកបន្ថែមសម្រាប់ភ្ញៀវទេសចរ នៅមិនទាន់មាននៅឡើយ។ ពលរដ្ឋក្នុងសហគមន៍នេះ អ្នកខ្លះធ្វើស្រែចម្ការ ចិញ្ចឹមសត្វខ្លះនេសាទកែច្នៃផលនេសាទលក្ខណៈគ្រួសារ និងខ្លះនាំភ្ញៀវជិះទូកមើលទេសភាព។
លោក ឃុត ឃួន មេឃុំប៉ោយចារឱ្យដឹងថា រដ្ឋបាលឃុំតែងសហការជាមួយជំនាញបរិស្ថានបានចុះផ្សព្វផ្សាយពីការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសគឺការនេសាទខុសច្បាប់ ដូចជា ការឆក់ ការដាក់ស្បៃមុង និងការអូសអួនជាដើម ដែលសុទ្ធតែជាឧបករណ៍នេសាទខុសច្បាប់ត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យនេសាទ។ លោកថ្លែងថា៖ «យើងក៏មានការហាមឃាត់មិនឱ្យមានការបរបាញ់សត្វផងដែរ ព្រោះសត្វស្លាបនៅទីនេះ គឺជាសត្វកម្រ ហើយថែមទាំងទាក់ទាញភ្ញៀវទេសចរទៀតផង»៕