ភ្នំពេញៈ យោងតាម​លទ្ធផល​បឋម​នៃ​ការអង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​កម្ពុជា ឆ្នាំ​ ២០២១-២០២២ ប្រៀបធៀប​នឹង​លទ្ធផល​នៃ​ការអង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​កម្ពុជា ឆ្នាំ​ ២០១៤ អត្រា​មរណភាព​មាតា ទារក និង​កុមារ​នៅ​ប្រទេស​កម្ពុជា មាន​ការ​ថយចុះ​ច្រើន​គួរឱ្យ​កត់សម្គាល់​។

យោងតាម​របាយការណ៍​សូចនាករ​ស្នូល​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ ​២០២១-២០២២ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ឱ្យដឹងថា សម្រាប់​អត្រា​មរណភាព​មាតា​បាន​ថយចុះ​ពី​ ១៧០ ​នាក់ មក​នៅ​ ១៥៤ ​នាក់ នៅ​ឆ្នាំ​ ២០១៤ ក្នុង​ចំណោម​ទារក​កើត​រស់ ១០០ ០០០ ​នាក់ នៅ​ឆ្នាំ​ ២០២១-២០២២​។

របាយការណ៍​បញ្ជាក់ថា​៖ «​ការ​ប៉ាន់ស្មាន​នៃ​អនុ​បាទ​មរណភាព​មាតា ​(MMR) រវាង​ឆ្នាំ​ ២០១៤ ដល់ ឆ្នាំ ២០២១-២០២២ មាន​ ១៥៤​ នាក់ ក្នុង​ចំណោម​ ១០០ ០០០ ​កំណើត​រស់​។ មានន័យថា ០,០០៤ នៃ​មាតា​ប្រឈម​នឹង​ការស្លាប់​ពេញ​ ១ ​ជីវិត ឬ​អាច​និយាយបានថា ស្ត្រី​មាន​ ៤ ​នាក់​ក្នុង​ចំណោម​ស្ត្រី​ ១ ០០០​ នាក់​ជា​មរណភាព​មាតា​»​។

ការថែទាំ​សុខភាព​មាតា​បាន​ត្រឹមត្រូវ​អំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល មាន​សារៈសំខាន់ សម្រាប់​សុខភាព​ម្តាយ​ និង​ទារក​ និង​កាត់បន្ថយ ការ​មាន​ជំងឺ និង​ហានិភ័យ​មរណភាព​មាតា និង​កុមារ​អំឡុងពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង​ក្រោយពេល​សម្រាល​។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ស្ត្រី​ស្ទើរតែ​ទាំងអស់ ជិត​ ៩៩% បាន​ទទួល​ការថែទាំ​ផ្ទៃពោះ មុន​សម្រាល​ពី​គ្រូពេទ្យ​ជំនាញ​ដែល​បានផ្តល់​កំណើត​រស់ និង​/​ឬ​កូន​ស្លាប់​កើត​ក្នុង​រយៈពេល​ ២ ​ឆ្នាំមុន​អង្កេត​។ ជារួម​ប្រមាណ​ជា​ ៨៦% នៃ​ស្ត្រី​ដែល​បានទទួល​ការថែទាំ​ផ្ទៃពោះ​មុន​សម្រាល​ចំនួន​ ៤​ ដង ឬ​ច្រើនដង សម្រាប់​កំណើត​រស់ ឬ​កូន​ស្លាប់​កើត​ថ្មីៗ​បំផុត ហើយ​ប្រមាណ​ជា​ ៩៨% នៃ​ស្ត្រី​ដែល​បាន​លេបថ្នាំ​ជាតិ​ដែក​ជំនួយ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​ថ្មីៗ​បំផុត​»​។

បើតាម​លទ្ធផល​បឋម​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​នេះ ភាគរយ​ស្ត្រី​បាន​ទទួល​ការថែទាំ​ផ្ទៃពោះ​ សម្រាប់​កំណើត​រស់ ឬ​កូន​ស្លាប់​កើត​ថ្មីៗ​បំផុត​ ២ ​ឆ្នាំ មុន​អង្កេត​បាន​កើនឡើង ពី​ ៣៩% នៅ​ឆ្នាំ​ ២០០០ ដល់​ ៩៩% ក្នុង​ឆ្នាំ​ ២០២១-២០២២​។ ភាគរយ​ស្ត្រី​ដែល​បានទទួល​ការថែទាំ​ផ្ទៃពោះ​មុន​សម្រាល​ចំនួន​ ៤​ ដង ឬ​ច្រើនដង​បាន​កើនឡើង​ពី​ ៩% នៅ​ឆ្នាំ​ ២០០០ ដល់​ ៨៦% ក្នុង​ឆ្នាំ​ ២០២១-២០២២​។

ជាមួយ​គ្នានេះ សម្រាប់​អត្រា​មរណភាព​ទារក​ក៏បាន​ថយចុះ​ពី​ ១៨ ​នាក់​នៅ​ឆ្នាំ​ ២០១៤ មក​នៅ ៨​ នាក់ ក្នុងចំណោម​ទារក​កើត​រស់ ​១ ០០០​ នាក់​នៅ​ឆ្នាំ​ ២០២១-២០២២ ខណៈ​អត្រា​មរណភាព​កុមារ អាយុ​ក្រោម ​១ ​ឆ្នាំ បាន​ថយចុះ​ពី​ ២៨ ​នាក់ នៅ​ឆ្នាំ​ ២០១៤ មក​នៅ​ ១២​ នាក់ ក្នុង​ចំណោម​ទារក​កើត​រស់ ១ ០០០ ​នាក់​នៅ​ឆ្នាំ​ ២០២១-២០២២​។ ចំណែក អត្រា​មរណភាព​កុមារ អាយុ​ក្រោម ៥​ ឆ្នាំ បាន​ថយចុះ​ពី​ ៣៥ ​នាក់ នៅ​ឆ្នាំ​ ២០១៤ មក​នៅ​ ១៦ ​នាក់ ក្នុងចំណោម​ទារក​កើត​រស់​ ១ ០០០​ នាក់ នៅ​ឆ្នាំ​ ២០២១-២០២២​។

លោក ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​​ ២១ ​មិថុនាថា អត្រា​ថយចុះ​នៃ​មរណភាព​មាតា ទារក និង​កុមារ ដោយសារ​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដែល​បាន​ដាក់ចេញ​ចាប់តាំងពី​ស្ត្រី​ចាប់ផ្តើម​មានកូន ការសម្រាល និង​ការថែទាំ​រហូត​ដល់​អាយុ ​២ ​ឆ្នាំ​។

លោក​ប្រាប់ថា​៖ «​នៅពេល​ដែល​គាត់​សម្រាលកូន គឺ​គាត់​មាន​ការសម្រាល​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​មាន​ជំនាញ និង​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ហើយ​យើង​លែងឱ្យ​មាន​ឆ្មប​បុរាណ​សម្រាល​កូន​ទៀតហើយ​។ ប៉ុន្តែ​បានប្រែក្លាយ​ពួកគាត់​ [​ឆ្មប​បុរាណ​]​ ទៅជា​ភ្នាក់ងារ​បញ្ជូន​វិញ ដោយ​យើង​បាន​ផ្តល់​សេវា​បញ្ជូន​ដល់​ពួកគាត់​វិញ​»​។

លោក ទៅ ម៉ឹង បន្តថា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ជីវភាព​ក្រីក្រ គឺ​រាជរដ្ឋាភិបាល​មាន​គោលការណ៍​ផ្តល់​ថវិកា​ជួយ​ពួកគាត់​ចាប់តាំងពី​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​ ២​ ឆ្នាំ និង​មាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ១១​ មុខ​ផងដែរ​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​៖ «​យើង​ក៏មាន​មូលដ្ឋាន ដែល​ហៅថា Outreach [​ទៅដល់​] ដែល​មាន​ការផ្តល់​សេវា​សុខាភិបាល​ទៅដល់​សហគមន៍​តែម្តង ដោយមាន​ទាំង​ការអប់រំ ផ្សព្វ​-​ផ្សាយ និង​បាន​នាំ​ទាំង​សេវា​-​ពន្យារកំណើត ចាក់​វ៉ាក់សាំង ការពិនិត្យ​ផ្ទៃពោះ​ទៅដល់​តំបន់​ដាច់ស្រយាល​តែម្តង​»​។

សម្រាប់​ខេត្តកោះកុង មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព​មាន​នៅ​គ្រប់​ ២៩ ​ឃុំ​-​សង្កាត់ និង​ ១១៩​ ភូមិ ដែល​ទាំងនេះ​ជា​ការ​គិតគូរ​ទៅដល់​ប្រជាពលរដ្ឋ នៅពេល​មាន​បញ្ហា​សុខភាព​ណាមួយ​កើតឡើង​។ អត្រា​មរណភាព​មាតា​នៅ​ខេត្ត​នេះ​សឹងតែ​មិនមាន ឬ​មានតែ​ ១ ​ករណី ប៉ុណ្ណោះ​ក្នុង ​១ ​ឆ្នាំ​។

លោក ទៅ ម៉ឹង ប្រាប់ថា​៖ «​ក្រៅពី​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពី​ការថែទាំ​សុខភាព ថែទាំ​ផ្ទៃពោះ និង​មកកាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា ដែល​កត្តា​ទាំងនេះ​ហើយ​ធ្វើឱ្យ​អត្រា​មរណភាព​មាតា ទារក និង​កុមារ មានការ​ថយចុះ​ច្រើន​»​។

លោកស្រី ខេង សុខន អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​នាឱកាស​អបអរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ កាលពី​ចុងខែ​កុម្ភៈ ថា លោកស្រី​តែងតែ​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​យ៉ាងតិច ​៤ ​ដង​មុនពេល​សម្រាល​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​បាន​ចុះជួប​ផ្ទាល់​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​បាន​ណែនាំ​គាត់​ឱ្យ​ចេះ​ពី​ការថែទាំ​គភ៌ ញុំា​អាហារ​ល្អៗ និង​ត្រូវ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ហើយ​បន្ទាប់ពី​សម្រាល​ត្រូវ​បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់​រហូត​ដល់​អាយុ ​៦​ ខែ និង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ១១​ មុខ​ឱ្យបាន​ដល់​កូន​របស់​ពួកគាត់​»​។

អ្នកស្ម័គ្រចិត្ត​រូបនេះ​បន្តថា ម្តាយ​ត្រូវតែ​តាមដាន​សុខភាព និង​ការលូតលាស់​របស់​កូន​ផងដែរ​។ ប្រសិនបើ​មាន​បញ្ហា​ណាមួយ​ពួកគាត់​ត្រូវតែ​បញ្ជូន​កូន ឬ​កុមារ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​៕