ភ្នំពេញៈ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ Wonders of Mekong និង​រដ្ឋបាល​ជលផល​បាន​ដាក់​ពង្រាយ​ឧបករណ៍​ផ្ដល់​សញ្ញា acoustic tag ចំនួន​ ៣៦ គ្រឿង តាម​ដង​ទន្លេ​មេគង្គ​លើ​របស់​កម្ពុជា​ ដើម្បី​តាម​ដាន​ត្រី​បបែល​យក្ស​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ដែល​បាន​បំបែក​កំណត់ត្រា​ចាស់។​

កាលពី​ថ្ងៃទី ១៣​ ខែ​មិថុនា ឆ្នាំ​នេះ​ប្រជានេសាទ​កម្ពុជា​ម្នាក់​ឈ្មោះ ​មូល ​ធន អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កោះព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង បាន​បង្កៃ​សន្ទូច​ក្នុង​ទន្លេ​មេគង្គ​ជាប់​សត្វ​បបែល​យក្ស​ញី​ដ៏​ធំ​មហិមា​ ១ ​ក្បាល។

វា​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ និង​​រដ្ឋបាល​ជល​បញ្ជាក់ថា ​មាន​ទម្ងន់ ៣០០ ​គីឡូ​ក្រាម ​មាន​ប្រវែង​ ៣៩៨ ​សង់ទីម៉ែត្រ​ ដោយ​វាស់​ពី​ក្បាល​ដល់​ចុង​កន្ទុយ ​និង​ទទឹង​ដង​ខ្លួន​ទំហំ ២២០ ​សង់ទីម៉ែត្រ ហើយ​​ថា «វា​ជា​ត្រី​បបែល​ទឹក​សាប​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ដែល​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ត្រី​រាជ​ដែល​ចាប់​បាន​ក្នុង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ ពី​​ឆ្នាំ ២០០៥ ដែល​មាន​ទម្ងន់​ត្រឹមតែ ២៩៣ ​គីឡូក្រាម»។

ត្រី​ទឹក​សាប​ត្រូវ​បាន​កំណត់​ថា​ ជា​ប្រភេទ​ត្រី​ដែល​ប្រើប្រាស់​ពេល​វេលា​ពេញ​ ១ ជីវិត​រស់នៅ​ក្នុង​ទឹក​សាប ដែល​ខុស​ពី​សត្វ​សមុទ្រ​យក្ស​ដូចជា​ត្រី​ធូណា និង​ត្រីម៉ាលីន ឬ​ត្រី​ដែល​ផ្លាស់​ទី​រវាង​ទឹក​សាប និង​ទឹក​ប្រៃ​ជា​ដើម​។

ក្រោយ​ពី​បំពាក់​ឧបករណ៍ acoustic tag និង​ស្លាក​សញ្ញា​សម្គាល់​លើ​ខ្លួន​របស់​វា​បបែល​នោះ​ត្រូវ​បាន​លែង​ចូល​ក្នុង​​ទន្លេ​មេគង្គ​​នា​ព្រលប់​ថ្ងៃទី ១៤ ​ខែ​មិថុនា​ ជាមួយ​នឹង​ការ​ផ្ដល់​ឈ្មោះ​ថា «បូណ៌មី» ដោយសារ​ការ​លែង​នោះ​ត្រូវ​ចំ​ថ្ងៃ ១៥ ​កើត​ ជា​ពេល​ដែល​ព្រះ​ចន្ទ​កំពុង​ពេញ​វង់​ដូចឆត្រ។ នេះ​បើ​តាម​សម្ដី​លោកស្រី ​ជា សីលា ​អ្នក​គ្រប់គ្រង​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​ប្រចាំ​កម្ពុជា។

លោកស្រី​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២១ មិថុនា​ថា ​បន្ទាប់​ពី​លែង​ត្រី​បបែល​យក្ស​នោះ​រួច​មក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៃ​​គម្រោង​អច្ឆរិយភាព​ទន្លេមេ​គង្គ​ និង​រដ្ឋបាល​ជលផល​បាន​សហការ​គ្នា​ដាក់​ពង្រាយ​ឧបករណ៍​ acoustic tag ចំនួន​ ៣៦ គ្រឿង នៅ​តាម​ដង​ទន្លេ​មេគង្គ​ចាប់​ពី​ព្រំដែន​ទឹក​ប្រទេស​ឡាវ​ ដល់​ព្រំប្រទល់​ខេត្ត​កំពង់ចាម ប្រទេស​កម្ពុជា ដើម្បី​​តាមដាន​ពី​ស្ថានភាព និង​សុវត្ថិភាព​របស់​វានា​ពេល​អនាគត​។

លោកស្រី​ សីលា​ បាន​ថ្លែង​ថា​៖ «ឧបករណ៍ acoustic tag គឺ​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​សម្រាប់​ឱ្យ​ក្រុម​ជីវវិទូ​អាច​ដឹង​ពី​ដំណើរ​ជីវិត និង​អាកប្បកិរិយា​ដ៏​អាថ៌កំបាំង​របស់​សត្វ​មាន​ជីវិត​នានា ជាពិសេស​សត្វ​បបែល​យក្ស​ ទឹក​សាប​ដ៏​កម្រ និង​ធំ​ជាង​គេ​ក្នុង​លោក​ដែល​យើង​ទើប​ជួប​ប្រទះ​ និង​ដោះលែង​នេះ»។

បើ​តាម​លោកស្រី សីលា​ គម្រោង​អភិរក្ស​នេះ​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា ​ដើម្បី​បង្កើត​បណ្តាញ​អ្នក​នេសាទ​​ដែល​ជូន​ដំណឹង​ដល់​អ្នក​ស្រាវជ្រាវ​ប្រសិន​បើ​ពួក​គេ​ចាប់​​ត្រី​យក្ស ឬ​ជិត​ផុត​ពូជ។ ភាព​ជោគជ័យ​នៃ​គម្រោង​នេះ​ក៏​អាស្រ័យ​លើ​ការ​ចូលរួម​ដ៏​ស្មោះត្រង់​ និង​​អស់​ពី​ចិត្ត​របស់​ប្រជានេសាទ។

លោកស្រី​បញ្ជាក់​ថា​៖ «យើង​ពិត​ជា​រីករាយ និង​មាន​មោទនភាព​បំផុត​ចំពោះ​ការ​ចូលរួម​របស់​ប្រជានេសាទ​នៅ​តាម​​មូលដ្ឋាន​ក្នុង​កិច្ច​ការពារ ​និង​អភិរក្ស​ធនធាន​ជលផល​ដ៏​​កម្រ​ និង​ជិត​ផុត​ពូជ​ក្នុង​ទន្លេ​មេគង្គ​ដូចជា​ត្រី​បបែល​​យក្ស​នេះ»​។

លោក Zeb Hogan ជីវវិទូ ដែល​ដឹកនាំ​ការ​សិក្សា​​ស្រាវជ្រាវ និង​អភិរក្ស​សម្រាប់​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​ដែល​​ផ្តល់​មូល​និធិ​ដោយ​ទីភ្នាក់ងារ USAID បាន​ថ្លែងថា​​ ការ​រក​ឃើញ​ត្រី​បបែល​យក្ស​នេះ គឺ​ជា​​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ពិភព​ធម្មជាតិ​​នៅ​តែ​អាច​ផ្តល់​នូវ​​របក​គំហើញ​ថ្មី​ និង​អស្ចារ្យ។

លោក​ Zeb Hogan ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ណេវ៉ាដា​ នៃ​ទីក្រុង​រីណូ​ផង​ដែរ​នោះ​ បាន​មាន​ប្រសាសន៍​ថា​៖ «រយៈពេល​ ២០ ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ​ត្រី​យក្ស​ក្នុង​ទន្លេ​ និង​បឹង​នៅ​លើ​ទ្វីប​ចំនួន​ ៦ នេះ​គឺ​ជា​ត្រី​ទឹក​សាប​ធំ​បំផុត​ដែល​យើង​ជួប ឬ​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភព​លោក​»។

លោក​​បាន​បន្ត​ថា៖ «នេះ​​គឺ​ជា​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ហើយ​បង្ហាញ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​​យល់​កាន់​តែ​ច្បាស់​អំពី​អាថ៌​កំបាំង​ជុំវិញ​ប្រភេទ​សត្វ​នេះ និង​ការ​លាតសន្ធឹង​មិន​គួរ​ឱ្យ​ជឿ​នៃ​ទន្លេ​ដែល​វា​រស់នៅ»។​

យ៉ាង​ណា​ក្ដី វា​មិនមែន​ជា​ត្រី​បបែល​យក្ស​ដំបូង​ដែល​ទើប​រក​ឃើញ​នៅ​កម្ពុជា​នោះ​ទេ។ បើ​តាម​លោកស្រី ​ជា សីលា​ វា​ជា​ត្រី​បបែល​យក្ស​ទី៤ ដែល​ត្រូវ​បាន​ប្រជានេសាទ​ចាប់​បាន​នៅ​ក្នុង​ឆ្នាំ​នេះ​។

លោកស្រី​​បន្ត​ថា ត្រី​បបែល​យក្ស​ដំបូង​ត្រូវ​បាន​អ្នក​នេសាទ​ចាប់​បាន​ពី​ថ្ងៃទី ២៤ ​ខែ​មីនា​ មាន​ទម្ងន់​ ១៣៨ គីឡូក្រាម​ ប៉ុន្តែ​ជា​អកុសល​វា​បាន​ងាប់​ពេល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ចុះ​ទៅ​ដល់​ទីតាំង​ដែល​ចាប់​បាន​នៅ​ភូមិ-​ឃុំ​កោះ​ព្រះ​ ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង។​ ឯ​ការ​ចាប់​បាន​ត្រី​បបែល​យក្ស​ទី២ គឺ​នៅ​ថ្ងៃទី ៥ ​ខែ​ឧសភា​ មាន​ទម្ងន់​ ១៨០ ​គីឡូក្រាម​ ,លើក​ទី៣ នៅ​ថ្ងៃទី​ ២៣​ ខែ​ឧសភា មាន​ទម្ងន់​ ១៤៣ គីឡូក្រាម​ និង​លើក​ទី៤ នៅ​ថ្ងៃទី ​១៣ ខែ​មិថុនា​ថ្មីៗ​នេះ ក្នុង​ភូមិសាស្ត្រ​ដដែល។

លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​រដ្ឋបាល​ជលផល​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​ ការ​រក​ឃើញ​ត្រី​បបែល​ដ៏​ធំ​មហិមា​បំបែក​ក្នុង​កំណត់ត្រា​ពិភព​លោក​នេះ​ បង្ហាញ​ពី​ឱកាស​ដ៏​ពិសេស​របស់​កម្ពុជា​ ដើម្បី​ការពារ​ប្រភេទ​សត្វ​នេះ និង​ទីជម្រក​ស្នូល​របស់​វា​។

លោក​​បាន​ថ្លែង​ថា​៖ «នេះ​ជា​ឱកាស​ដ៏​ពិសេស​មួយ​របស់​ប្រទេស​កម្ពុជា ​យើង​ក្នុង​ការ​កៀរគរ​ប្រភព​ទុន ដើម្បី​ធ្វើ​ការ​ការពារ និង​​អភិរក្ស​ធនធាន​ជលផល ​និង​សត្វ​ព្រៃ​ដ៏​កម្រ​ទាំង​នេះ»​៕

វីដេអូ៖