ភ្នំពេញៈ​ ថ្វី​បើ​ក្នុង​រយៈពេល​ ៤៥ ​ថ្ងៃ​ជាប់ៗ​គ្នា ប្រទេស​កម្ពុជា​ មិន​មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​កូវីដ ១៩ ​ក៏​ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល ​និង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​ឱ្យ​​ពលរដ្ឋ​ទាំង​អស់​ប្រកាន់​ខ្ជាប់​វិធាន​ការ​ការពារ​ជាប់​ជា​ប្រចាំ​ ពិសេស​ត្រូវ​នាំគ្នា​ចូល​រួម​ចាក់​វ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន​ និង​ដូស​ជំរុញ​ផង​ដែរ។

យោង​តាម​របាយការណ៍​ក្រសួង​សុខាភិបាល​ដែល​បាន​ចេញ​ផ្សាយ​ពី​ថ្ងៃទី​ ២១ ខែ​មិថុនា​ បាន​ឱ្យ​ដឹង​ថា​ រយៈពេល​ ៤៥ ថ្ងៃ​ជាប់​គ្នា​ ក្រសួង​មិន​មាន​ការ​រក​ឃើញ​នូវ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​ថ្មី​នៅ​កម្ពុជា​ឡើយ​ ហើយ​ក៏​មិន​មាន​អ្នក​ជំងឺ​កូវីដ ១៩ ​នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ដែរ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២១​ ខែ មិថុនា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​សរុប​ចំនួន ១៣៦ ២៦២ នាក់​ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ​១៣៣ ​២០៦ ​នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​មាន​ចំនួន​ ៣ ០៥៦ នាក់។

ជាមួយ​គ្នា​នេះ​ដែរ ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ នៅ​កម្ពុជា​កំពុង​តែ​ដំណើរ​ការ​ដោយ​រលូន​ដែល​ក្នុង​នោះ​មាន​ទាំង​ដូស​មូលដ្ឋាន​ និង​ដូស​ជំរុញ​ ដែល​កម្ពុជា​បាន​ឈាន​ទៅ​ដល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​ ១៩​ ដូស​ទី៥​ ផង​ដែរ​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី ​២០​ ខែ​មិថុនា លទ្ធផល​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន​នាក់ បាន​ចំនួន​ ៩៤,១៩%​ ហើយ ​ខណៈ​ដែល​អត្រា​អ្នក​ចាក់​ដូស​ទី៣ បាន​ជាង ​៩,៣ លាន​នាក់​ អត្រា​អ្នក​ចាក់​ដូស​ទី៤ បាន​ជាង ​២,៧ លាន​នាក់ និង​អ្នក​​​ចាក់​ដូស​ទី៥​ បាន​ជាង​ ២១ ម៉ឺន​នាក់​។

លោកស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិ​ការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) បាន​ថ្លែង​ពី​ថ្ងៃទី ១៨ ខែមិថុនា ដោយ​លោក​ស្រី​នៅ​តែ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មក​ទទួល​យក​នូវ​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ឱ្យ​បាន​គ្រប់ៗគ្នា ដើម្បី​រក្សា​បាន​ភាព​ស៊ាំ​របស់​បុគ្គល និង​សហគមន៍​ទាំង​មូល។

លោកស្រី​មាន​ប្រសាសន៍​ថា ៖ «ទិសដៅ​ធំ​របស់​យើង​ គឺ​យើង​ចង់​រក្សា​ឱ្យ​មាន​និរន្តរភាព​នៃ​ការ​ប្រកប​របរ​ទទួល​ទាន​ហើយ​បើ​និយាយ​ជា​ទូទៅ​គឺ​ការ​បើក​ដំណើរការ​ប្រទេស​ជាតិ​របស់​យើង​នេះ សុំ​ឱ្យ​មាន​និរន្តរភាព​យូរ​អង្វែង ដើម្បី​ចៀស​វាង​នូវ​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩​ នេះ»​។

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី ឱ វណ្ណឌីន បាន​បង្ហាញ​ពី​ការ​បារម្ភ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ ដែល​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ទាល់​តែ​សោះ​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​ក៏​សង្កេត​ឃើញ​​ផង​ដែរ​ថា មាន​ប្រជាពលរដ្ឋ​ធម្មតា​ទូទៅ​មួយ​ចំនួន​តូច មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​មក​ទទួល​យក​វ៉ាក់សាំង ដោយ​គាត់​គិត​ថា ​គាត់​រវល់​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ទទួល​ទាន​របស់​គាត់ ​ហើយ​គាត់​ចល័ត​ច្រើន ​ដែល​នេះ​ជា​បញ្ហា​ប្រឈម​របស់​យើង»​។

លោកស្រី​​បាន​ណែនាំ​ពួក​គាត់​ឱ្យ​មក​ទទួល​យក​វ៉ាក់សាំង​ឱ្យ​ទាន់​ពេល​វេលា និង​បាន​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល​​ខេត្ត​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ដល់​រោងចក្រ​សហគ្រាស​ជា​បន្ត​ទៀត​ផង​ដែរ។​

លោកស្រី ឱ វណ្ណឌីន​ បាន​បញ្ជាក់​ថា៖ «យើង​នឹង​ធ្វើការ​ក្រើន​រំឭក ក៏​ដូចជា​បន្ត​កិច្ច​សហការ​គ្នា ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន ហើយ​ខ្ញុំ​សុំ​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​មក​ចាក់​វ៉ាក់សាំង​នៅ​ពេល​ដែល​ដល់​វេន​របស់​អ្នក»៕

វីដេអូ៖