កំពង់ឆ្នាំងៈ មន្ត្រី​មកពី​អាជ្ញាធរ​ជាតិ​ ដើម្បី​កុមារ អាជ្ញាធរ​មូលដ្ឋាន​ និង​អង្គការ​ដៃគូ​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​ការជួញដូរ​មនុស្ស​ និង​កុមារ ប្រមាណ​ ៥០​ នាក់​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី ​២០ ខែ​មិថុនា នៅ​សាលាខេត្ត​កំពង់ឆ្នាំង ក្នុង​គោលបំណង​ពង្រឹង​ការយល់ដឹង​ និង​ផ្លាស់ប្ដូរ​បទពិសោធ ដើម្បី​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ​។

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅក្នុង​សិក្ខាសាលា​នោះ អ្នក​ចូលរួម​ដែលជា​ភាគី​ពាក់ព័ន្ធ​បាន​ជជែក​គ្នា​លើ​បញ្ហា​ចំណាកស្រុក​ដោយ​សុវត្ថិភាព សិទ្ធិ​កុមារ​ និង​កិច្ចការពារ​កុមារ និង​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​ប្រព័ន្ធ​កិច្ចការពារ​កុមារ ក្នុង​និង​ក្រៅ​ប្រទេស​ក្នុង​គោលបំណង​បង្ហាញជូន​អំពី​ច្បាប់ ឯកសារ និង​លិខិតបទដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ​ឡើងវិញ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដាក់ចេញ​វិធានការ​នានា​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

លោកស្រី ញ៉េប សុភាព ថ្លែងថា​៖ «​នេះ​គឺជា​ការបង្កើន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​បាន​ផ្លាស់ប្តូរ​បទពិសោធ​ទៅនឹង​កិច្ចការពារ​កុមារ ឬ​ចំពោះ​អ្នក​ដែល​កំពុង​ធ្វើ​លើ​រឿងនេះ ដូចជា​ការជួញដូរ​មនុស្ស ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ដើម្បី​រៀនសូត្រ​ពីគ្នា ហើយ​អ្វីដែល​ខ្វះខាត​នឹង​បន្ត​ពង្រឹង​»​។

លោកស្រី សុភាព ថ្លែង​ថា សិក្ខាសាលា​បែបនេះ​នឹងធ្វើ​ទៅតាម​ខេត្ត​ទាំងអស់​ដែល​មាន​ករណី​បញ្ហា​ប្រឈម​របស់​កុមារ ព្រោះ​ក្នុង​ខេត្ត​មួយៗ​​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា ដូចជា​កុមារ​ដែល​តែងតែ​ជួយ​កិច្ចការ​ឪពុកម្តាយ​អាចជួយ​ក្រៅ​ម៉ោង​សិក្សា មិន​ធ្វើការ​ធ្ងន់ធ្ងរ និង​កុំឱ្យ​បោះបង់​ការសិក្សា ការធ្វើ​ចំណាកស្រុក​មិន​ក្រៅប្រទេស​គឺ​ចំណាកស្រុក​នៅក្នុង​ស្រុក​អាច​មាន​កុមារ​ធ្វើ​ការងារ​ជាមួយ​ឪពុកម្តាយ​ ដើម្បី​បាន​លុយ ហើយ​បោះបង់​ចោលការ​សិក្សា​។ ករណី​ដោយឡែក​ទៀត ដូចជា​ក្នុងអំឡុង​កូវីដ កុមារៗ​ខកខាន​រៀនសូត្រ ដែល​អាច​ប្រឈម​ដល់​ក្រុមគ្រួសារ​កុមារ​កើតជា​អំពើហិង្សា ដែលជា​អាជ្ញាធរ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ដល់​ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ឱ្យបាន​យល់ដឹង​នូវ​អ្វី​ដែលជា​កិច្ចការពារ​កុមារ​។

លោកស្រី សុភាព បាន​ថ្លែងថា​៖ «​បញ្ហា​កុមារ​ជា​រឿង​របស់​មនុស្ស​គ្រប់គ្នា ដែល​ទាមទារ​ឱ្យ​អន្តរ​វិស័យ​ធ្វើ​កិច្ចការ​រួមគ្នា​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ​ឱ្យទទួល​បានការ​អភិវឌ្ឍ​សមត្ថភាព ស្រប​តាម​គោលនយោបាយ​ជាតិ និង​អង្គការ​សហប្រជាជាតិ ធ្វើ​ម៉េច​ឱ្យ​គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បានការ​អភិវឌ្ឍ​ខ្លួន​»​។

លោកស្រី ញ៉េប សុភាព ថ្លែងថា ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​កុមារ​នេះ​គឺ​ទទួល​បាន​ជោគជ័យ​ណាស់​នៅលើ​ឆាក​អន្តរជាតិ បានន័យថា​កម្ពុជា​ចូលរួម​គោរព​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​ជំរុញ​ធ្វើ​ម៉េច​ឱ្យ​កុមារ​កាន់តែ​ទទួលបាន​សិទ្ធិ​ពេញលេញ​ធ្វើឱ្យ​ការ​ប្រឈម​របស់​កុមារ​មានការ​ថយចុះ​។

លោកស្រី សុភាព ថ្លែងថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​រហូត​ដល់​ ១០ ​ឆ្នាំ និង​មាន​ការកសាង​ផែនការ ៥ ​ឆ្នាំ​ទៀត អ៊ីចឹង​ការវិវត្ត​ជា​ជំហានៗ និង​ត្រួតពិនិត្យ​ជាប្រចាំ ព្រោះ​ធម្មតា​កម្ពុជា​ក្រោយពី​ទទួលបាន​សច្ចាប័ន​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធ្វើ​របាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ ហើយ​របាយការណ៍​ស្ថានភាព​កុមារ រាជរដ្ឋាភិបាល​ធ្វើជា​រៀងរាល់​ឆ្នាំ​។ ដោយឡែក ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ដើម្បី​ពិភាក្សា​ពី​ការត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​រយៈពេល​ ២ ​ថ្ងៃ ២១-២២ ខែមិថុនា ឆ្នាំ​ ២០២២ នៅ​ខេត្តសៀមរាប​។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​លើកកម្ពស់​ការចូលរួម​ក្រុមការងារ​អន្តរក្រសួង​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ឱ្យមាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល និង​កំណត់​ភារកិច្ច និង​តួនាទី​ក្រុម​ការងារ​តាម​វិស័យ​របស់​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​លើ​ការអនុវត្ត​កិច្ចការពារ​កុមារ​៕