តាកែវៈ ក្នុង​វ័យ​ទើបតែ​ ១៥​ ឆ្នាំ និង​ជា​កូន​ប្រុស​ពៅ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី ​៥ ​នាក់ ​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ដែល​រស់​នៅ​ភូមិ​សម៉ក្រោម​ ឃុំខ្វាវ​ ស្រុក​ទ្រាំង ​ខេត្ត​តាកែវ យុវជន ​ជីប ​សំណាងត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៥ ​ហើយ​បាន​ទៅ​ស៊ី​ឈ្នួល​ធ្វើជា​កម្មករ​បាញ់​ថ្នាំ​ឈើ​នៅ​ក្នុង​រោង​ជាង​ឈើ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​របស់​គេ។

ក៏​ប៉ុន្តែ​យុវជន​រូប​នេះ​បែរជា​ត្រូវ​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​សង្វេគ​ទៅវិញ​ ក្នុងពេល​រូប​គេកំពុង​ជិះ​រ៉ឺម៉ក​ជា​មួយ​ឪពុក​ខ្លួន ​និង​មិត្ត​រួមការ​ងារ​ ៥ ​នាក់​ទៀត​ទៅ​កន្លែង​រោង​ឈើ​ ដោយ​សារ​អ្នក​បើក​រ៉ឺម៉ក់​ដែលជាមិត្ត​ភក្តិ​របស់​ខ្លួន​បាន​បើក​ទៅ​បុក​នឹង​រទេះ​លក់​កូន​ដើម​ផ្កា​ បណ្ដល​ឱ្យ​យុវ​ជន​សំណាង​បាន​រង​របួស​បាក់​ជើង​ទាំង​សង​ខាង​។

និយាយ​ក្នុង​សម្តី​ខ្សាវៗ​មួយៗ​ទាំង​កំពុង​ដេក​លើ​គ្រែ​ក្នុង​ទឹក​មុខ​ស្រងូត​ស្រ​ងាត់​នៅ​ខាង​ក្រោម​ផ្ទះ​ទាំង​មុខ​របួស​នៅ​ឈឺ​ចុក​ចាប់​ ខណៈ​ជើង​ខាង​ស្តាំ​ត្រូវ​បាន​កាត់​ផ្តាច់​ត្រឹម​ក្រោម​ក្បាល​ជង្គង់ ​រួច​ដាក់​គងនៅ​លើខ្នើយ ​ហើយ​ជើង​ម្ខាង​ទៀត​ ត្រូវ​បាន​គ្រូ​ពេទ្យ​ដាក់​ដែក​អប​ដែល​សូម្បីតែ​កម្រើក​ប្រែខ្លួន​ក៏​សឹងមិន​បាន​ផង​នោះ​ យុវជន​សំណាង​បាន​រៀប​រាប់​ថា ឪពុកម្តា​យ​របស់គេ​ជា​កសិករ​ក្រីក្រ ​ដូច្នេះ​ទើប​រូបគេបាន​សម្រេច​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៥ ហើយ​បាន​ទៅ​ស៊ី​ឈ្នួល​ធ្វើជា​កម្មករ​បាញ់​ថ្នាំ​លាប​ឈើ​ឱ្យគេ​ជាមួយ​ឪពុក​ ដោយរំ​ពឹងថា​ ប្រាក់​ឈ្នួល​បន្តិច​បន្តួច​ដែល​បាន​ពី​ការងារ​នេះ​នឹង​អាច​ជួយ​សម្រាល​បន្ទុក​នៅ​ក្នុង​គ្រួសារ​បាន​មួយ​ផ្នែក​។ ក៏ប៉ុន្តែ​ជា​អ​កុស​ល​ រូបគេ​បែរជា​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាលពី​ខែ​ឧសភា ឆ្នាំ ២០២២​ នេះ ​ដែល​ធ្វើ​ឱ្យ​ក្តី​រំពឹង​ថា​នឹង​បាន​ជួយ​ឪពុក​ម្តាយ​នោះ​ត្រូវ​លាយ​បាត់​អស់​ទៅ​វិញ​។

សំណាង​បាន​រំឭក​ពីហេតុ​ការណ៍​នោះ​ ខណៈ​កំពុង​ដេក​នៅលើ​គ្រែ​ថា៖ ​«នៅថ្ងៃ​នោះ​ខ្ញុំ​ជិះ​លើ​រទេះ​ដឹកឈើ​ជាមួយ​ឪពុក​ខ្ញុំ​ហើយ​ខ្ញុំ​ជិះ​នៅ​ខាង​មុខ​អែប​អ្នក​បើក​ម៉ូតូ។ ពេល​បុក​ខ្ញុំ​សន្លប់​បាត់​ទៅ​ហើយ។ពេល​ខ្ញុំ​ដឹងខ្លួន​ខ្ញុំ​ស្លុត​អស់​ស្មារតី​ក្នុង​ខ្លួន ព្រោះ​តែ​ខ្ញុំ​ត្រូវ​បាត់​បង់​ជើង​ម្ខាង​ហើយ​ជើង​ម្ខាង​ទៀត​ក៏​មិន​ទាន់​ដឹងថា​យ៉ាង​ម៉េច​ដែរ។ខ្ញុំ​ត្រូវ​ក្លាយ​ជា​ជន​ពិការ​ទាំង​វ័យ​ក្មេង​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ»​។

អ្នក​ស្រី ម៉ុក ភាន់ ក្នុង​វ័យ​ ៤៧ ​ឆ្នាំ ត្រូវជា​ម្តាយ​របស់​យុវ​ជន​សំណាង​បាន​ថ្លែង​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ និង​សោក​ស្តាយ​ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ប្តី​របស់​គាត់​ ​ក៏ត្រូវ​របួស​ធ្ងន់​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​របួស​ក្រំក្នុង​ ហើយក៏​កំពុង​សម្រាក​ព្យា​បាល​នៅផ្ទះ​ដែរ។តែ​អ្វី​ដែល​ធ្វើឱ្យ​អ្នកស្រី​ត្រូវ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​ក្នុង​គ្រួសារ​នោះ​គឺ​ការ​ជំពាក់​បំណុល​នៅ​គ្រឹះ​ស្ថាន​មេក្រូ​ហិរញ្ញ​វត្ថុ​ដល់​ទៅ ​២ ​ស្ថា​ប័ន​ដែល​សរុប​ ៥ ៥០០ ​ដុល្លារ​។

ដូច្នេះ​អ្នក​ស្រី​គ្មាន​អ្នក​រក​ប្រាក់​សម្រាប់​ដោះ​បំណុល​គេ​ទេ។​ ចំណែក​ថ្លៃ​ព្យា​បាល​កូន​ប្រុស​ និង​ប្តី​ គឺ​អ្នកស្រី​បាន​ចំណាយ​ប្រាក់​អស់​ ២​ ពាន់​ដុល្លារ​ហើយ ​តែ​ក៏​ថៅ​កែ​រោង​ឈើ​ជួយ​ថ្លៃ​ព្យា​បាល​បាន ​២​ លាន​រៀល​ដែរ​។

អ្នក​ស្រី​ត្អួ​ញ​ត្អែរថា​៖ «ខ្ញុំ​អាង​កូន​ និង​ប្តី​ ជា​អ្នករក​ប្រាក់​ដើម្បី​ដោះ​បំណុល​គេ​ តែ​ឥឡូវនេះ​ទុក្ខ​ជាន់​លើ​ទុក្ខ​ងាក​ទៅ​កូន ​និង​ប្តី​ កំពុង​ដេក​ឈឺ​ ងាក​ទៅ​បំណុល​គេ​អត់​មាន​ប្រាក់​សង។​ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​ផ្សេង​ខ្ញុំ​មិន​សោក​ស្តាយ​ខ្លាំង​ទេ​ តែ​នេះ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខ្ញុំ​តូច​ចិត្ត​បំផុត​ណាស់»​។

អ្នកស្រី​បន្ត​ថា៖ «កូន​ប្រុស​ខ្ញុំ​ត្រូវ​ពិការ​ជើង​ទាំង​វ័យ​ក្មេង ​និង​អស់​អនា​គត​ ហើយ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា ​ជើង​ម្ខាង​ទៀត​ដែល​គ្រូពេទ្យ​មិន​បាន​កាត់​នោះ​នឹង​មាន​សភាព​នៅ​ល្អ​ដូច​ដើម​ឬ​យ៉ាង​ណា​ទេ ​ព្រោះ​ត្រូវ​ដាក់​ដែក​អប​ឆ្អឹង​ផង​នោះ​»។

ដោយ​មាន​ស្នាម​របួស​ផ្លូវ​ចិត្ត​បែប​នេះ ​អ្នក​ស្រី ម៉ុក ភាន់ ​បាន​លើក​ឡើង​ថា ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នេះ​អ្នក​ស្រី​មាន​ការ​ខ្លាច​រអា​ខ្លាំង​ណាស់​ ព្រោះ​អ្នក​ប្រើ​ប្រាស់​យាន​យន្ត​ឬ​អ្នក​បើក​បរ​យាន​យន្ត​មិន​បាន​គោរព​ច្បាប់​ចរា​ចរណ៍​ទេ។​​អ្នក​ប្រើ​ប្រាស់​ផ្លូវថ្នល់​ភាគ​ច្រើន​ តែង​តែ​បើកបរ​បំពាន​សិទ្ធិ​លើ​អ្នក​ម្ខាង​ទៀតដោយមិន​គិតពី​សុវត្ថិ​ភាព​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាមួយទេ​ គេ​គិតតែ​បើក​វ៉ា​ជែង​ធ្វើយ៉ាង​ណា​ឱ្យតែ​ខ្លួន​បាន​ទៅ​មុន ​ដែល​ជា​ការបំពាន​លើកា​រធ្វើ​ចរា​ចរណ៍​ ហើយ​មាន​ខ្លះរហូត​ដល់​ស្លាប់​ខ្លួន​ទៀត​ផង​ក៏មាន​។

បើតាម​អ្នកស្រី សំណូម​ពរ​ទៅដល់​អ្នកធ្វើដំណើរ​ទាំង​អស់​គួរតែ​ពិចារណា​នៅពេល​ខ្លួន​កំពុង​បើកបរ​ឬ​ពេល​កំពុង​បញ្ជា​យានយន្ត​ ដោយ​ត្រូវ​ចេះ​គិតពី​បញ្ហា​គ្រោះថ្នាក់​ បើ​មិនគិតដល់​ខ្លួ​ង​ឯង​ទេ​ក៏​គួរ​គិតដល់​អ្នកដទៃ​ផង។ បើ​យើង​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​ហើយ ​គឺ​ត្រូវតែ​ខាតបង់​ ទាំង​ពេលវេលា​ ទាំង​ថ​វិកានិង​អាយុ​ជីវិត​ ហើយ​ថែម​ទាំង​ធ្វើឱ្យ​សាច់​ញាតិ​បង​ប្អូន​ឪពុក​ម្តាយ​ត្រូវ​រង​ទុក្ខ​អស់​ ១ ជីវិត​ទៀត។

ពាក់ព័ន្ធ​រឿង​រ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​លោក ​គឹម​ បញ្ញា ​នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ​មិថុនា ឆ្នាំ ២០២២ ​ថា បញ្ហា​គ្រោះ​ថ្នាក់​ចរាច​រណ៍​នេះ​ ​ឃើញ​មាន​រូប​ភាព​សា​ហាវ​ៗ គួរឱ្យ​បា​រម្ភ​ ហើយ​បើតា​ម​លោក​សង្កេត​ បញ្ហា​នេះ គឺ​បណ្តាល​មកពីកត្តាធំៗ​ចំនួន ​៤។ ទី១- មកពី​​កត្តា​មនុស្ស​ ទី២- កត្តា​ផ្លូវថ្នល់ ទី៣- កត្តា​យាន​យន្ត និង​ទី៤​- កត្តាផ្សេ​ងៗទៀត។ លោក​បាន​ចោទ​សួរថា ​ហេតុអ្វី​បាន​ជា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅតែ​កើត​មាន​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន?​ រីឯ​រូប​ភាព​នៃ​គ្រោះ​ថ្នាក់​​ក៏​កាន់តែ​សា​ហាវ​ថែម​ទៀត​។​

លោក​បន្ត​ថា នៅ​​កម្ពុជា​ចំនួន​យាន​យន្ត​ចុះ​បញ្ជី​ក្នុង​ ១ ឆ្នាំៗ ​គឺ​មាន​ច្រើន​ណាស់​ដែល​ប្រហែល​ ៥ សែន​គ្រឿង ​ក្នុងនោះ​ច្រើន​ជាង​គេ​ គឺ​ម៉ូតូ។​ បើតាម​ច្បាប់​ចរាច​រណ៍​ផ្លូវគោក ​គឺ​មិនបាន​ចែង​ថាម៉ូតូ​ដែលមាន​ទំហំ​ស៊ីឡាំង​ ១២៥ សេ​សេ​ចុះមក​ក្រោម​តម្រូវឱ្យ​មាន​បណ្ណ​បើក​បរ​ទេ។ ដូច្នេះ​អ្នកខ្លះ​ចង់​ជិះ​ម៉ូតូ​គាត់​គ្រាន់​តែ​រៀន​ពី​បងប្អូន​សាច់​ញាតិ​មិត្ត​ភក្តិ​ក៏​អាច​បើក​បរ​ម៉ូតូ​បាន​ហើយ។ប៉ុន្តែ​សា​មី​ខ្លួន​គាត់​មិន​បាន​យល់ដឹង​ថាតើ​ត្រូវ​ដោះស្រា​យ​បញ្ហា​​បែប​ណាទេ​ នៅ​ពេល​កំពុង​បើក​បរ​​ដែល​ប្រកា​រនេះ​គឺ​ងាយ​ជួប​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ចរាចណ៍​យ៉ាង​ខ្លាំង​ណាស់​​។

លោក​បន្ត​ទៀត​ថា ក្រៅពី​មាន​កំណើន​យាន​យន្ត​ គឺលំហូរ​ចរាច​រណ៍​ក៏​កាន់​តែមាន​ចំនួន​ច្រើន​ដែរ​ដូច​ជា ​មកពី​ភ្ញៀវ​ទេសចរ​ មកពី​ពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន ​ហើយ​ផ្លូវ​ក៏​ធ្វើ​កាន់តែ​ល្អ​ទៀតក៏​ធ្វើឱ្យ​អ្នកបើក​បរ​មានលទ្ធភាព​បញ្ជា​យានយន្ត​បាន​កាន់តែ​លឿន។ទាំងនេះ​ក៏​ជាការ​រួម​ចំណែក​​ធ្វើឱ្យ​គ្រោះ​ថ្នាក់​នៅតែ​មាន​តួ​លេខ​ខ្ពស់​ដែរ ។ល។

លោក​បញ្ជាក់​ថា តា​មតួ​លេខ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ឃើញថា ​ការប្រើ​ប្រាស់​ល្បឿន​មាន​ការ​ថយ​ចុះ​ពី​ជាង​៤០​ភាគ​រយ​មកជា​ង៣០​ភាគរយ​ បន្ទាប់​ពីមា​នការដា​ក់ឧបក​រណ៍​ចាប់​ល្បើន​តាម​ផ្លូ​វខ្លះ ​ខណៈ​​តួលេខ​ក្រសួង​សុខាភិ​បាល​បង្ហាញ​ថា​ គ្រោះ​ថ្នាក់​ចរាច​រណ៍​ពីការ​ស្រវឹង​មាន​ ៦ ទៅ​ ៧ ភាគ​រយ​​ឬក៏​ទាប​ជាង​នេះ ​ដោយ​អ្នក​បើក​បរ​មិន​គោរព​សិទ្ធិ​អាទិ​ភាព​គ្នា។ដូចជា​ផ្លូវលំ​បើក​ចូលមក​ផ្លូវធំ​ ហើយ​នៅពេល​រថយន្ត​បើក​តាម​ល្បឿន​របស់គេ​មក​ក៏​ប៉ះ ​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ ព្រោះតែ​មិន​គោរព​សិទ្ធិ​អាទិ​ភាព​ ឬមិន​ប្រកាន់​ស្តាំ​នេះ​ឯង។

មួយ​វិញទៀត​ គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​លោក​មើល​ឃើញ​ គឺ​បាន​ផ្លាស់​ប្តូរ​មក​កើត​ច្រើននៅ​ពេល​យប់​វិញ ​ដែល​ទាក់​ទង​នឹង​វិធាន​ការ​របស់​សមត្ថ​កិច្ច។ពេល​យប់​យើង​មិន​មាន​ការ​អនុវត្ត​ច្រើន​ដូច​ពេល​ថ្ងៃ​ទេ។​អ៊ីចឹង​អ្នក​បើក​បរ​បើក​ល្បឿនលឿន​តាម​ចិត្ត​ ដែល​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍កើត​​មាន​ច្រើន​ ហើយ​រូបភាព​សា​ហាវៗ​ទៀត​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​សង្គម​ស៊ីវិល​យើង​ជំរុញ​ទឹក​ចិត្ត​ឱ្យតាម​ស្ថា​ប័នដាក់​ការ​អនុវត្ត​ច្បាប់​ជា​អាទិភាព។ ប្រ​ទេស​ណាក៏​ដោយ​ដែលមាន​ការ​អនុវត្ត​ច្បាប់​ជា​អាទិភាព​ មានការ​រឹត​បន្តឹង​ឱ្យបាន​ជាប់​លាប់​ ឱ្យបាន​ម៉ឹងម៉ាត់​ ហើយ​មាន​តម្លា​ភាព​គឺ​ប្រទេស​នោះ​នឹង​រក​ឃើញ​អ្នក​ស្លាប់​ និង​រងរបួស​ថយ​ចុះ​ជាក់​ស្តែងដូច​នៅ​កម្ពុជា​យើង​តែ​ម្តង»​។

បើតាម​លោក បញ្ញា ​ពាក់​ព័ន្ធ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ស្តីពី​ច្បាប់​ចរា​ចរណ៍​វិញ គឺ​បា​នប​ញ្ជ្រាប​តាំងពី​ថ្នាក់​ទី១​ ដល់​ថ្នាក់​ទី៤​ ខណៈ​នៅ​តាម​សហ​គមន៍​ មានកម្ម​វិធី​ផ្សព្វ​ផ្សាយ​ តាម​ទូរទស្សន៍​ តាម​វិទ្យុនិង​មាន​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​រៀងរាល់​ថ្ងៃ​ព្រហ​ស្បតិ៍។ លោក​គិតថា​ មានតែ​កម្ពុជា​ទេ​ ដែល​មាន​កម្មវិធី​បែបនេះ​នៅក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នេះ។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​មិនសូវ​ចូល​ចិត្ត​ចង់​ចេះ ​ចង់​ដឹង​ទេ​ ទាល់តែ​គាត់​មាន​បញ្ហា​ទើប​គាត់​រៀន​យល់​រៀន​ដឹង​អំពី​ច្បាប់​។

លោក​បញ្ជាក់​ថា៖ ​«បច្ចុប្បន្ន​នេះ​ខាង​អង្គ​ការ​ខ្ញុំ​កំពុ​ងធ្វើការ​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នៅ​តាម​រោង​ចក្រ​សហ​គ្រាស​ជា​មួយ​នឹង​កម្មករ​រាប់​សែន​នាក់។​ ក្រៅពី​នេះ​ជា​មួយ​សិស្ស​និស្សិត​នៅ​តាម​សាកល​វិទ្យា​ល័យ​ និង​គ្រឹះស្ថានសិក្សា។ជា​ទស្សនៈ​របស់ខ្ញុំ​ យើង​ទាម​ទារ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​នេះ​យូរ​អង្វែង​»។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស​ ខេង រដ្ឋមន្ត្រី ក្រសួង​មហា​ផ្ទៃនិង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​សុវត្ថិ​ភាពចរា​ចរណ៍​ផ្លូវ​គោក​ធ្លាប់​បាន​សរសេរ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពីចុង​ខែមីនា​ ឆ្នាំ​ ២០២២​ ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​យូរ​អង្វែង​។ រាល់​ថ្ងៃ​ចំនួន​អ្នក​ស្លាប់​ជាមធ្យម​នៅតែមា​នចំនួន​ ៥​ នាក់ និង​របួស​ ១០​ នាក់​ និង​កំពុង​កើន​ឡើង​ជា​ថ្មី​ទៀត​នៅ​ត្រីមាស​ទី១ ​ឆ្នាំ​ ២០២២​ នេះ ខណៈ​គ្រោះថ្នាក់​សង្គមផ្សេង​ទៀត​ដូចជា​ គ្រាប់​មីន ជំងឺ​អេដស៍ ​ឬជំងឺ​កូវីដ​ ១៩ ​កំពុង​ថយ​ចុះ​យ៉ាង​ខ្លាំង​។

លោក​ថ្លែង​ថា៖ «សូមអំពាវ​នាវ​ជាថ្មី​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំង​អស់​មេត្តា​បន្ត​ចូល​រួមគោរព​ច្បាប់​ស្តីពី​ចរាច​រណ៍ ផ្លូវ​គោក​ និង​ប្រកាន់​នូវ​សីល​ធម៌​យោគ​យល់ ​អា​ធ្យា​ស្រ័យ ក្នុង​ការ​បើក​បរ​»៕