
មន្ត្រីបរិស្ថានចូលរួមសិក្ខាសាលា ពីការគ្រប់គ្រងទិន្នន័យ SMART និង SMART Connect។ រូបថត WCS
មណ្ឌលគិរីៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ជាក់ ម៉េង ហ៊ាង បានអះអាងថា អាជ្ញាធរខេត្តមណ្ឌលគិរីនឹងចាត់វិធានការ បន្ទាន់ពេលឃើញមានការបំផ្លាញធនធានធម្មជាតិ តាមរយៈទិន្នន័យ SMART និង SMART Connect ដែលអនុវត្តដោយមន្ត្រីបរិស្ថាន។
ថ្លែងនៅថ្ងៃទី ២២ ខែមិថុនាថា លោក ជាក់ ម៉េងហ៊ាង អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋខេត្តមណ្ឌលគិរីប្រាប់ថា ការគ្រប់គ្រងទិន្នន័យ SMART និង SMART Connect គឺងាយស្រួលក្នុងការធ្វើការការពិនិត្យចាត់វិធានការបានលឿនរហ័ស ហើយច្បាស់លាស់តាមរយៈមន្ត្រីជំនាញបរិស្ថានចុះស្រង់ទិន្នន័យ នៃការទន្ទ្រានដីព្រៃ និងការដាក់អន្ទាក់ បញ្ជូលក្នុងប្រព័ន្ធមេមួយ ដែលមាននិយាមការច្បាស់លាស់។
លោកបានឲ្យដឹងថា តាមរយៈការគ្រប់គ្រងទិន្នន័យនេះនឹងមានគុណប្រយោជន៍ល្អមួយ ព្រមទាំងមានវឌ្ឍនភាពនៅផ្នែកដែនអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី។ មានន័យថា ការធ្វើការនឹងមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត។
លោកបញ្ជាក់ថា ជាផែនការនៅពេលឃើញមានការប្រព្រឹត្តបទល្មើសនៃការកាប់រានទន្ទ្រាន ឬដាក់អន្ទាក់ចាប់សត្វ បំផ្លាញជីវៈចម្រុះផ្សេងនោះ រដ្ឋបាលខេត្តនឹងចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយ។
លោកថ្លែងថា៖ «កម្មវិធីហ្នឹងវាមានប្រសិទ្ធភាពឆ្លុះបញ្ជាំងត្រង់ថា កាលណាឃើញសកម្មភាពបំផ្លិចបំផ្លាញ ឬមួយសកម្មភាពល្មើសច្រើន អាហ្នឹងជាគំនិតមួយឲ្យយើងរកវិធានការទប់ស្កាត់។ ឧទាហរណ៍ថា ក្នុងខែណាមួយមានការទន្ទ្រានខ្លាំង មានការដាក់អន្ទាក់ច្រើនពីសំណាក់អ្នកខិលខូចគឺយើងត្រូវរកវិធានការទៅទប់ស្កាត់នៅចំណុចហ្នឹងតែម្តង»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគរីថ្លែងនៅថ្ងៃទី ២២ ខែមិថុនាថា កម្មវិធីគ្រប់គ្រងទិន្នន័យ SMART និង SMART Connect នេះមានសារសំខាន់សម្រាប់ការងារគ្រប់គ្រងទិន្នន័យ សកម្មភាពការងាររបស់មន្ត្រី លទ្ធផលការងារប្រចាំខែ ប្រចាំឆ្នាំ និងការកត់ត្រាទុកនូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាចំនួនសត្វព្រៃផ្សេងៗធ្វើឲ្យមន្ត្រីបរិស្ថានដឹងពីចំនួនបទល្មើសជាក់លាក់។
លោកប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា បច្ចុប្បន្នសមត្ថភាពមន្ត្រីបរិស្ថាននៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការសិក្សារៀនសូត្របន្ថែម ដើម្បីអាចកាន់ការគ្រប់គ្រងទិន្នន័យទាំងនោះបានដោយរលូន។ ជាក់ស្តែងនៅថ្ងៃទី ២១ ខែមិថុនានេះ នៅក្រុងសែនមនោរម្យ អង្គការ WCS សហការជាមួយនិងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រថវិកាពីគម្រោង CAMPAS បានរៀប ចំសិក្ខាសាលាស្តីពី «ការគ្រប់គ្រងទិន្នន័យ SMART និង SMART Connect» ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តកម្មវិធី SMART និង SMART Connect នៅតាមតំបន់គោលដៅដែលអង្គការ WCS កំពុងគាំទ្រគម្រោងអភិរក្ស។
លោកថ្លែងថា៖ «ដោយសារចំនួនបុគ្គលិកយើងមានចំនួនតិច អ៊ីចឹងយើងទាមទារប្រើបច្ចេកវិទ្យាឲ្យបានច្រើន ដើម្បីការងារគ្រប់គ្រង។ បច្ចុប្បន្នមន្ត្រីយើង ៩០ នាក់ ផ្ទៃដីជាង ១ លានហិកតាឯនោះ យើងមិនងាយគ្រប់គ្រងទេ ប៉ុន្តែទោះមន្ត្រីយើងតិច ក៏នៅមានតំបន់ការពារធម្មជាតិដែលមានគណៈកម្មការសហគមន៍ មានក្រុមល្បាតរបស់គាត់ជួយការងារល្បាតរបស់យើង»។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជាបានឲ្យដឹងនៅថ្ងៃទី ២២ ខែមិថុនាថា SMART ជាឧបករណ៍មួយដែលត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រដល់ការត្រួតពិនិត្យ រាយការណ៍ វាស់វែង វាយតម្លៃ និងកែលម្អប្រសិទ្ធិភាពនៃការល្បាត។ ចំណែក SMART Connect គឺជាកម្មវិធីជំនួយមួយរបស់ SMART ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការរក្សាទុក និងគ្រប់គ្រងទិន្នន័យនៅលើមូលដ្ឋាននៃបណ្តាយគេហទំព័រ (Web)។
អ្នកប្រើប្រាស់ SMART Connect អាចធ្វើការ Upload ទិន្នន័យរបស់ SMART Desktop database ទៅកាន់មូលដ្ឋានទិន្នន័យថ្នាក់កណ្តាល (Central Database) រួមបញ្ចូលនូវធាតុទាំងអស់ ដូចជាទិន្នន័យល្បាត ចំណោទវិភាគ របាយការណ៍ និងប៉ារ៉ាម៉ែត្រផ្សេងទៀត។ ជាងនេះទៅទៀត ក្រុមការងារក៏ដូចជាអ្នកប្រើប្រាស់អាចធ្វើការបែងចែកការងាររៀងៗខ្លួននៅលើ Database តែមួយ ហើយកិច្ចការទាំងអស់នោះនឹងធ្វើបច្ចុប្បន្នភាពទៅកាន់ម៉ាស៊ីនមេ ដែលធានាថាអ្នកប្រើប្រាស់ទាំងនោះកំពុងធ្វើការលើកំណែចុងក្រោយបង្អស់នៃ Database។
លោកបញ្ជាក់ថា៖ «វិធីសាស្ត្រ SMART គឺជាទម្រង់នៃការគ្រប់គ្រងដែលមានភាពបត់បែន ដែលជាវិធីសាស្ត្រចងជាប្រព័ន្ធសម្រាប់ពង្រឹងដល់ការគ្រប់គ្រងធនធាន តាមរយៈការសិក្សាពីលទ្ធផលនៃការគ្រប់គ្រង។ ការគ្រប់គ្រងបត់បែនតាមវិធីសាស្ត្រនេះមានទំនាក់ទំនងជាមួយការរៀបចំផែនការ ការអនុវត្តសកម្មភាពលើផែនការ វាស់វែងពីផលប៉ះពាល់ទៅលើផែនការ»។
លោកបញ្ជាក់ថា ឧបករណ៍នេះត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រដល់ អ្នកគ្រប់គ្រងក្នុងការវាយតម្លៃទៅលើវិសាលភាពនៃការអនុវត្តការងាររបស់ក្រុមល្បាតរៀបចំផែនការល្បាតវាយតម្លៃទៅលើផែនការល្បាតកំណត់ទីតាំងជាក់លាក់អំពីព័ត៌មាននៃការអង្កេតផ្សេងៗ ទាក់ទងទៅនឹងកត្តាគំរាមគំហែង រក្សាទុក និងគ្រប់គ្រងទិន្នន័យប្រកបដោយរបៀបរៀបរយ។ ជាងនេះទៅទៀត SMART ជាកម្មវិធីមួយដែលអាចកំណត់ពីទីតាំងដែលកើតមានបទល្មើស និងការអង្កេតផ្សេងៗបានយ៉ាងច្បាស់លាស់រួមជាមួយនឹងព័ត៌មានដ៏លម្អិតផងដែរ៕