​ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី​ ២២ ខែមិថុនា​នេះ​ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​កិច្ចព្រមព្រៀង (MoU) ជាមួយ​អង្គការ​ចំនួន ១២ ដើម្បី​ជួយ​ក្នុង​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដោយ​ផ្តោត​សំខាន់​លើ កុមារ​រងគ្រោះ ងាយ​រងគ្រោះ និង​ជនពិការ​នៅ​កម្ពុជា​រយៈពេល ៣ ឆ្នាំ​ ក្រោម​ថវិការ​អនុវត្ត​គម្រោង​សរុប ៦ ៤៩៩ ៦០៧ ដុល្លារ​សហរដ្ឋអាមេរិក​។

ពិធី​ចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​នាពេលនេះ​បានរៀបចំ​ឡើង​នា​ថ្ងៃទី​ ២២ ខែ មិថុនា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អង្គការ​ទាំង ១២ រួម​នឹង​មន្ត្រីរាជការ​ពាក់ព័ន្ធរ​បស់​ក្រសួង​សង្គមកិច្ច​ជាច្រើនរូប​ទៀត​។​

លោក តូច ចាន់នី ថ្លែង​ក្នុង​ពិធី​នេះ​ថា ការចូល​រួមសហការ​របស់​អង្គការ​ដៃគូ ពិតជា​សំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​។​

លោក​បាន​ស្នើឱ្យ​ក្រុមការងារ​ក្រសួង មន្ទីរ​សង្គមកិច្ច​នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​អង្គការ ដែល​សហការ នាពេលនេះ​រួមគ្នា ដើម្បី​ធ្វើ​ការងារ ដោយ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើបាន​។

លោក​ថ្លែងថា​៖ «​សម្រាប់​ក្រសួង សង្គមកិច្ច វិញ​នៅតែ​ស្វាគមន៍​ជានិច្ច​ជាមួយ ដៃគូ​ពាក់ព័ន្ធ និង​អង្គការ​នានា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា​ឱ្យមាន​ជីវភាព និង​ជីវិត​រស់នៅ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​»​។​

លោក​បញ្ជាក់ថា អង្គការ​ទាំង ១២ នេះ មាន​សុពលភាព​នៃ​កិច្ចព្រមព្រៀង​គម្រោង​ជាមួយ​ក្រសួង​សង្គមកិច្ច មាន​រយៈពេល ៣ ឆ្នាំ ដែលមាន​ថវិការ​អនុវត្ត​គម្រោង​សរុប ៦ ៤៩៩ ៦០៧ ដុល្លារ​សហរដ្ឋអាមេរិក ដែល​ថវិកា​ទាំងនេះ​មិនមែនជា​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​ទេ ប៉ុន្ដែ​ជា​ថវិកា​របស់​អង្គការ​ទាំងអស់នេះ ដែល​ទទួលបាន​តាមរ​យៈ​គម្រោង​ស្នើសុំ​របស់ខ្លួន​។​

លោក​បានឱ្យដឹងថា អង្គការ​ទាំងនោះ​រួមមាន ១ អង្គការ Save the Children ២ សមាគម​អភិវឌ្ឍន៍​បច្ចេកទេស​យុវវ័យ​ខ្មែរ ៣ អង្គការ ទីកន្លែង អាស៊ី​ហ្សា ៤ អង្គការ ទាំងអស់គ្នា​ដើម្បី​កម្ពុជា ៥ អង្គការ Project Change International ៦ អង្គការ កុមារ​ពិភពលោក ៧ អង្គការ​ដើម្បី​អនាគត​កុមារ​ជនបទ ៨ អង្គការ​ហ៊ី​ស​ឆាល​អន្ដរជាតិ ៩ អង្គការ ក្រុម​ជុំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា ១០ អង្គការ​បេសកកម្ម ស៊ីន​ដ សម្រាប់​កម្ពុជា ១១ អង្គការ​ជី​បូ​ឌា មិត្ត​កុមារ​កម្ពុជា ១២ អង្គការ អូ​អាយ​ស៊ី​កម្ពុជា ​(OIC)​។​

បើតាម​ក្រសួង​សង្គមកិច្ច អង្គការ​ទាំង ១២ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច​នាពេលនេះ​សុទ្ធសឹងតែ​ជា​អង្គ​ការដែល​បាន​ចូលរួមចំណែក​ជួយ​ដល់​កុមារ​រងគ្រោះ ងាយ​រងគ្រោះ និង​ជនពិការ​ក្រីក្រ​នៅតាម​សហគម​។​

ក្រសួង​បានឱ្យដឹងថា អង្គការ​ទាំង ១២ នេះ នឹង​អនុវត្ដ​សកម្មភាព​ផ្សេងៗ ទៅតាម​គម្រោង និង​តំបន់​របស់ខ្លួន ក្នុងនោះ​មាន​អង្គការ​មួយចំនួន​នឹង​ជួយ​កុមា​រលើ​ការផ្ដល់​អាហារ​ប្រចាំថ្ងៃ​នៅ​មណ្ឌល​សហគមន៍ និង​ជួយ​ដល់​កុមារ​រងគ្រោះ ងាយ​រងគ្រោះ និង​ជនពិការ​នៅ​កម្ពុជា ឱ្យទទួល​បានការ​សិក្សា និង​សម្ភារ​សិក្សា​ផងដែរ​។

លោក តូច ចាន់នី បានឱ្យដឹងថា បច្ចុប្បន្ន​ក្រសួង​សង្គម​កច្ច​មិនទាន់មាន​ទិន្នន័យ​សរុប កុមារ​រងគ្រោះ ងាយ​រងគ្រោះ នៅ​ទូទាំងប្រទេស​នៅឡើយ​ទេ ប៉ុន្ដែ​ក្រសួង​មាន​ទិន្នន័យ​ដែល​កុមារ​កំពុងស្នាក់នៅ​មណ្ឌលកុមារ​ក្រោម​ការ​មើលថែ​របស់​ក្រសួង សង្គមកិច្ច និង អង្គការ​ផ្នែក​គាំពារ​កុមារ​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​មកដល់ពេលនេះ​មណ្ឌល​ថែទាំ​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ នៅ​ទូទាំងប្រទេស​មានការ​ថយចុះ​ច្រើន​កាលពី ២-៣ ឆ្នាំមុន មណ្ឌល​ថែទាំ​កុមារ​មាន​រហូតដល់​ជាង ៤០០ មណ្ឌល​នៅ​ទូទាំងប្រទេស ប៉ុន្ដែ​បច្ចុប្បន្ន​ទូទាំងប្រទេស​មានតែ​ជាង ១៩០ មណ្ឌល​ទេ ​ក្នុងនោះ​មណ្ឌល​របស់​រដ្ឋ​មាន​ចំនួន ២១ និង​មាន​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ប្រមាណ ៨ ពាន់​នាក់​»៕