ភ្នំពេញៈ​រដ្ឋមន្រ្ដី​ក្រសួង​យុត្ដិ​ធម៌ លោក កើត រិទ្ធ បាន​ផ្តល់​អនុសា​សន៍ និង​ស្នើ​ឱ្យអង្គ​ការ​សហ​ប្រជា​ជាតិ​សម្រាប់​ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម និង​ការ​ប្រព្រឹត្ត​ចំពោះជ​នល្មើស (UNAFEI) ពិនិត្យ​លទ្ធ​ភាព​ជួយ​ដល់​កម្ពុជា​លើ​អាទិ​ភាព​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​កម្ពុជាក្នុង​នោះ​មាន​ការ​បណ្តុះ​បណ្តាល​និង​ការ​ពង្រឹង​សមត្ថ​ភាព​ដល់​មន្ត្រី​អនុ​វត្ត​ច្បាប់​ជាដើម​។

លោក​ កើត ​រិទ្ធ បាន​លើក​ឡើង​បែប​នេះ ក្នុង​ពេល​ជួប​ពិភាក្សា​ជា​មួយ កញ្ញា IRIE JUNKO អនុ​ប្រធាន​វិទ្យា​ស្ថាន​អាស៊ី​និង​ចុង​បូព៌ា​របស់​អង្គ​ការសហ​ប្រជា​ជាតិ​សម្រាប់​ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ និង​ការ​ប្រ​ព្រឹត្ត​​ចំពោះ​ជន​ល្មើស​(UNAFEI)ពេល​ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភា​ក្សាកា​រ​ងារ​នៅ​ទីស្តី​ការ​ក្រសួង​យុត្តិ​ធម៌​ កាលពីថ្ងៃទី​ ២១​ ខែមិថុនា​។

បើតាម​ក្រសួង​យុត្ដិ​ធម៌ កិច្ច​ពិភាក្សា​នៅ​ក្នុង​ជំនួប​នេះ ភាគី​ទាំង​២ បាន​ផ្តោត​សំខាន់​លើការងារ​មួយ​ចំនួន រួម​មានការងារ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ទោស​ ការងារ​សហ​គមន៍នៅ​កម្ពុជា និង​ការ​ពង្រី​ក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រសួ​ង​យុត្តិ​ធម៌​ជា​មួយ​នឹង ​UNAFEI នា​ពេល​អនាគត​។

ក្រសួង​បាន​ឱ្យដឹង​ថា ក្នុង​ជំនួប​នេះ កញ្ញា IRIE JUNKO បាន​លើក​ឡើង​ឡើង​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ច្បាប់​ ក៏​ដូច​ជា​ បាន​ស្នើ​សុំ​អនុ​សាសន៍​ជា​គោល​ការណ៍​ពី​លោក​ កើត រិទ្ធ ពាក់​ព័ន្ធ​នឹង​ការ​អនុ​វត្ត​ទោស​ ការងារ​សហ​​គមន៍​នៅ​កម្ពុជា។​ លោក​ កើត រិទ្ធ ឆ្លើយ​តប​ជូន​កញ្ញា IRIE JUNKO និង​គណៈ​ប្រតិភូ ​UNAFEI អំពី​បញ្ហា​​ប្រឈម​ជាក់​ស្តែង​មួយ​ចំនួន​របស់​សង្គម​កម្ពុជា ក្នុង​ការ​អនុ​វត្ត​ទោស​ការងារ​សហ​គមន៍​ផង​ដែរ​។

«ឯកឧ​ត្ដម​រដ្ឋមន្រ្ដី​បាន​ផ្តល់​អនុ​សាសន៍​និង​ស្នើឱ្យUNAFEIពិនិត្យ​លទ្ធ​ភាព​ជួយ​ដល់​កម្ពុជា​លើ​អាទិ​ភាព​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្ម​ទណ្ឌ​កម្ពុជា ជាអាទិ៍​ ការបណ្តុះ​បណ្តាលនិង​ការ​ពង្រឹង​សមត្ថ​ភាព​ដល់​មន្ត្រី​អនុ​វត្ត​ច្បាប់​លើ​ជំនាញ​ឧក្រិដ្ឋ​វិទ្យា​ក៏ដូចជា​ជំនាញ​ធ្វើកោស​ល្យវិច័យ​លើភ័ស្តុតា​ងក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ»។ នេះ​បើ​តាម​ក្រសួង​យុត្ដិ​ធម៌​។

​ក្រសួង​យុត្ដិធ​ម៌បានឱ្យ​ដឹងថា​ បន្ទាប់​ពីជំនួប​សម្ដែង​ការ​គួរសម​នេះ ​ប្រតិភូ UNAFEI នឹង​បន្ត​ជួប​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​និង​​ក្រុម​ការងារ​បច្ចេក​ទេសរ​បស់​ក្រសួង​យុត្តិធម៌​ដើម្បី​ពិភាក្សា​លម្អិត​អំពីកិ​ច្ច​សហ​ប្រ​តិ​បត្តិ​ការ​ផ្នែក​ច្បាប់​ក្នុង​​វិស័យ​​ព្រហ្ម​ទណ្ឌ រវាង​ក្រសួង​យុត្តិ​ធម៌​ជា​មួយនឹ​ង U​NAFEI៕