ប៉ៃលិនៈ ក្រោយ​ពីបុគ្គ​លិក​នាំគ្នា​តវ៉ាទាម​ទារ​បើក​ប្រាក់​ខែ ដែល​បាន​អាក់​ខាន​ចំនួន​ ២​ ខែ​មក​ហើយ​នោះ បុរស​ជន​កូរ៉េ ២ ​នាក់ ដែ​ល​ជា​តំណាង​នៅ​ផ្នែក កាស៊ីណូ ឌឹហ្គដ អហ្វីល​ស៍ (The God of Wealth Casino) នៅ​ខេត្ត​ប៉ៃលិន បាន​ទូរ​ស័ព្ទ​ទៅ​កាន់​ស្ថាន​កុង​ស៊ុល​របស់​ខ្លួននៅ​ខេត្ត​សៀម​រាប​ ដោយ​បាន​ប្រឌិត​រឿង​ថា ពួក​គេ​ត្រូវ​បាន​គេ​ចាប់ «ជំរិត​ដើម្បី​ទារ​ប្រាក់» និង​បាន​ស្នើសុំ​ឱ្យ​ជួយ​អន្តរា​គមន៍ រំដោះ​ពួកគេ​ពីបន​ល្បែង​នោះ។

លោក​ សាញ់ ណាំ ស្នង​ការ​រង​នគរបាល​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ផ្នែក​អន្តោ​ប្រវេសន៍ បាន​ប្រាប់ ​ភ្នំ​ពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ ខែមិថុ​នាថា តំណាង​ស្ថាន​កុង​ស៊ុល​កូរ៉េ (ខាង​ត្បូង) ប្រចាំ​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃទី​ ២០ ខែ​មិថុ​នា បាន​ជូន​ព័ត៌មាន​មក​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃលិន ដោយ​ប្រាប់​ថា មាន​បុរស​ជនជាតិ​កូរ៉េ ២​ នាក់ រួម​មាន​ឈ្មោះ GOO MINCHEOL អាយុ​ ៣៥ ​ឆ្នាំ ជា​អ្នក​គ្រប់គ្រង​បន​ល្បែង​ឡូតូ និង​ម្នាក់​ទៀត​ឈ្មោះ KIM HYOJOONG អាយុ​ ៤៥ ​ឆ្នាំ ជា​អ្នក​គ្រប់​គ្រង​ផ្នែក IT នៃ​បន​ល្បែង​ឡូតូ ក្នុង​កាស៊ី​ណូ The God of Wealth Casino ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​គេចាប់​ជំរិត និង​បាន​ស្នើសុំ​កម្លាំង​សម​ត្ថកិច្ច ជួយ​អន្តរាគមន៍​ស្រាវ​ជ្រាវ​លើ​ករ​ណី​នេះ ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ។

លោក​ ណាំ បាន​បញ្ជាក់​ថា៖ «​ប៉ុន្តែ​វាជារឿង​ប្រឌិត ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល របស់​បុរស​ទាំង​២​នោះ ដើម្បី​គេច​វ៉េះ​ពីការ​ទទួ​ល​ខុស​ត្រូវ លើការ​បើក​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​របស់​ខ្លួន និង​ថ្លៃឈ្នួល​ផ្សេងទៀត​ ដល់​ម្ចាស់​ក្រុម​ហ៊ុន​កាស៊ី​ណូ។ យើង​បាន​រាយ​ការណ៍​អំពីករ​ណីនេះ ទៅខាង​តំណាង​ស្ថាន​កុង​ស៊ូល​កូរ៉េ ប្រចាំ​ខេត្ត​សៀម​រាប​វិញ​ផង​ដែរ​»។

បើ​តាម​លោក ណាំ នៅ​ពេល​កម្លាំង​សមត្ថ​កិច្ច ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណី​នោះ ពី​តំណាង​ស្ថាន​កុង​ស៊ុល​កូរ៉េ​ខាង​ត្បូង ប្រចាំ​ខេត្ត​សៀម​រាប កម្លាំង​ការិយា​ល័យ​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ស្រាវ​ជ្រាវ​ភ្លាមៗ​ដល់​ទីតាំង​កាស៊ីណូ​ខាង​លើ​នេះ ​ដែល​ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។ ជាលទ្ធ​ផល សមត្ថកិច្ច​រក​ឃើញ​ថា បុរស​ជន​ជាតិ​កូរ៉េ​ទាំង២​នាក់​នោះ មិនបាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​បុគ្គលិក​ស្ត្រីជាជន​ជាតិ​ខ្មែរ​ចំនួន ​១២ ​នាក់ ​ព្រម​ទាំង​ថ្លៃ​ជួល​ទីតាំង​ និង​សម្ភារ​បើក​បន​ល្បែង​ឡូតូ​ក្នុង​កាស៊ីណូនោះ​ចំនួន​ ២​ ខែ​មក​ហើយ​។

លោក​បាន​ថ្លែង​ថា​៖ «តាម​រយៈ​ការ​បំភ្លឺ​របស់​បុរស​ជន​ជាតិកូរ៉េ​ទាំង ​២ ​នាក់​នោះ ពួក​គេ គឺ​ជា​តំណាង​ឱ្យស្ត្រីជន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ RASSMEE SRIPUPA អាយុ ៥០ ​ឆ្នាំ ដែល​ជាម្ចាស់​បន​ល្បែង​ឡូតូ ក្នុង​កាស៊ី​ណូនោះ​ ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ»។

លោក​បន្ថែ​ម​ថា បន្ទាប់​ពី​បាន​ដឹងករ​ណី​នេះ​ច្បាស់​លាស់​ហើយ សមត្ថ​កិច្ច​នគរបា​ល​ជំនាញ​​ បាន​ធ្វើការ​អប់រំ​ណែ​នាំដល់​បុរស​ជន​ជាតិ​កូរ៉េ​ទាំង​ ២ ​នាក់នោះ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​សមកិច្ច​នគរ​បាល​កម្ពុជា ក្នុង​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ សុវត្ថិភាព​ ដល់​ពល​រដ្ឋ បុគ្គលិក​កម្មករ និយោ​ជក់ និងភ្ញៀវ​ជាតិ និងអន្តរ​ជាតិ ដែល​កំពុង​រស់​នៅ និងបម្រើការ​ងា​រនៅ​ក្នុង​ប្រទេស​កម្ពុជា​។

យ៉ាង​ណាក៏​ដោយ បុរសជន​ជាតិ​កូរ៉េ​ទាំង​ ២​ នាក់ បាន​ទទួល​កំហុស​របស់​ខ្លួន និង​សូម​អភ័យ​ទោស​ដល់​សមត្ថ​កិច្ច​នគរ​បាល​កម្ពុជា ហើយ​បាន​ផ្ដល់​កិច្ច​សហការ ដោយ​បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​ស្ត្រីជន​ជាតិ​ថៃ ដើម្បី​ចូល​មក​ដោះ​ស្រាយ​ប្រាក់​ឈ្នួល​ដល់បុគ្គិក​ជាស្ត្រី​កម្ពុជា​ ១២​ នាក់ និង​ថ្លៃ​ឈ្នួល​ផ្សេងៗ​ទៀត ដែល​នៅមិន​ទាន់​បាន​ទូទាត់​ដល់​ម្ចាស់កា​ស៊ីណូ The God of Wealth Casino នៅ​ខេត្តប៉ៃ​លិន​។

លោក ណាំ បាន​និយាយ​ថា៖ «​តាម​រយៈ​ការឆ្លើយ​ឆ្លង​តាម​ទូរស័​ព្ទ​ដៃ ស្ត្រីជ​នជាតិ​ថៃបាន​សន្យា​ថា​ និង​ចូល​មក​ប្រទេស​កម្ពុជា នៅចុ​ង​សប្ដាហ៍​នេះ ដើម្បី​បើក​លុយ​ដល់​បុគ្គលិក​ និង​ទូទាត់​​ថ្លៃឈ្នួល​ទីតាំង​បន​ល្បែង​រប​ស់​ខ្លួន​ក្នុង​កាស៊ី​ណូ The God of Wealth Casino ក្នុង​ខេត្តប៉ៃ​លិន​»៕