ព្រះសីហនុៈ អយ្យការ​អម​សាលា​ដំបូង​ខេត្តព្រះ​សីហនុ នៅ​ថ្ងៃទី ​២២ ខែមិថុនា កំពុង​សាកសួរ​​បុរស​ជាជន​​សង្ស័យ​ចំនួន ​​២០ នាក់​ ក្នុង​នោះ​ មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ផង ​បន្ទាប់ពី​កងរាជ​អាវុធហត្ថ​ចាប់​ខ្លួនបាន​ ៤ ថ្ងៃ​ ពាក់ព័ន្ធ​​ករណី​ជួញដូរ​គ្រឿង​ញៀន​ជិត ៣០ កញ្ចប់​តូច ​ប្រព្រឹត្ត​នៅ​ភូមិ ៣ សង្កាត់​ទំនប់​រលក ក្រុង​ព្រះ​សីហនុ។

លោក ហួត វិចិត្រ អ្នក​នាំពាក្យ​អយ្យការ​ អម​សាលាដំ​បូង​ខេត្ត​ព្រះ​សីហនុប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ មិថុនាថា អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ បានទទួល​ជនសង្ស័យ​ ជា​ជន​ជាតិ​ខ្មែរ និង​ជនជាតិ​ចិន​ ២០ នាក់​ ហើយ​តំណាង​អយ្យការ ​កំពុង​បន្ត​សាកសួរ​ពួកគេ​តាម​នីតិវិធី។

លោក​ថ្លែងថា៖ «សំណុំ​រឿង​នេះ ​ខាង​អាវុធហត្ថ​ បាន​បញ្ជូន​មកដល់​អយ្យ​ការ​ ហើយតំណាង​អយ្យការ​ កំពុងមាន​ចំណាត់​ការ​ស៊ើប​សួរ​ពួក​គេ»។

លោក ឡុង គឹម​ហួរ នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន នៃ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ ឱ្យដឹង​នៅ​ថ្ងៃទី​ ២២ មិថុនា ថា មុន​មានការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន និង​ឈាន​ដល់​ចាប់ខ្លួន​ជន​សង្ស័យ​ទាំង​ ២០​ នាក់​នេះ​ គឺ​សមត្ថកិច្ច​ជំនាញ​ ​ទទួល​បាន​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ ឱ្យធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ទីតាំង​របស់​ក្រុម​ជន​សង្ស័យ​។

បន្ទាប់​មក​កម្លាំង​រប​ស់លោក​ បាន​ក្លែង​ធ្វើជា​អ្នកទិញ​ថ្នាំញៀន ​ដោយ​ស្លៀកពាក់​ជា​ស៊ីវិល​ ហើយ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​តែម្តង។

លោក គឹម​ហួរ​ បន្តថា តាម​ប្រជាពលរដ្ឋ​ ដែល​រស់នៅក្នុង​ភូមិ ៣ សង្កាត់​ទំនប់រលក​ បាន​ត្អូញ​ត្អែ​រ​ប្រាប់​សមត្ថកិច្ច​របស់លោក​ថា ពួក​ក្រុម​ជួញដូរ​គ្រឿង​ញៀន​នេះ​ បាន​បង្ក​ភាព​រំខាន​ ដល់​ពួកគាត់​ ដែល​ពេលយប់​ក្រុម​នេះ​បាន​ដើរ​លួច​ឆក់​របស់ទ្រព្យ​ប្រជា​ពលរដ្ឋ​ ដោយ​មិន​ដេក​មិន​ពួន​ឡើយ។ ការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​បែបនេះ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំងណាស់ ​ប៉ុន្តែ​ដើម្បី​ថែរក្សា​សន្តិសុខ ​ជូន​ប្រជា​ពលរដ្ឋ​សមត្ថកិច្ច​​ត្រូវតែ​បំពេញ​តួនាទី​របស់​ខ្លួន។

លោក​ប្រាប់ថា៖ «ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​នេះ​ពិបាក​ ហើយ​អ្នកភូមិ​ អ្នកស្រុក​ក៏​ពួកគាត់​ពិបាក​រស់នៅ​ដែរ។ ពួកនេះ​ខ្លះ​មាន​ដាវ ដែក​ឆាប ​តែ​ដើម្បី​សុខ​សុវត្ថិភាព​ ក្នុងសង្គម​យើង និង​ដើម្បី​ប្រជាពលរដ្ឋ​ យើង​ត្រូវ​តែ​បង្ក្រាប​ »។

បើតាម​លោក គឹម​ហួរ ការបង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នេះ ​គឺ​សមត្ថកិច្ច ​បាន​ចុះបង្ក្រាប​នៅ៣​ទីតាំង​ផ្សេងៗ​គ្នា​ដែល​ទីតាំង​ទី១ នៅ​កំពង់ផែ​មាត់សមុទ្រ​ ដែល​មាន​ជនជាតិ​ចិន ៥​ នាក់​ ជា​អ្នកលក់​ ហើយ​សមត្ថ​កិច្ចចាប់​បាន​ម្នាក់​ក្នុង​ចំណោម​នោះ។

បន្ទាប់មក ​សមត្ថកិច្ច​​បាន​ចុះបង្ក្រាប​នៅ​ទីតាំង​ល្បែង​ហ្គេម ១ កន្លែង និង​បន្តទៅ​បង្ក្រាប​នៅ​ភូមិ ៣ សង្កាត់​ទំនប់រលក។ ក្រុម​ជន​សង្ស័យ​ទាំង ២០ នាក់​នេះ​ មាន​អាយុ​ចន្លោះ​ពី ១៤ ឆ្នាំ​ ដល់​ជាង ៤០ ឆ្នាំ ​ដែល​សុទ្ធតែជា​អ្នកជួញដូរ​គ្រឿងញៀន។

ចំពោះ​វត្ថុតាង ​ដែល​សមត្ថកិច្ច ដកហូត​បាន ​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជិត​ ៣០ កញ្ចប់​តូច៕