បាត់ដំបងៈ នាពេលថ្មីៗនេះ ទីផ្សារផលិតផលស្បែកច្នៃពីរុក្ខជាតិត្រូវបានរំពឹងទុកថា នឹងមានការកើនឡើង ខណៈនារយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ ផលិតផលច្នៃចេញពីប្រភេទនេះហាក់មានការប្រែប្រួលក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា ស្របពេលមានតម្រូវការកើនឡើងក្នុងឧស្សាហកម្មច្នៃម៉ូដផ្តោតលើបរិស្ថាន យីហោល្បីៗជាច្រើនកំពុងតែចាប់ផ្តើមស្វែងរកមធ្យោបាយនានា ដើម្បីលុបបំបាត់តម្រូវការលើផលិតផលធ្វើពីស្បែកសត្វ។
សមាគមកប្បាសកម្ពុជាមានមូលដ្ឋាននៅខេត្តបាត់ដំបងកំពុងតែផ្តោតការផលិតសម្ភារប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីទាន់សម័យមានជាកាបូបលុយ និងការបូបស្ពាយមានភាពពេញនិយមនៅទីផ្សារក្រៅប្រទេស។
ស្បែកសិប្បនិម្មិតដែលត្រូវបានផលិតចេញពីសម្បកផ្លែឈើ ដែលបោះចោល ស្លឹកម្នាស់ និងផ្សិតនានា ត្រូវបានគេប្រើប្រាស់ ដើម្បីផលិតសម្លៀកបំពាក់ និងស្បែកជើង។ ក្រុមហ៊ុនយីហោល្បីៗក្នុងពិភពលោក ដូចជា Hermes និង Adidas បានសហការជាមួយនឹងក្រុមហ៊ុនអាជីវកម្មទើបបង្កើតថ្មីជាច្រើន ដើម្បីអភិវឌ្ឍផលិតផលបែបនេះ។ ស្បែកច្នៃពីរុក្ខជាតិ ដែលបង្កើតរូបរាង និងវាយនភាពនៃស្បែកឡើងវិញជាមួយនឹងវត្ថុធាតុដើមពីរុក្ខជាតិដោយមិនប្រើស្បែកសត្វ បច្ចុប្បន្នគឺជាទិន្នាការថ្មីមួយរបស់ពិភពលោក និងជាគោលបំណងរបស់សមាគមកប្បាសកម្ពុជាក្នុងកិច្ចការពារការសម្លាប់សត្វយកស្បែក និងគិតគូរពីបរិស្ថាន។
លោក Atsushi Furusawa ដែលបច្ចុប្បន្នជាអ្នកផ្តល់ជំនួយ និងជាទីប្រឹក្សាបច្ចេកទេសស្ម័គ្រចិត្តរបស់សមាគមកប្បាសកម្ពុជា ដែលពីមុនលោកជាស្ថាបនិកនោះ បានឱ្យដឹងថា៖ «ក្នុងបរិបទនេះ យើងបានផលិតស្បែកកប្បាសថ្មី ដោយប្រើប្រាស់កប្បាស ដែលដាំនៅខេត្តបាត់ដំបង និងវត្ថុធាតុដើមពីធម្មជាតិរបស់កម្ពុជា។ សម្ភារប្រើប្រាស់ថ្មីទាំងស្រុងត្រូវបានបង្កើតឡើង។ រាល់ផលិតផលទាំងអស់ត្រូវបានផលិតចេញពីរុក្ខជាតិក្នុងធនធានធម្មជាតិរបស់កម្ពុជា ហើយនេះគឺជាកសិដ្ឋានប្រកបដោយនិរន្តរភាពរបស់យើង»។
សមាគមកប្បាសកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានទីតាំងស្ថិតនៅភូមិវត្តគរក្រុងបាត់ដំបង។ អង្គការនេះ ដាំកប្បាសលើផ្ទៃដីដែលមិនប្រើថ្នាំសម្លាប់សត្វល្អិត និងរវៃយកអំបោះតាមរយៈម៉ាស៊ីនបង្វិលរបស់ជប៉ុនដែលមានអាយុកាល ១៥០ ឆ្នាំ ដើម្បីផលិត និងលក់ផលិតផលកប្បាសក្នុងភូមិនេះ ដែលជាកន្លែងនៅតែមានគ្រាប់មីននៅឡើយ។ សមាគមនេះ ដែលត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុនម្នាក់ក្នុងឆ្នាំ ២០០៧ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជ្រើសរើសយកស្ត្រីដែលមកពីគ្រួសារកសិករក្បែរនោះឱ្យមកធ្វើការជាមួយ និងជួយឱ្យពួកគាត់អាចមានការពឹងផ្អែកលើខ្លួនឯងបាន។
សមាគមកប្បាសកម្ពុជាកំពុងខិតខំព្យាយាមបង្កើតការងារឱ្យស្ត្រីមានឯករាជ្យផ្នែកសេដ្ឋកិច្ច និងឱកាសទទួលបានការអប់រំស្តីពីស្បែកកប្បាស ដែលត្រូវបានផលិតទូទាំងកម្ពុជា ពោលគឺតាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលចុងក្រោយ។
លោក Atsushi Furusawa ថ្លែងថា៖ «វត្ថុធាតុដើមដែលយើងប្រើប្រាស់ គឺជាវត្ថុច្នៃពីធម្មជាតិ។ យើងប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ ដោយមិនប្រើប្រាស់សារធាតុគីមីឡើយ។ ជាឧទាហរណ៍ ថ្នាំជ្រលក់ ដែលយើងប្រើ ដើម្បីជ្រលក់ពណ៌គឺច្នៃពីរុក្ខជាតិ។ យើងមិនដែលប្រើសារធាតុគីមីដែលផ្តល់គ្រោះថ្នាក់ ដើម្បីធ្វើឱ្យពណ៌នៅជាប់បានយូរឡើយ។ ការអនុវត្តដូចគ្នានេះ ក៏កើតឡើងទៅលើស្បែកកប្បាសផងដែរ»។ លោកបន្ថែមថា៖ «យើងមិនប្រើប្រាស់វត្ថុធាតុដើមដែលផ្តល់ផលប៉ះពាល់ឡើយ។ សមាគមកប្បាសកម្ពុជាធ្លាប់មានបុគ្គលិកធ្វើការចំនួន ១៥ នាក់។ បច្ចុប្បន្ន យើងមានតែបុគ្គលិក ៨ នាក់ប៉ុណ្ណោះ ព្រោះពួកគេបានឈប់ធ្វើការ ដោយសារតែមានគ្រួសារទៅធ្វើការនៅប្រទេសថៃ ឬទៅធ្វើការនៅកន្លែងផ្សេង»។
ឆ្លើយតបទៅនឹងមូលហេតុដែលសមាគមកប្បាសកម្ពុជា មានតែបុគ្គលិកជាស្ត្រី អ្នកផ្តល់ជំនួយផ្តាច់មុខ និងជាទីប្រឹក្សាបច្ចេកទេសស្ម័គ្រចិត្តរូបនេះ បញ្ជាក់ថា៖ «មូលហេតុមួយ គឺការជួយដល់ស្ត្រីមេម៉ាយ។ មានពេលមួយ ដែលនៅពេលនោះ មានបុគ្គលិកប្រុសជាច្រើន ប៉ុន្តែបុគ្គលិកប្រុសៗជារឿយៗធ្វើដំណើរទៅប្រទេសថៃ ដើម្បីធ្វើការ ឬក៏ទៅធ្វើការនៅកន្លែងផ្សេង។ ជាមួយគ្នានេះ នៅពេលដែលបុរស និងស្ត្រីធ្វើការជាមួយគ្នា បញ្ហាស្នេហា ក៏កើតឡើង។ ដំណោះស្រាយចំពោះបញ្ហាស្នេហានោះ ពិតជាពិបាក។ ស្ត្រីក៏មាន [ភាពស័ក្តិសម] ជាងក្នុងការងារនេះផងដែរ ដែលតម្រូវឱ្យមានការអត់ធ្មត់ ព្រោះរាល់ម៉ាស៊ីនទាំងអស់នៅសមាគមកប្បាស-កម្ពុជាត្រូវបានកែតម្រូវឱ្យស្ថិតក្នុងទម្ងន់មួយដែលស្ត្រីត្រឹមតែ ២ នាក់ក៏អាចលើកបានដែរ»។
ខេត្តបាត់ដំបងធ្លាប់ជាតំបន់ដែលផលិតកប្បាសធំជាងគេមួយនៅកម្ពុជា។ ប៉ុន្តែតំបន់នេះត្រូវបានកម្ទេចទាំងស្រុង ក្នុងអំឡុងសង្គ្រាមស៊ីវិល។ គ្រាប់មីន ដែលត្រូវបានកប់ អំឡុងសង្គ្រាមស៊ីវិល នៅតែមាននៅឡើយ ហើយការងារក្នុងការយកគ្រាប់មីនទាំងនោះចេញនៅតែបន្ត។ សូមបញ្ជាក់ថា ជាទូទៅការដាំដំណាំកប្បាស គឺជាប្រភេទកសិកម្មដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតក្នុងចំនួនច្រើនជាងគេបំផុតក្នុងពិភពលោក ពោលគឺថ្នាំសម្លាប់ស្មៅ និងសត្វល្អិតរហូតដល់ទៅ ៥ គីឡូក្រាមត្រូវបានគេប្រើប្រាស់ ដើម្បីដាំបានកប្បាសចំនួន ១ គីឡូក្រាម។ ការជ្រលក់ពណ៌កប្បាសក៏ទាមទារឱ្យមានការប្រើប្រាស់ទឹក និងសារធាតុគីមីដែលពុលក្នុងចំនួនដ៏ច្រើនផងដែរ។
ការជ្រលក់ពណ៌ក្រណាត់ស្ថិតក្នុងកម្រិត ២០% នៃការខ្ជះខ្ជាយទឹកទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត ក្រណាត់ពាក់កណ្តាលក្នុងចំណោមក្រណាត់ ដែលត្រូវបានផលិតទាំងអស់នឹងមានផលប៉ះពាល់ ជាពិសេសទៅលើបរិស្ថានធម្មជាតិ ត្រូវបានគេដុត ឬយកទៅចោលនៅកន្លែងចោលសំរាម ក្នុងចន្លោះពេលដ៏ខ្លី។ ក្នុងដំណើរការនៃការផលិត ការប្រើប្រាស់ និងការយកទៅបោះចោលធ្វើឱ្យមានការចេញនូវឧស្ម័នកាបូនក្នុងកម្រិតដ៏ច្រើន និងធ្វើឱ្យកខ្វក់ទឹក។ បញ្ហាភាគច្រើនទាំងនេះកំពុងតែកើតឡើងនៅអាស៊ី-អាគ្នេយ៍ ដែលមានរោងចក្រជាច្រើន។ ប៉ុន្តែសមាគមកប្បាសកម្ពុជាកំពុងតែដាំកប្បាស ដោយមិនប្រើថ្នាំសម្លាប់សត្វល្អិត។
អ្នកស្រី Yuka Bando វ័យ ៣៦ ឆ្នាំប្រធានអ្នកស្ម័គ្រចិត្ត និងជាគិលានុបដ្ឋាយិកា ដែលមើលថែទាំអ្នកជំងឺជួបបញ្ហាពុលពីសារធាតុគីមីនៅសមាគមកប្បាសកម្ពុជាអស់រយៈពេល ៦ ឆ្នាំមកហើយនោះឱ្យដឹងថា៖ «ខ្ញុំធ្លាប់ធ្វើជាគិលានុបដ្ឋាយិកានៅប្រទេសជប៉ុន។ ហេតុនេះខ្ញុំទទួលខុសត្រូវផ្នែកគ្រប់គ្រងសុខភាព និងផ្នែកសម្របសម្រួលសម្រាប់បុគ្គលិក ក៏ដូចជា អ្នកត្រួតពិនិត្យការងាររបស់ពួកគាត់ ដើម្បីធានាថា ពួកគាត់មិនមានគ្រោះថ្នាក់»។ អ្នកស្រីប្រាប់ថា៖ «ពួកគេមិនប្រើប្រាស់ថ្នាំជ្រលក់ពណ៌ ដែលមានសារធាតុគីមីក្នុងពេលជ្រលក់ពណ៌ឡើយ។ ប៉ុន្តែធ្វើថ្នាំជ្រលក់ពណ៌ពីរុក្ខជាតិ និងផ្លែឈើ ដែលដុះក្នុងព្រៃក្បែរៗនោះ។ គាត់ជ្រលក់គ្រាប់ស្វាយ និងគ្រាប់ប័រ ដោយប្រើប្រាស់ថ្នាំជ្រលក់ពីរុក្ខជាតិធម្មជាតិ ១០០%»។
អ្នកស្រី Yuka បន្ថែមថា៖ «ការឃើញបុគ្គលិកមិនប្រើប្រាស់សារធាតុគីមី រីកចម្រើន និងអភិវឌ្ឍន៍ពិតជាបានលើកទឹកចិត្តដល់ខ្ញុំណាស់។ ខ្ញុំរីករាយ នៅពេលដែលខ្ញុំឃើញបុគ្គលិកម្នាក់ ដែលមិនមានកន្រៃ្តនៅផ្ទះអាចរៀនប្រើប្រាស់កន្រៃ្តជាច្រើនប្រភេទនៅកន្លែងបណ្តុះបណ្តាល សម្រាប់គោលដៅផ្សេងៗគ្នា ឬនៅពេលដែលខ្ញុំឃើញបុគ្គលិកថ្មីម្នាក់ ដែលត្រូវបានបុគ្គលិកចាស់បង្រៀនឱ្យធ្វើការមានការរីកចម្រើន ដើម្បីមើលថែបុគ្គលិកថ្នាក់ទាប»។
ក្រោយពីបានធ្វើការជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ អ្នកស្រី Yuka Bando បាននិយាយទាក់ទងនឹងបុគ្គលិកជាស្ត្រីនៅសមាគមកប្បាសកម្ពុជាប្រកបដោយសុទិដ្ឋិនិយមថា៖ «ខ្ញុំសង្ឃឹមថា សមាជិកបុគ្គលិកជាស្ត្រីរបស់យើងនឹងដឹងថា ជាមួយនឹងភាពប៉ិនប្រសប់ និងការច្នៃប្រឌិតបន្តិចបន្តួច ពួកគាត់អាចធ្វើអ្វីបានទាំងអស់ សូម្បីតែលើករបស់ធ្ងន់ៗ»។ អ្នកស្រីបន្តថា៖ «ការគិតដូចគ្នាបែបនេះ និងធ្វើការជាមួយគ្នា ក៏ដូចជាជម្នះលើបញ្ហានានា គឺជាមធ្យោបាយដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំជឿជាក់ថា វាពិតជាសំខាន់ណាស់ក្នុងការមិនមានទុទ្ទិដ្ឋិនិយម ដោយសារតែយើងជាស្ត្រី ឬបុរស ប៉ុន្តែត្រូវតែគិតអំពីមធ្យោបាយដែលយើងងាយសម្រេចគោលដៅរបស់យើង»។
អ្នកស្រី រ៉ន ចាន់រ៉ាយ អាយុ ២៨ ឆ្នាំ បុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកជាស្ត្រីទាំង ៨ នាក់នៅសមាគមកប្បាសកម្ពុជា ដែលមានទីលំនៅក្បែរកន្លែងធ្វើការរបស់នាងក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការនៅសមាគមកប្បាសកម្ពុជា តាំងពីឆ្នាំ ២០១៥ នោះបាននិយាយថា៖ «ចាប់តាំងពីខ្ញុំមកធ្វើការនៅទីនេះកាលពី ៧ ឆ្នាំមុន ខ្ញុំពិតជាពេញចិត្តនឹងការងាររបស់ខ្ញុំណាស់ ហើយខ្ញុំក៏អាចផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្ញុំតាមរយៈប្រាក់ខែ និងម៉ោងការងាររបស់ខ្ញុំផងដែរ»។
រហូតមកដល់ពេលនេះ ផលិតផលទាំងអស់របស់សមាគមកប្បាសកម្ពុជាត្រូវយកទៅលក់នៅប្រទេសជប៉ុន។ លោក Atsushi ពន្យល់ថា៖ «ហេតុអ្វីលក់នៅជប៉ុន? យើងជឿជាក់ថា ប្រសិនបើអតិថិជនជប៉ុន មានការពេញចិត្ត អតិថិជនក្នុងប្រទេសផ្សេងទៀត ក៏នឹងពេញចិត្តផងដែរ។ ពិតណាស់ អតិថិជន គឺមានភាពខុសគ្នា បើធៀបអតិថិជនម្នាក់មកពីអាមេរិក ដែលមកទស្សនកិច្ចភ្លាមៗនៅសមាគមកប្បាសកម្ពុជាទៅនឹងអតិថិជនម្នាក់ដែលមកទស្សនកិច្ចនៅសមាគមកាលពី ៤ ឆ្នាំមុន ហើយ ៤ ឆ្នាំក្រោយមកទៀតខុសគ្នានឹងព្រះវិហារកាតូលិកមួយ នៅអេស្ប៉ាញ»។ លោកបញ្ជាក់ថា៖ «ប៉ុន្តែដោយសារតែយើងមិនទាន់លក់ឱ្យបានគ្រប់គ្រាន់ ខ្ញុំធ្វើការនៅពេលយប់ និងប្រើប្រាស់ប្រាក់នេះ ដើម្បីចំណាយលើប្រតិបត្តិការនានារបស់សមាគមកប្បាសកម្ពុជា។ ការកុម្ម៉ង់ស្បែកកប្បាសទុកមុនត្រូវបានធ្វើឡើងមកពីប្រទេសជប៉ុន សម្រាប់ទំនិញច្រើនជាង ១០ កញ្ចប់ ដែលយើងមិនទាន់បានលក់ចេញ»៕