បាត់ដំបងៈ ឧបករណ៍​ឆក់​ត្រី​ចំនួន​ជាង​ ៥០០ ​គ្រឿង និងរ​បាំងសាច់​អួន របាំង​ស្បៃមុង មង សរុប​ជាង​ ៧ ​តោន​រួមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ទៀត​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាត់ដំបង ទទួលបាន​ពី​ពលរដ្ឋ​ផង និង​បង្ក្រាបបាន​ផង ក្នុង​រយៈពេល​ ៣ ​ខែ បន្ទាប់ពី​មាន​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​ការបង្ក្រាប​បទល្មើស​ជលផល ដោយ​គ្មាន​ការលើកលែង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ នេះ​បើតាម​ការប្រាប់​ឱ្យដឹងពី​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​។

លោក ជួង សុភា នាយខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​បាត់ដំបង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បទល្មើស​ជលផល ដែល​រួមបញ្ចូល​ទាំង​ការកាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​បាត់ដំបង​នាពេលនេះ​មាន​សភាព​ស្ងប់ស្ងាត់​គួរឱ្យ​កត់សម្គាល់​ក៏ពិតមែន ប៉ុន្តែ​បទល្មើស​នេះ​នៅតែ​បន្ត​កើតមាន​ដោយ​អន្លើ​នៅតាម​តំបន់​ដាច់ស្រយាល​មួយ​ចំនួន ដែលមាន​ជំនន់​ទឹកភ្លៀង​កើតឡើង ជាពិសេស​នៅ​ស្រុក​ឯកភ្នំ​។

លោក​បាន​បន្តថា កាលពី ​២ ​ថ្ងៃ​មុននេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាត់ដំបង បាន​ចុះ​ស្រាវជ្រាវ​បទល្មើស​ជលផល​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឯកភ្នំ ហើយ​បាន​ប្រទះ​បទល្មើស​នេសាទ​ជាច្រើន​ករណី​នៅ​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​ ១ និង​លេខ​ ២ ស្ថិតក្នុង​ភូមិ​ព្រែកទាល់ និង​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ដោយ​បាន​ដកហូត​ និង​រឹបអូស​បាន​វត្ថុតាង​រួមមាន​៖ ក្បាល​បរ ចំនួន ៤៣ ​គ្រឿង​, របាំង​សាច់​អួន​ប្រវែង ៨ ២០០ ​ម៉ែត្រ​, មង​ប្រវែង ៥០០ ​ម៉ែត្រ​, បង្គោល​ចំនួន ៣ ៣០០​ ដើម និង​បាន​ដោះលែង​ត្រី​ចម្រុះ​ប្រភេទ​ចំនួន ១៥០ ​គីឡូក្រាម ចូល​ទៅក្នុង​បឹង​ធម្មជាតិ​វិញ​។

លោក សុភា បាន​បញ្ជាក់ថា​៖ «​ការអនុវត្ត​បទបញ្ជា​បង្ក្រាប​បទល្មើស​ជលផល​ជុំវិញ​បឹង​ទន្លេសាប​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈពេល​ ៣ ​ខែ​កន្លងមកនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាត់ដំបង​យើង​បាន​បង្ក្រាប​រឹបអូស​នូវ​វត្ថុតាង​នៃ​បទល្មើស រួមមាន របាំង​សាច់​អួន របាំង​ស្បៃមុង មង សរុប​ជាង​ ៧ ​តោន ឧបករណ៍​ឆក់ត្រី ចំនួន ​៥៤០ ​គ្រឿង ក្នុងនោះ ៣០០​ គ្រឿង​ទទួលបាន​ពី​ប្រជាពលរដ្ឋ​ដែល​ភ្ញាក់រឭក និង​ឧបករណ៍​បម្រើឱ្យ​បទល្មើស​នេសាទ​មួយចំនួន​ទៀត​»​។

បើតាម​លោក សុភា វត្ថុតាង​នៃ​បទល្មើស​ទាំងនេះ​កំពុង​ត្រូវ​បាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង និង​នៅ​សង្កាត់រដ្ឋបាល​ជលផល​ទាំង ​៤ ដែល​ស្ថិតក្រោម​ចំណុះ​របស់ខ្លួន ដើម្បី​រង់ចាំ​ការសម្រេច​ពី​គណៈកម្មការ​ថ្នាក់ជាតិ សម្រាប់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ជុំវិញ​បឹង​ទន្លេសាប​។

ចំណែក​នៅ​ខេត្តកំពង់ធំ សមត្ថកិច្ច​បាន​រាយការណ៍​ថា នៅ​ថ្ងៃទី​ ២២ ខែ​មិថុនា ឆ្នាំ​ ២០២២ ក្រុមមន្ត្រី​ឧទ្យានុរក្ស​ប្រចាំ​នៅ​ស្នាក់ការ​បាឡត​ក្នុង​តំបន់​រ៉ាមសារ​ទន្លេ​ឆ្មារ បាន​សហការ​ជាមួយ​ទីបញ្ជាការ​ស្រាល​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត ចុះ​ល្បាត​ដល់​តំបន់​ព្រែកបាឡត ហើយ​បាន​ប្រទះឃើញ​បទល្មើស​នេសាទ​មួយកន្លែង​ក្នុង​តំបន់​អភិរក្ស​។

លោក ហង្ស ថុល មេបញ្ជាការ​កងរាជ​អាវុធហត្ថ ខេត្ត​កំពង់ធំ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​សម្រេច​រុះរើ និង​កាប់បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនោះ​នៅនឹង​កន្លែង រួមមាន របាំង​សាច់​អួន ចំនួន​ ៦​ របាំង មាន​ប្រវែង​សរុប​ ៣៨០ ​ម៉ែត្រ ឡុក​សាច់អួន​ចំនួន​ ៨ ​ឡុក លូ​សាច់​អួន​ចំនួន​ ៦ ​លូ បង្គោល​ឈើ​ចំនួន​ ៣០០ ​ដើម និង​ដោះលែង​ត្រី​ចម្រុះ​ចំនួន​ ១៥ ​គីឡូក្រាម ចូល​ទន្លេ​វិញ​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ ក្រុម​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​នៅ​តំបន់​ខ្វែង​ក្របី​នៃ​តំបន់​រ៉ាមសារ​ទន្លេ​ឆ្មារ ជា​កន្លែង​ដែល​ធ្លាប់មាន​បទល្មើស​នេសាទ​កើតឡើង​ច្រើនជាងគេ​នាពេល​កន្លងមក​»​។

បើតាម​លោក ហង្ស ថុល ដែល​បាន​ថ្លែង​កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​បាឡត​បាន​សហការ​ជាមួយ​កម្លាំង​បញ្ជាការ​ស្រាល​នៃ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ​ចុះ​ល្បាត​ដល់​តំបន់​ខ្វែង​ក្របី​នៃ​តំបន់​រ៉ាមសារ​ទន្លេ​ឆ្មារ​នេះ​ម្ដង​រួចមកហើយ ដោយ​បាន​រកឃើញ និង​កាប់បំផ្លាញ​ចោល​នៅនឹង​កន្លែង​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹង​កន្លែង រួមមាន របាំង​ស្បៃមុង​ចំនួន ៣ ​របាំង មាន​ប្រវែង​សរុប ៣១០​ ម៉ែត្រ ឡុក​ស្បៃមុង​ចំនួន​ ៥ លូ​ស្បៃមុង​ចំនួន​ ៥ ​លូ បង្គោល​ឈើ​ចំនួន​ ២៥០​ ដើម និង​លែង​ត្រី​ចម្រុះ​ចំនួន​ ៥​ គីឡូក្រាម​ចូលក្នុង​ទន្លេ​ធម្មជាតិ​វិញ​ផងដែ​។

ដោយឡែក​នៅឯ​ខេត្ត​ស្ទឹងត្រែង​វិញ សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ប្រាប់​ឱ្យដឹងថា ក្នុង​រដូវ​បិទ​នេសាទ ចាប់ពី​ថ្ងៃទី​ ១ ខែឧសភា ដល់ ថ្ងៃទី ​២២ ខែមិថុនា ឆ្នាំ​ ២០២២ នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ប្រជានេសាទ​ចំនួន ៨៥ ​នាក់ ព្រមទាំង​បាន​រឹបអូស និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ដូចជា មង​បណ្តែត​សរុប​ប្រវែង​ជិត​ ១ ​ម៉ឺន​ ៤​ ពាន់​ម៉ែត្រ សន្ទូចរនង​ដែល​ដាក់​នៅតាម​អន្លង់​អភិរក្ស និង​តំបន់​ហាមឃាត់​ចំនួន​ ១ ១២០ ​ផ្លែ ក្បាល​ឆក់​ ៣ ​គ្រឿង អាគុយ​ ២ ​គ្រឿង ថ្នង​ ២ ​គ្រឿង ទូក​ម៉ាស៊ីន​ចំនួន ​២​ គ្រឿង និង​បំផ្លាញ​របាំង​ព្រួល​ប្រវែង ៤០០ ​ម៉ែត្រ លូ​សាច់​អួន​ ៨ ​មាត់ លប​ប្រឹស​ ១៥ ​គ្រឿង និង​សាច់​អួន​ប្រវែង​ ៥០០ ​ម៉ែត្រ​។

លោក ស្រី សមវិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រជានេសាទ​ទាំង​ ៨៥​ នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការលួច​ឆ្មក់​ចូល​នេសាទ​ក្នុង​តំបន់​ការពារ​អភិរក្ស​ត្រីមេ​ពូជ ជាពិសេស​ក្នុង​រដូវ​ត្រី​ពង​កូន​នេះ​។

លោក​បញ្ជាក់ថា​៖ «​កុំថា​ឡើយ​មង​បណ្ដែត​ខ្លីៗ សូម្បី​តែ​សន្ទូចរនង​ក៏​ត្រូវ​ហាមឃាត់​ប្រើប្រាស់​ផងដែរ នៅក្នុង​តំបន់​អភិរក្ស​ត្រី​មេពូជ​»៕