
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២២ ខែមិថុនា បានបន្តបើកសវនាការលើកទី ៤៥ សំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិក្រោមបទចោទ «សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស ឬឃុបឃិតជាមួយបរទេស» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយតំណាងអយ្យការបានចោទសួរពាក់ព័ន្ធនឹងការ «ប្រទូសរ៉ាយ » ជុំវិញការធ្វើបាតុកម្មរវាងប្រជាពលរដ្ឋជាមួយសមត្ថកិច្ច។
លោក ផែង ហេង មេធាវី លោក កឹម សុខា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី ២២ មិថុនាថា សវនាការ នៅពេលនេះ ចៅក្រមជំនុំជម្រះបានធ្វើកំណត់សម្គាល់ និងបន្ទាប់មកក៏ឱ្យទៅតំណាងអយ្យការតាំងសំណួរ ចូលទៅដល់អង្គហេតុថ្មីពាក់ព័ន្ធនឹងការ «ប្រទូសរ៉ាយ » ជុំវិញការធ្វើបាតុកម្មរវាងប្រជាពលរដ្ឋជាមួយនឹងសមត្ថកិច្ច ដោយមានការដុតរថយន្ត និងរុញរថយន្តឱ្យក្រឡាប់ជាដើម។
ទោះជាយ៉ាងណា លោកថា លោក កឹម សុខា មិនមានការឆ្លើយតបនោះទេ ព្រោះលោកយល់ថា ករណីទាំងអស់នេះ វាជាករណីរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចមិនមែនជាការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិនោះទេ ពីព្រោះគណបក្សសង្គ្រោះជាតិ ទទួលខុសត្រូវតែលើការធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «តំណាងអយ្យការក៏សួរបកមកការសុំច្បាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យរយៈពេល ៣ ថ្ងៃ នោះមានច្បាប់ ឬមិនមាន។ ឯកឧត្តម កឹម សុខា ក៏ឱ្យចាក់វីដេអូអំពីក្រមសីលធម៌ ១៧ ចំណុច ដែលគណបក្សសង្គ្រោះជាតិឱ្យឯកឧត្តម ប៉ុល ហំម អាននៅពេលនោះ»។
បើតាម លោក ផែង ហេង ក្នុងក្រមសីលធម៌របស់គណបក្ស គឺមិនឱ្យប្រើអំពើហិង្សាណាមួយឡើយ បើទោះបីគេវាយក៏ដោយ។ ទាក់ទិននឹងសំណុំរឿងប្រទូសរ៉ាយនេះមិនទាន់ចប់នោះទេ។ ទោះជាយ៉ាងណា ទាំងលោក កឹម សុខា និងមេធាវីរបស់លោកឱ្យតុលាការកំណត់និយមន័យឱ្យបានច្បាស់ពាក្យថា ប្រទូសរ៉ាយនេះ កុំឱ្យតែបាតុកម្មរបស់កម្មករ គ្រូបង្រៀន និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏យកមកចោទសួរដែរ វាធ្វើឱ្យមានការខាតពេលវេលា។
លោកថា៖ «គាត់ឃើញសំណួរខ្លះវាពាក់ព័ន្ធតែរឿងបាតុកម្ម វាមិនមែនជាសន្ទិដ្ឋភាពទេគាត់ថាឱ្យចោទសួរពាក់ព័ន្ធនឹងសន្ទិដ្ឋភាពបានហើយ កុំឱ្យមានការអូសបន្លាយពេលវេលាអត់ប្រយោជន៍ ប៉ុន្តែតំណាងអយ្យការគេថា គេមិនមែនជាអ្នកអូសបន្លាយទេ»។
លោក យី សុខសាន្តមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានចូលទៅតាមដាននៅក្នុងសវនាការលោក កឹម សុខា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការនៅថ្ងៃទី ២២ ខែមិថុនា ថា សវនាការពេញ ១ ព្រឹកគឺជាសវនាការនយោបាយ ដោយសារតែការបកស្រាយពីមេធាវី និងព្រះរាជអាជ្ញាពាក់ព័ន្ធទៅនឹងការឃុបឃិតជាមួយបរទេស។ លោកចាត់ទុកថា ការសួរដេញដោលនេះ វាអត់មានបានប្រយោជន៍អ្វីទៅលើជនជាប់ចោទនោះទេ។
លោកថា៖ «តាមការស្តាប់ និងតាមការបញ្ជាក់ពីជនជាប់ចោទ ជាពិសេសលោក កឹម សុខា ថា ពីមុនចោទគាត់ជាមួយបរទេសគាត់ថា បរទេសណាអត់ឆ្លើយ។ ទី ២ គេថា បាតុកម្ម គាត់ថា បាតុកម្មកន្លែងណាគាត់ថា គាត់ធ្វើបាតុកម្មតែនៅទីលានប្រជាធិបតេយ្យទេ បាតុកម្មកន្លែងផ្សេងកុំយកមកចោទគាត់»។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី-ភ្នំពេញថ្លែងថា លោកមិនមានអ្វីចម្លែកទេ ព្រោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើតំណាងអយ្យការថា ធ្វើឱ្យខាតពេលវេលាសវនាការនោះស្ទើរក្លាយជាទម្លាប់ទៅហើយ ប៉ុន្តែតំណាងអយ្យការបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន។
លោកថា៖ «ជាក់ស្តែងសវនាការព្រឹកមិញនេះគឺជជែកលើវីដេអូនៃអំពើប្រទូសរ៉ាយ ដែលអយ្យការបានស្នើសូមក្រុមប្រឹក្សាចាក់បង្ហាញ ប៉ុន្តែសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទបែរជាលើកឡើងនូវអង្គហេតុមួយចំនួនដែលត្រូវបានជជែកដេញដោល កាលពីសវនាការមុនៗមកជជែកទៅវិញ»។ សវនាការនឹងបន្តធ្វើនៅថ្ងៃទី ២៩ មិថុនា ទៀត៕
វីដេអូ៖