សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​នៅ​តំបន់​​អង្គរ​ឱ្យ​ប្រយ័ត្ន​ពី​ខ្យល់​កន្ត្រាក់​ ដែល​អាច​បង្ក​បញ្ហា​ផ្សេងៗ ​ខណៈ​ក្រុម​ការងារ​ជំនាញ​កំពុង​កាត់​ក្រី​មែក​ឈើ​មួយ​ចំនួន​ដែល​ពុក​ផុយ ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ។

ការ​អំពាវនាវ​នេះ ​ស្រប​ពេល​ដែល​មាន​ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​មែក​ឈើ​ដ៏​ធំ​មួយ​បាក់​សង្កត់​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ប្រាសាទ​ប្រែ​រូប​ថ្មីៗនេះ​ ប៉ុន្តែ​មិន​បង្ក​របួស​ដល់​មនុស្ស​នោះ​ទេ។

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ លោក ឡុង កុសល បាន​ថ្លែងថា ដោយសារ​អាកាសធាតុ​បច្ចុប្បន្ន​ប្រែប្រួល​បណ្តាល​ឱ្យ​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង​អាច​បង្ក​គ្រោះ​ថ្នាក់​ជា​យថាហេតុ​គ្រប់​ពេល​វេលា។​ លោក​ថា បើ​ទោះបី​ជា​កន្លង​មក​ និង​បច្ចុប្បន្ន ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ដើរ​ពិនិត្យ និង​កាត់​ក្រី​មែក​ឈើ​ដែល​ប្រឈម​ហានិភ័យ​ជា​ប្រចាំ​ក្តី ក៏​មិន​អាច​ដឹង​មុន​ថា​ មាន​អ្វី​នឹង​កើត​​ឡើង​ពេល​មាន​ខ្យល់​កន្ត្រាក់​ម្តងៗ​។

ជាមួយ​គ្នា​នេះ​ លោក​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់​ដែល​អាច​បង្ក​បញ្ហា​ផ្សេងៗ​ដោយ​កុំ​ទៅ​ជ្រក​ក្រោម​ដើម​ឈើ​ ឬ​យក​រថយន្ត​ទៅ​ចត​ក្រោម​ដើម​ឈើ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ពេល​មាន​ភ្លៀង​ ឬ​ខ្យល់​ខ្លាំង​។

លោក​បញ្ជាក់​ថា៖ ​«ដោយ​សង្កេត​ឃើញ​ថា ​បញ្ហា​អាច​កើត​មាន​ អ៊ីចឹង​ហើយ​បាន​ជា​យើង​ត្រូវ​កាត់​ក្រី​មែក​ឈើ​តាមដាន​ និង​ហានិភ័យ​ដើម​ឈើ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ គឺ​យើង​ខ្លួន​ឯង​ត្រូវ​រួម​ចំណែក​ប្រុងប្រយ័ត្ន​ដែរ​ពាក់ព័ន្ធ​រឿង​សុវត្ថិភាព​របស់​យើង​ទ្រព្យសម្បត្តិ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ការពារ​យើង​ ១០០​% ទេ ព្រោះ​បញ្ហា​ប្រធាន​ស័ក្តិ​ដែល​កើត​ឡើង​ជា​លក្ខណៈ​ធម្មជាតិ​»។

លោក​បាន​បន្ថែម​ថា ដើម​ឈើ​ក៏​ដូច​ជា​មនុស្ស​ដែរ តែងតែ​មាន​ការ​វិវឌ្ឍ​ពី​តូច​ទៅ​ធំ ដូច​នេះ​ដើម​ឈើ​ក៏​មាន​មែកធាង​ច្រើន ពុក​ផុយ ធ្ងន់ ដែល​អាច​បាក់​ធ្លាក់ ឬ​ដួល​នៅ​ពេល​ណា​មួយ ​ហេតុ​នេះ​ទាមទារ​ឱ្យ​ក្រុម​ការងារ​ជំនាញ​បន្ត​តាម​ដាន និង​កាត់​ក្រី​មែក​ធាង​ដើម្បី​រក្សា​លំនឹង​ដើម​ឈើ។

លោក​ថា​៖ «យើង​បារម្ភ ព្រោះ​យើង​មិន​អាច​ដក​ដើម​ឈើ​ចេញ​ទាំង​អស់​បាន​ទេ​ ព្រោះ​ដើម​ឈើ​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​នៃ​ទីតាំង​នៅ​តំបន់​អង្គរ​ហើយ​បញ្ហា​ប្រធាន​ស័ក្តិ​ដែល​កើត​ឡើង​ជា​លក្ខណៈ​ធម្មជាតិ​ដូចជា​ខ្យល់​កន្ត្រាក់​អាច​ដួល​រលំ»​។

បើ​តាម​លោក ឡុង កុសល ដោយសារ​ខ្យល់​កន្ត្រាក់​ពី​ថ្ងៃទី ​២០ ខែ​មិថុនា​ បណ្តាល​ឱ្យ​មែក​ឈើ​ដ៏​ធំ​មួយ​បាក់​សង្កត់​លើ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទ​ប្រែ​រូប ​ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​របួស​ដល់​មនុស្ស​នោះ​ទេ​ ហើយ​លោក​ថា​ នេះ​ជា​ករណី​ទី១ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ថ្ងៃទី​ ២០ ខែ​មិថុនា ​បាន​ឱ្យ​ដឹង​ថា ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ ក៏​ដូចជា ដើម្បី​លើក​កម្ពស់​សោភណភាព​តាម​ដង​ផ្លូវ និង​​បរិវេណ​ប្រាសាទ អាជ្ញាធរជាតិ​អប្សរា​នឹង​កាត់​ដក​ហូត​ដើម​ឈើ និង​កាត់​ក្រី​មែក​ឈើ​នៅ​ទីតាំង​មួយ​ចំនួន​​ចាប់​ពី​ថ្ងៃទី ២២ ខែមិថុនា​ ​តទៅ​រហូត​ដល់​ចប់​ភារកិច្ច។

ដើម​ឈើ​ទាំង​នោះ​មាន​ ៧៩ ​ដើម ក្នុង​នោះ​ដើម​ឈើ​ខ្លះ​ត្រូវ​កាត់​ដក​ហូត​ទាំង​មូល​ហើយ​ដើម​ឈើ​ខ្លះ​គ្រាន់​តែ​កាត់​មែក​ដែល​មាន​ហានិភ័យ​ប៉ុណ្ណោះ៕