ភ្នំពេញៈ​ អង្គការ​អុក​ស្វា​ម​ដែល​ធ្វើការ​លើ​អភិបាល​កិច្ច​ធន​ធាន​ធម្មជាតិ និង​ពលរដ្ឋ​រស់នៅ​សហ​គមន៍​ទេស​ចរណ៍​​ខេត្ត​ស្ទឹង​ត្រែង ​អំពាវ​នាវ​ដល់​ពលរដ្ឋ​ឱ្យ​ដើរ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេស​ចរណ៍​តាម​ដង​ទន្លេមេគង្គ​ ដើម្បី​ចូលរួម​លើក​កម្ពស់​ជីវភាពក្នុង​​សហ​គម​ន៍​និង​ជា​ផ្នែក​មួយ​កាត់​បន្ថយ​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​។

ការ​អំពា​វនាវ​នេះ​ធ្វើ​ឡើ​ នៅក្នុង​សន្និសី​ទ​សារព័ត៌​មាន​ស្តីពី​ការបិទ​បញ្ចប់​យុទ្ធ​នាកា​រ “តាម​ដង​ទន្លេ​មេគង្គ​ជាមួយ​សាយ”នៅពី​ថ្ងៃទី ​២៣ ខែមិថុនា​ នៅ​រាជធានី​ភ្នំពេញ។ យុទ្ធ​នាការ​នោះ​មាន​រយៈ​ពេល ៤​ ខែ​ ចាប់​ពី​ខែមីនា​ ដល់​ខែ​មិថុនា ​ឆ្នាំ ​២០២២​ ក្នុង​គោល​បំណង​លើក​កម្ពស់​តំបន់​អេកូ​ទេស​ចរណ៍​ធម្មជាតិ ជីវ​ភាព​រស់នៅ​​របស់​សហ​គមន៍​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​ផល​ប៉ះ​ពាល់​ពីកា​រផ្លាស់​ប្តូរ​លំហូរ​ទឹក​ និង​ការ​គំរាម​កំហែង​កើន​ឡើង​ដល់​សន្តិ​សុខ​ស្បៀង ​នៅ​តាម​ដង​ទន្លេ​មេ​គង្គ​។

លោក​ស្រី ភាណ​សោ​ភ័ណ នាយិ​កា​អង្គការ​អុក​ស្វា​ម បាន​ថ្លែង​ថា យុទ្ធ​នាកា​រ “តាម​ដង​ទ​នេ្ល​មេគង្គ​ជា​មួយ​សាយ​” មាន​គោល​បំណង​លើក​កម្ពស់​កា​រយល់​ដឹង​អំពី​ភាព​សម្បូរបែប​នៃ​អាង​ទន្លេ​មេគង្គ និង​សារៈ​សំខាន់​របស់​វា​ចំពោះ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​។ ម្យា​ងទៀត​ក៏ដូច​ជា​បាន​ផ្សារ​ភ្ជាប់​ការ​ចូល​រួម​ និង​កិច្ច​ពិភាក្សា​ប្រកប​ដោយ​អត្ថ​ន័យ​រវាង​យុវជន​ និង​សហ​គមន៍​ដែល​រង​ផល​ប៉ះពាល់ ជា​ពិសេស​ក្រុម​ងាយ​រងគ្រោះ​ដូច​ជា ​ជន​មាន​ពិការ​ភាព និង​ជន​ជាតិ​ដើម​ភាគ​តិច ​ដោយ​ពួកគា​ត់​ទាំ​ងអស់នោះ​ជា​គោល​ដៅ​ចម្បង​របស់​គម្រោង​។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «បើទោះ​ជា​យុទ្ធនា​ការ​បាន​បញ្ចប់​ក៏ដោយ ក៏​បេសក​កម្ម ការ​ពារ​ទន្លេ​មេគង្គ និង​ការ​លើក​ស្ទួយ​ជីវភាព​ប្រជា​ពល​រដ្ឋ​របស់​យើង​នៅតែ​បន្ត​ទៅ​មុខ»​។

លោក អ៊ួ​ន បាឋ​ម ហៅ​ថា សាយ ​ជា​ទូត​សុ​ចន្ទៈ​នៃ​អង្គការ​អុក​ស្វា​មបាន​ថ្លែង​ថា បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​មេគង្គ​អស់​រយៈ​ពេល​១០​ថ្ងៃ លោក​មាន​ឱកាស​ស្វែង​យល់​ពី​ភាព​សម្បូរ​បែប​នៃ​ទន្លេ​មេគង្គ​របស់​យើង​និង​ជីវិត​របស់​សហ​គមន៍ ជា​ពិសេស​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​និង​ក្រុម​ងាយ​រងគ្រោះ និង​វប្បធម៌​របស់​ពួក​គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​ទន្លេ​និង​ព្រៃ​ឈើ។​

លោក​បាន​បន្ត​ថា ​ជា​មួយ​គ្នានេះ​ ក៏បាន​រកឃើ​ញ​ពីបញ្ហា​ប្រឈម​របស់​សហ​គមន៍​ដូចជា ​ការ​ធ្លាក់​ចុះ​នូវ​ទិន្ន​ផល​ត្រី និង​ដំណាំ​របស់​គាត់​មិន​ទទួល​បាន​ទិន្ន​ផល​ល្អ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​សហ​គមន៍​និង​កាត់​បន្ថយ​បទ​ល្មើស​ព្រៃឈើ ធន​ធាន​ធម្ម​ជាតិនិងការ​ប្រែប្រួល​អាកា​សធា​តុលោក​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ជាពិសេ​ស​យុវវ័យ​ឱ្យដើរ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេស​ចរណ៍​ធន​ធាន​ធម្មជាតិ​នៅតា​ម​ដង​ទន្លេ​មេគង្គ​។

លោក​ថា៖ «ខ្ញុំ​សូម​ផ្តាំផ្ញើ​ពលរដ្ឋ​ទាំង​អស់គ្នា ​ជាពិ​សេស​យុវជន​អាច​ទៅ​ដើរលេង​នៅ​សហ​គមន៍ ជា​ផ្នែក​មួយ​ជំរុញ​ដល់​ប្រាក់​ចំណូល​របស់​បងប្អូន​សហ​គមន៍ ដោ​យសារ​ពួកគាត់​មិន​ត្រឹម​ជួប​ជាមួយ​ស្ថាន​ភាព​កូ​​វីដ​ទេ ក៏​ជួប​ជាការ​បម្រែ​បម្រួល​អាកាស​ធាតុ​ធ្លាក់​ចុះ​ទិន្នផល​ត្រី បញ្ហា​កសិកម្ម និង​បញ្ហាផ្សេងៗដែល​ធ្វើឱ្យ​ចំណូល​ខ្វះ​ខាត​»។

អ្នកស្រី ប៊ុន សំ​ផាន ប្រធាន​សហ​គមន៍​សម្រស់​កោះ​ហាន ខេត្ត​ស្ទឹង​ត្រែង បាន​លើក​ឡើងថា ​បច្ចុប្បន្ន​ពលរដ្ឋ​ជួប​​បញ្ហា​ច្រើន ​ដោយ​សារ​កត្តា​ប្រែប្រួល​អាកាសធា​តុ ដូចជា ​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី រីឯ​ដំណាំ​មិនសូវ​ទទួល​បាន​ផល​។

អ្នក​ស្រីថា៖‍​ «ពីមុន​មកធ្លា​ប់ដាំ​ដំណាំ​ពោត​សណ្តែក​ ប៉ុន្តែ​ឥឡូវ​ធ្វើ​លែង​សូវ​បានសូម្បី​ដំណាំ​គ្រួសារ​ក៏​ធ្វើលែង​បាន​ដោយ​សារ​លំហូរ​ទឹក​ប្រែ​ប្រួល​ បើ​និយាយ​ពីជម្រក​សត្វ​វិញ​ ចាប់​ផ្តើម​បាត់​បង់​ច្រើន ដោយ​សារ​ផល​ប៉ះពាល់​នៃ​ធម្ម​ជាតិ ម្យ៉ាង​ទៀត​យើង​គិត​ថា​មាន​វារី​អគ្គិសនី​ខ្នាត​ធំ»។​

អ្នក​ស្រីឱ្យដឹ​ងថា មុ​ខរ​បរ​សំខាន់​នៅ​ក្នុង​មូល​ដ្ឋាន​របស់​អ្នកស្រី​គឺ​ការ​នេសាទ​ត្រី ​និង​ដំណាំ​កសិកម្ម ​ប៉ុន្តែ​ដោយ​សារ មុខ​រប​រទាំង​នោះ​ធ្លាក់​ចុះ ​ឥឡូវ​នេះ​សហគ​មន៍​បង្វែរ​មក​បម្រើ​ផ្នែក​អេកូ​ទេស​ចរណ៍វិ​ញ។​

អ្នកស្រី​ថា៖ ​«អ៊ីចឹង​ប្រជា​ពលរដ្ឋ​នៅតំ​បន់នោះ​នឹង​ព្យា​យាម​ថែរ​ក្សានូវ​សម្រស់​ធម្មជាតិ​ដែល​នៅសេ​សស​ល់ទុ​ក​សម្រាប់​មុខ​រប​រនេះ​ទៅ​ជា​អេកូ​ទេស​ចរ​ណ៍វិញ​ ហើយ​សូម​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរ​ផង»​។

អ្នកស្រី ​កែវ ​កណិកា ប្រធាន​គម្រោង​បរិយាប័ន្ន​ ២​ នៃអង្គការ​អុក​ស្វាម​ បាន​ថ្លែង​ថា តាម​រយៈ​គម្រោង​នេះ ក្រុម​ការងារ​បាន​រក​ឃើញ​បញ្ហា​ប្រ​ឈម និង​បាន​ផ្តល់​ជា​ជំនួយ​តាម​រយៈ​បណ្តុះ​បណ្តាល​ជំនាញ​បង្កើន​ការ​យល់​ដឹង​លើ​ផ្នែក​បរិ​ស្ថាន ​និង​ផ្តល់​ជាថវិកា​ផង​ដែរ។​

លោក​ស្រី​សង្ឃឹម​ថា​ តាម​រយៈ​យុទ្ធ​នា​ការ​នេះ​ពលរដ្ឋ​មូល​ដ្ឋាន​ដូច​ជា​សហគ​មន៍ទេ​សាទ និង​សហ​គមន៍​ព្រៃ​ឈើ​រួម​នឹង​ប្រជា​ជន​ទាំង​មូល​នឹង​ចូល​រួម​អភរិក្ស​ធន​ធាន​ធម្មជាតិ​ទាំង​អស់​គ្នា ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​ផ្សេងៗ​។

យុទ្ធ​នាកា​រតាម​ដង​ទន្លេ​មេគង្គ​ជា​មួយ​សាយ ​ត្រូវ​បាន​ធ្វើឡើ​ងនៅ​តំបន់​ភាគ​ខាង​ជើង​នៃប្រ​ទេសក​ម្ពុជា​ ឆ្លង​កាត់តា​មខេត្ត​រតន​គិរី ស្ទឹ​ងត្រែង និង​ក្រចេះ ​ហើយ​ក្នុងយុ​ទ្ធនា​ការ​នេះក៏​មានកា​រជិះទូ​ក​នៅតាម​ដ​ង​ទន្លេ​អស់​រយៈ​ពេល​ ១០ ​ថ្ងៃផ​ងដែរ ដើម្បី​ផ្តិត​យក​រូប​ភាព ​និងវី​ដេអូ​ និង​ស្វែង​យល់​ពី​សារៈ​សំខាន់​របស់​ទេ​ន្លេនេះ​។

​អ្វីដែល​ជាគួ​រជាទី​មោទនៈ​នោះ​ គឺ​ខ្សែវីដេ​អូដែ​ល​ជា​លទ្ធផ​លនៃ​យុទ្ធ​នាកា​រនេះ​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ចាក់​បញ្ចាំង​នៅ​កម្ម​វិធីកា​រស្វែង​យល់​ពី​ទន្លេ​មេគង្គ​ (Mek​ong​ Disc​overy) របស់​មហោ​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​កម្ពុជា​នៅថ្ងៃ​ទី ៣០ ​ខែ មិថុ​នា ឆ្នាំ​ ២០២២​ នៅសា​លមហោ​ស្រពច​តុមុខ​ផងដែ​រ៕