ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​នេះ បានប្រកាស​ជា​សាធារណៈ​នឹង​បិទ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ជលផល​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ​និង​បរិវេណ​ជុំវិញ​ខុ​ន្ទ​កាល័យ​គណៈកម្មាធិការ​ក​ណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា​ ចាប់ពី​ម៉ោង​ ៥​ ព្រឹក នា​ថ្ងៃទី​ ២៨ ខែមិថុនា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ​នៃថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ​(២៨/០៦/១៩៥១-២៨/០៦/២០២២)​។ យោងតាម​សេចក្ដីជូនដំណឹង របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

លោក ឃួ​ង ស្រេង បានឱ្យដឹងថា​៖ «​ដើម្បីឱ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ជលផល ផ្លូវ​លេខ​ ៤១ ដល់ ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ចាប់ពី​ម៉ោង ០៥:០០​ នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​»​។​

លោក ឃួ​ង ស្រេង បាន​ថ្លែង​ដោយ​សុំឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ យោគយល់ និង​អធ្យាស្រ័យ និង​បញ្ចៀសបាន​ការធ្វើដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ទាំងនេះ តាម​កាលបរិច្ឆេទ​។ ផុត​រយៈពេលហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជាធម្មតា​វិញ​៕