
សកម្មភាពនាំនារីម្នាក់ទៅប៉ុស្ដិ៍នគរបាលផ្សារកណ្ដាល ១ កាលពីទៀបភ្លឺឈានចូលថ្ងៃទី ២៣ មិថុនា ពាក់ព័ន្ធករណីប្លន់បុរសជប៉ុន។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ នគរបាលខណ្ឌដូនពេញនៅថ្ងៃទី ២៣ មិថុនា បានស្រាវជ្រាវចាប់ខ្លួននារីជាបក្ខពួកជនសង្ស័យប្លន់បានម្នាក់ បន្ទាប់ពីធ្វើសកម្មភាពប្លន់បុរសជនជាតិជប៉ុនម្នាក់នៅម្តុំមាត់ទន្លេ ក្នុងភូមិសាស្ត្រសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងកំពុងស្រាវជ្រាវចាប់ខ្លួនបក្ខពួកចោរបន្តទៀត រីឯទ្រព្យសម្បត្តិដែលបាត់បង់ក៏ត្រូវបានសមត្ថកិច្ចដកហូតបានមកវិញ។
លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ មិថុនាថា កាលពីទៀបភ្លឺឈានចូលថ្ងៃទី ២៣ មិថុនា មានបុរសជនជាតិជប៉ុនម្នាក់ ត្រូវបានចោរប្លន់នៅម្តុំមាត់ទន្លេក្នុងភូមិសាស្ត្រ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាល រួមទាំងកម្លាំងនគរបាលខណ្ឌដូនពេញ បានចេញប្រតិបត្តិការស្រាវជ្រាវហើយបានឃាត់ខ្លួននារីម្នាក់ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះទេ ដោយសារកំពុងបន្តស្រាវជ្រាវរកបក្ខពួកទៀត។ ចំណែកឯសម្ភាររបស់ជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចរបស់លោកដកហូតយកមកវិញដែរ។
លោកប្រាប់ថា៖ «កម្លាំងយើងចាប់បក្ខពួកចោរបានម្នាក់ បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោងហើយយើងបន្តស្រាវជ្រាវចាប់ខ្លួនពួកចោរបន្តទៀត។ អ៊ីចឹងយើងនៅបន្តយកបក្ខពួកគេដែលនៅសេសសល់»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ផ្សារកណ្តាលទី១ ម្នាក់ ដែលស្នើសុំមិនឱ្យបញ្ចេញឈ្មោះបានឱ្យដឹងថាបុរសជនជាតិជប៉ុនម្នាក់នោះមានគ្នា ២ នាក់ បានចេញពីបារ៍ ១ កន្លែង។បន្ទាប់មកជនរងគ្រោះជួបនារីខ្មែរម្នាក់នៅតាមផ្លូវ ហើយគាត់បានហៅនារីនោះឱ្យបៀមប្រដាប់ភេទរបស់គាត់ជាថ្លូរនឹងប្រាក់ ១០០ ដុល្លារ ដោយនាំគ្នាទៅប្រព្រឹត្តនៅមាត់ទន្លេ។
មន្ត្រីនគរបាលបន្តថា ពេលនារីម្នាក់នោះកំពុងតែបៀមប្រដាប់ភេទគាត់ក៏ស្រាប់តែមានក្រុមចោរមកប្លន់យកទ្រព្យសម្បត្តិពីបុរសរងគ្រោះ ដោយមានទាំងការប្រវាយប្រតប់គ្នាផង ដែលពេលនោះក្រុមជនសង្ស័យដណ្តើមបានខ្សែកប្លាទីន ១ ខ្សែ និងនាឡិកាដៃ ១ គ្រឿង រួចរត់គេចខ្លួនបាត់អស់។ ភ្លាមៗក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ផ្សារកណ្តាលរួមនឹងកម្លាំងនគរបាលខណ្ឌដូនពេញបានចេញប្រតិបត្តិការ។
លោកបានបន្តថា ក្នុងពេលចេញស្វែងរកក្រុមជនសង្ស័យ សមត្ថកិច្ចបានជួបនឹងនារីម្នាក់កំពុងឈរនៅកន្លែងបើកបម្រើសេវាកម្មអ៊ីនធឺណិតមួយ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅសាកសួរ ហើយនារីម្នាក់នោះបានឆ្លើយថា បក្ខពួករបស់នាងបានប្រគល់ទ្រព្យសម្បត្តិដែលប្លន់បានពីជនរងគ្រោះឱ្យនាងយកទៅលក់ តែនាងមិនស្គាល់ក្រុមជនសង្ស័យទេ ប៉ុន្តែនាងមិនទាន់បានលក់ផង ស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
មន្ត្រីរូបនោះបន្តទៀតថា ករណីនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលលោកថា បាត់បាត់ខ្សែក ១ ខ្សែ មានបន្តោង ៤ និងនាឡិកាម៉ាករ៉ូឡិច ១ គ្រឿង ដែលគិតជាប្រាក់ស្មើប្រមាណ ១០ ម៉ឺនដុល្លារ។ ប៉ុន្តែជាក់ស្តែងមានតែខ្សែកប្លាទីន ១ ខ្សែ ស្តើង និងបន្ដោងខ្សែក ៣ និងនាឡិកាដែលបាត់ ១ គ្រឿងនោះក៏បានមកវិញដែរ។ តែករណីនេះលោកនៅបន្តផ្ទៀងផ្ទាត់ដោយតម្រូវឱ្យជនរងគ្រោះយកវិក្កយបត្រដែលទិញរបស់ទាំងអស់នោះមកបញ្ជាក់សិនព្រោះបើមើលទៅខ្សែក និងនាឡិកានោះមិនស័ក្តិសមនឹងតម្លៃដែលជនរងគ្រោះអះអាងថា គិតជាប្រាក់ស្មើនឹង ១០ ម៉ឺនដុល្លារនោះទេ៕