
លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានថ្លែង ក្នុងពិធីបើកវេទិកាសាធារណៈជាមួយសង្គមស៊ីវិល។ ហុង មិនា
ភ្នំពេញៈ គោលដៅចំណាយសាធារណៈឆ្នាំ ២០២៣ នឹងផ្តល់លទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយយកមនុស្សជាអាទិភាពទី១ ព្រមទាំងរៀបចំសង្គមកម្ពុជាឲ្យកាន់តែមានភាពធន់រឹងមាំតាមរយៈការពន្លឿនវិស័យអប់រំ លើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងគុណភាពសុខាភិបាល ប្រព័ន្ធគាំពារសង្គម និងបន្តស្តារ និងពង្រឹងមូលដ្ឋានអភិវឌ្ឍសង្គមសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំបន្ទាប់ពីវិបត្តិកូវីដ ១៩។
លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានថ្លែង ក្នុងពិធីបើកវេទិកាសាធារណៈ ស្តីពី «ការចូលរួមរបស់ពលរដ្ឋ ក្នុងដំណើរការនៃការកសាងផែនការថវិកា និងការតាមដានលើចំណូល ចំណាយថវិកាសាធារណៈក្នុងបរិបទក្រោយកូវីដ ១៩»នៅ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោក ឈាង វុន បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ ទស្សនៈវិស័យកម្ពុជានឹងធ្លាក់ចូលនិន្នាការ វិនិយោគដែលរំពឹងថា នឹងសម្រេចបានតម្លៃខ្ពស់ដោយសារកត្តា ២ គឺ កត្តាខាងក្នុង និងកត្តាខាងក្រៅ។
លោកថា កត្តាខាងក្រៅ គឺឆ្លុះបញ្ជាំងពីតម្រូវការខាងក្រៅ តាមរយៈការរំពឹងទុកក្នុងការងើបឡើងវិញក្នុងតម្រូវការសង្គមសេដ្ឋកិច្ចជាពិសេសទាំងក្នុងតំបន់និងសាកល ដោយសារការគ្រប់គ្រងបានល្អប្រសើរ នូវស្ថានភាពកូវីដ ១៩។ កកត្តាខាងក្នុង គឺឆ្លុះបញ្ជាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ យ៉ាងម៉ឺងម៉ាត់ ជាពិសេសការសម្រេចបាននូវការគ្របដណ្តប់ខ្ពស់ពីការចាក់វ៉ាក់សាំងកូវីដ ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការកែទម្រង់ទាំងផ្នែកទិដ្ឋភាពរដ្ឋបាល និងគោលនយោបាយ សំដៅធ្វើឲ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចពន្លឿនពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ចព្រមទាំងជំរុញការអភិវឌ្ឍឌីជីថលពាណិជ្ជកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ។ ឈរលើទស្សនវិស័យនេះ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ រំពឹងថានឹងសម្រេចបាន ៦,៦ ភាគរយ និងអត្រាអតិផរណាអាចគ្រប់គ្រងបានក្នុងរង្វង់ ២,៥ ភាគរយ»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា តំណាងក្រុមការងារថវិកាបានឲ្យដឹងថា ការចូលរួមរបស់ពលរដ្ឋនៅក្នុងដំណើរការនៃការរៀបចំថវិកាពិតជាមានសារៈសំខាន់ណាស់ ព្រោះដំណើរការនេះអាចជួយឲ្យអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការរៀបចំផែនការវិនិយោគ បានដឹងពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋព្រមទាំងជួយជំរុញ និងលើកកម្ពស់នូវតម្លាភាព និងគណនេយ្យភាព សំដៅឆ្ពោះទៅរកការសម្រេចបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។
លោកថ្លែងថា៖ «ក្របខណ្ឌច្បាប់នៅថ្នាក់ក្រោមជាតិ មានច្បាប់ និងគោលនយោបាយជាច្រើន ដែលត្រូវបានតាក់តែងទ្បើង ដើម្បីលើកកម្ពស់ការចូលរួមពីសាធារណៈជន ជាពិសេសក្នុងការរៀបចំ និងការត្រួតពិនិត្យការអនុវត្តថវិកា។ ប៉ុន្តែការអនុវត្តច្បាប់ និងបទបញ្ជានៅថ្នាក់ក្រោមជាតិទាក់ទងនឹងការចូលរួមពីសាធារណៈជននៅទូទាំងប្រទេស គឺនៅតែមានចន្លោះប្រហោងខ្លះ និងមិនទាន់មានប្រសិទ្ធភាពទាំងស្រុងនៅឡើយ»។
លោក វណ្ណារ៉ា បញ្ជាក់ថា ដើម្បីចូលរួមក្នុងដំណើរការនៃការកសាងផែនការវិនិយោគ និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាមទារឲ្យមានចំណុចសំខាន់ៗ រួមមាន ការបង្កើនចំណេះដឹងរបស់អ្នកចូលរួម ជាពិសេសពលរដ្ឋនៅសហគមន៍មូលដ្ឋាន។ ការសម្របសម្រួលឲ្យមានយន្តការ និងនីតិវិធី ឬការណែនាំជាលក្ខណៈប្រព័ន្ធដែលអាចបង្កភាពងាយស្រួលដល់ការចូលរួម និងត្រួតពិនិត្យតាមដានរបស់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនានា និងការធានាឲ្យមានយន្តការទទួលបានទិន្នន័យ និងព័ត៌មានត្រឡប់ជាផ្លូវការពីក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាយន្តការប្រមូលធាតុចូលពីសាធារណៈជន ដើម្បីលើកកម្ពស់ការចូលរួមទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកស្រី សុខ ច័ន្ទឆវី តំណាងនាយិកាអង្គការអុកស្វាមកម្ពុជាថ្លែងថា ការអភិវឌ្ឍប្រកបដោចីរភាព និងបរិយាប័ន្នត្រូវការ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន មានស្ថានប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការជាតិ និងអន្តរជាតិ ផងដែរ។
លោកស្រីថ្លែងថា៖ «ការចូលរួមពីអង្កការសង្គមស៊ីវិល និងសាធារណៈជន នឹងធ្វើឲ្យគោលនយោបាយទាំងអស់មានការឆ្លើយតប និងផ្តល់អាទិភាពជាខ្លាំងទៅដល់ ក្រុមជនដែលងាយរងគ្រោះ ក្រុមជនដែលស្ថិតនៅខ្សែបន្ទាត់ភាពក្រីក្រជាពិសេសក្មេងស្រី និងស្ត្រី តាមរយៈការបង្កើនការកៀគរចំណូលប្រកបដោយប្រសិទ្ធភាព សមធម៌ជាមួយនឹងការវិនិយោគ និងចំណាយសាធារណៈ ទៅលើវិស័យសង្គម»៕