​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​តួក​គី​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អាណត្តិ លោកស្រី អាយ​ដា អ៊ុន​លូ (Ayda Unlu) បាន​ថ្លែងថា លោកស្រី​នឹង​បន្ត​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​តួ​កគី កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត ទោះបី​លោកស្រី​បាន​ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​ក៏ដោយ​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​នាយក​រ​ដ្ឋមន្ត្រី​ ហ៊ុន សែន។

ការ​ថ្លែង​របស់​លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត ​បាន​ធ្វើឡើ​ង​នៅ​ក្នុងជំនួប​ជាមួយ​លោក ហ៊ុន សែន នា​ថ្ងៃទី​ ២៣ ខែមិថុនា​។​

ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់​បន្ទាប់ពី​ជំនួប​នេះ​ថា​៖ «​លោកជំទាវ​ពិតជា​មាន​កិត្តិយស​ជាទីបំផុត ដែល​បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា ដើម្បី​បាន​បម្រើ​ទាំង​តួកគី នឹង​កម្ពុជា ហើយ​ការចាកចេញ​ពី​ប្រទេស​កម្ពុជា លោកជំទាវ មាន​អារម្មណ៍​ថា ដូចជា​ការចាកចេញ​ពី​ផ្ទះ​ដែល​កំពុងតែ​រស់នៅ​។ ទោះបីជា​យ៉ាងណាក៏ដោយ​លោកជំទាវ អាយ​ដា បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា លោកជំទាវ នឹង​បន្តធ្វើ​ការធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត មិន​ថា​លោកជំទាវ​នៅទីណា​ទេ​»​។

លោកស្រីអរគុណ​ដល់​លោក ហ៊ុន សែន ដែល​បានផ្ដល់​មេដាយ​សហ​មេត្រី​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ជូន​លោកស្រី និង​បាន​បញ្ជាក់ថា រយៈពេល​ជាង ៤​ ឆ្នាំ​នៃ​បេសកកម្ម​នៅ​កម្ពុជា ទោះបី​ជំងឺ​កូ​វីដ​១៩ បាន​រាតត្បាត​ពិភពលោក​ជាង​ ២ ​ឆ្នាំកន្លងមក​ក៏ដោយ ក៏​លោកស្រី​បានធ្វើការ​មួយចំនួន​ក្នុងការ​ពង្រីកពង្រឹង​ទំនាក់ទំនង​ទាំង​ពាណិជ្ជកម្ម និង​ទាំង​នយោបាយ​រវាង​ប្រទេស​ទាំង ២​។​ ក្នុងនោះ​លោកស្រី បានរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅកាន់​ប្រទេស​តួកគី​ជា​បន្តបន្ទាប់​ទៀត​។

លោក ហ៊ុន សែន បាន​ចាត់ទុកថា លោកស្រី​មាន​ស្នាដៃ​ធំធេង​ក្នុងការ​បំពេញបេសកកម្ម​ការទូត​យ៉ាង​រស់​រវើក និង​ផ្លែផ្កា និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​តាមរយៈ​បេសកកម្ម​ការទូត​របស់លោក​ស្រី ដែល​បាន​ពង្រឹង ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​តួ​ក​គី​។​

ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា លោកស្រី​បានរៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់លោក ហ៊ុន សែន ទៅកាន់​ប្រទេស​តួកគី ដោយ​រៀបចំ​មូលដ្ឋាន​ជាច្រើន​សម្រាប់​ពង្រីក ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ដែល​ចាំតែ​ពេលវេលា​ប៉ុណ្ណោះ ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ នឹង​កើនឡើង​ទៅដល់​ចំនួន​ដែល​បានកំណត់​ទុក​។

លោក ហ៊ុន សែន អរគុណ​ដល់​លោកស្រី អាយ​ដា និង​រដ្ឋាភិបាល​តួ​ក​គី ដែល​បាន​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ទាំង​ការជួយ​ដល់​ជនក្រីក្រ ការសង់​ផ្ទះ​ជូន​ជនក្រីក្រ និង​ការធ្វើ​ផ្លូវ​តាម​ជនបទ​។

កាលពី​ខែកុម្ភៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុ​ជា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី​រយៈពេល ២ ថ្ងៃ ហើយ​លោក​បាន​បើកសម្ពោធ​ស្ថានទូត​របស់​កម្ពុជា​នៅក្នុង​ប្រទេស​តួ​ក​គី​ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឆ្ពោះ​ឡើង ១ កម្រិត​ទៀត​។ លោក​ក៏​ធ្លាប់បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​កាលពី​ឆ្នាំ​ ២០១៨ ផងដែរ​។​

កាលពី​ឆ្នាំ ​២០២០ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​ដឹកនាំ​ប្រតិភូ​យោធា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក ​គី​រយៈពេល ៦ ថ្ងៃ​។​

កាលពី​ឆ្នាំ ​២០១៨ លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​ គី​រយៈពេល ​២ ​ថ្ងៃ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ដើម្បី​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ប្រទេស​ទាំង ២​។​

ចំណែក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង វិញ ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​ គី​នៅ​ឆ្នាំ ​២០១៩ ផងដែរ​។ លោក​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​កម្ពុជា និង​តួ​ក​គី​។​

លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាពថ្លែងថា តួ​ក​គី​ប្រហែលជា​មិនជា​ប្រទេស​ដែល​សំខាន់​ដែល​កម្ពុជា​ផ្តោត​ការយកចិត្តទុកដាក់​សំខាន់​ខ្លាំង​ទៅលើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នោះទេ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​ជា​ប្រទេសមួយ​នៅក្នុង​សហគមន៍​អឺរ៉ុប​ដែល​ដើរតួនាទី​សំខាន់​មួយផ្នែក​ដែរ​។​

លោក​ថ្លែងថា​៖ «​សម្រាប់​ទំនាក់ទំនង​នៅក្នុង​តំបន់​អឺរ៉ុប​ជាមួយ​អាស៊ី ​តិច​ឬ​ច្រើន ​គឺ​ត្រូវតែ​ផ្សារភ្ជាប់​ជាមួយនឹង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ជាពិសេស​គឺ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយក៏​វា​ផ្សារភ្ជាប់​គ្នា​ដែរ​ចំពោះ​ទីផ្សារ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។​ កម្ពុជា​ក៏​នឹង​ត្រូវការ​ការពង្រឹង​នូវដៃគូ​ក៏ដូចជា​ទីផ្សារ​ពាណិជ្ជក​ម្ម​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​ដែរ​ទៅ​ថ្ងៃ​អនាគត​»​។​

លោក យង់ គិ​ម​អេង ថ្លែងថា ពិតមែនតែ​តួ​ក​គី​មិនមែនជា​ប្រទេស​ដែល​ផ្ដោតទៅលើ​បញ្ហា​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ​បើសិនជា​កម្ពុជា​ចង់​ចូល​នៅក្នុង​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដែល​កម្ពុជា​មិន​ផ្ដោត​តែ​ទៅលើ​តួ​ក​គី ប្រហែល​កម្ពុជា​ត្រូវការ​កែលម្អ​លក្ខខណ្ឌ​ជាច្រើន​ទាំង​បញ្ហា​សិទ្ធិមនុស្ស​ទាំង​បញ្ហា​ប្រជាធិបតេយ្យ និង​បញ្ហា​គុណភាព​នៃ​ទំនិញ​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​៕