ភ្នំពេញៈ​ ចំពេល​មានការ​​បារម្ភ​កាន់​តែ​ខ្លាំង​ពី​កាក​សំណល់​ប្លា​ស្ទិក​នៅ​ក្នុង​ដែន​សមុទ្រ អគ្គ​លេខាធិ​ការ​ដ្ឋាន​អាស៊ាន​បាន​សន្យា​ថា​ នឹង​បន្ត​សហ​ការគ្នា​ជាមួយ​រដ្ឋ​សមា​ជិក​អាស៊ាន​ និង​ដៃគូ​នានា ​ដើម្បី​ពង្រឹង​ និង​ពន្លឿន​ប្រតិបត្តិ​ការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កាកសំណល់​ប្លា​ស្ទិក​ទាំងនេះ​ ខណៈ​ធនាគារ​ពិភព​លោក ​(WB)​ បាន​អនុ​ម័ត​កញ្ចប់​ថវិកា ​២០ ​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ជួយ​​អាស៊ាន​ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ពីប្លា​ស្ទិក​ក្នុង​ដែន​សមុទ្រ​។

ដោយ​បាន​មើល​ឃើញ​ពី​កង្វល់​របស់​ប្រទេស​ក្នុង​តំបន់​និង​អន្តរជាតិ​​អំពី​កាក​សំណល់​ប្លា​ស្ទិ​ក​នៅក្នុង​ដែនសមុទ្រ​ដែលកំពុង​កើន​ឡើង ទើប​បេស​កកម្ម​នៃ​សា​ធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន​ នៅ​ថ្ងៃទី​ ២៣ ខែមិថុនា បាន​រៀបចំ​វេទិកា​តាម​អន​ឡាញ​មួយ​ស្តីពី​បញ្ហា​កាក​សំណល់​ប្លាស្ទិ​ក​នៅ​ក្នុង​ដែនសមុទ្រ​ក្នុង​តំបន់​អាស៊ា​ន។ ការរៀបចំ​វេទិកានេះ​ គឺដើម្បីផ្ត​ល់​អនុ​សាសន៍​ស្វែង​រក​ផ្លូវ​ឆ្ពោះ​ទៅមុខ​សម្រាប់​កិច្ច​ព្រមព្រៀ​ង​ជា​អន្តរ​ជាតិ​ និង​ដើម្បី​ចងក្រង​កិច្ចព្រម​ព្រៀង​ស្រប​ច្បាប់​មួយ​ ដោយ​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ Regional Know​ledge Centre for Marine Plastic Debris (RKC-​MPD) នៃ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​សម្រាប់​អាស៊ាន​និង​អាស៊ី​បូព៌ា (​ERIA) ដែល​ជា​អ្នក​រៀបចំ​វេទិកា​នេះ​។

វេទិកា​នេះ​ធ្វើ​ឡើង​ក៏​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹ​ង​ផង​ដែរ​អំពី​ស្ថាន​ភាព​គួរឱ្យ​​បារម្ភ​នាពេល​បច្ចុប្បន្ន​ជុំវិញ​កាក​សំណល់​ប្លា​ស្ទិក​នៅក្នុង​ដែនសមុទ្រ​ និង​តម្រូវ​ការ​បន្ទាន់ ​ដើម្បី​ដោះស្រា​យ​បញ្ហា​នេះ​ជា​អន្ត​រជាតិ​ដែល​ត្រូវខិត​ខំ​ប្រឹង​ប្រែង​បង្ការ​ ទប់ស្កាត់ ពី​ភាគី​ពាក់​ព័ន្ធ​នានា ​និង​ទទួល​អនុ​សាសន៍​ពី​ពួកគេ​មក​​បង្កើត​គោល​នយោ​បាយ​មួយ​ដើម្បី​ធ្វើឱ្យ​សន្និ​បាត​បរិស្ថាន​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​(UNEA5.2) កាន់​តែ​ប្រសើរ​ឡើង​និង​ជា​ដំណោះស្រាយ​សម្រាប់​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ដែល​មាន​ភាព​ស្រប​ច្បាប់​។

អគ្គ​លេខា​ធិកា​ររង​​អាស៊ាន​ទទួល​បន្ទុក​សហ​គមន៍​សង្គម​វប្បធម៌​អាស៊ា​ន (A​SCC) លោក Ekkaphab Phanthavong​ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា នៅ​កម្រិត​តំបន់​ វេទិកា​នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អា​ស៊ាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​កាក​សំណល់​នៅ​ក្នុង​ដែនសមុទ្រ​។

លោក​ថ្លែង​ថា វា​ផ្តល់នូវ​វេ​ទិកា​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ​ការ​កសាង​សមត្ថ​ភាព និង​ភាព​ជា​ដៃគូ​ស្រប​តាម​វិស័យ​អាទិ​ភាព​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ផែនការ​សកម្ម​ភាព​ក្នុង​តំបន់​អាស៊ាន​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​កាក​សំណល់​ក្នុង​ដែន​សមុទ្រ​របស់​រដ្ឋ​សមា​ជិក​អា​ស៊ាន​។

លោក​ Phan​tha​vong​ បន្ថែម​ថា៖ «លេខាធិ​ការ​ដ្ឋាន​អាស៊ាន​នឹង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ប្រទេស​សមា​ជិក​អាស៊ាន​ និង​ដៃគូ​ដទៃទៀ​ត ដើ​ម្បី​ពង្រឹង​ និង​ព​ន្លឿ​ន​ប្រតិ​បត្តិកា​រ​សកម្មភា​ព។ វា​ដល់ពេល​ហើយ​សម្រាប់​យើង​ក្នុងការ​ចាប់​ដៃ​គ្នា​និង​ធ្វើការ​រួមគ្នា​ដើម្បី​ដាក់​ចេញ​គោល​នយោបា​យ​និង​ផែន​ការជា​យុទ្ធ​សាស្ត្រ​ និង​សកម្ម​ភាព​រួមគ្នា ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​នេះ»។

លោក​បាន​បន្តថា ​ការរួម​ចំណែក​ពី​វេទិកា​នេះ​នឹង​​ផ្តល់​ជា​អនុ​សាសន៍​ដល់​ការអនុ​វត្ត​ក្រប​ខ័ណ្ឌ​ទូលំ​ទូលាយ​របស់​អាស៊ាន​ស្តីពី​ការយ​កចិ​ត្តទុកដាក់​លើ​សេដ្ឋកិច្ច​, ក្របខ័ណ្ឌ​នៃ​ការ​ស្តារ​ឡើង​វិញ​ដ៏​ទូលំទូ​លាយ​របស់​អាស៊ាន​ និង​សេចក្តី​ប្រកាស​របស់​មេដឹក​នាំ​អាស៊ាន​ ស្តីពី​សេដ្ឋ​កិច្ច​ពណ៌​ខៀវ ​ដែល​កត់​សម្គាល់​ពី​គ្រោះ​ថ្នាក់​នៃ​កាក​សំណល់​ប្លា​ស្ទិក​នៅ​ក្នុង​ដែនសមុទ្រ ដែល​កំពុង​ក្លាយ​ជា​កង្វល់​ឆ្លង​ដែន​។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ​វេទិកា​នេះ​ក៏​នឹង​រួមចំ​ណែក​ដល់​សហ​គមន៍​អាស៊ាន​នូវ​បេសក​កម្ម​ក្រោយ​ឆ្នាំ ២០២៥​ (post-2025​Mission) ផង​ដែរ។ យើង​ចែក​រំលែក​ចក្ខុ​វិស័យ​ ដើម្បី​អត្ថ​ប្រយោជន៍​នៃ​ខិតខំ​ប្រឹង​ប្រែង​នេះ​។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​យើង​អាច​បន្ត​ធ្វើការ​រួមគ្នា ដើ​ម្បី​ដែន​សមុទ្រ​ស្អាត​និង​មាន​សុខភាព​ល្អ។ ខ្ញុំ​សូម​ជូនពរ​ដល់​វេទិកា​នេះ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ»​។

ឯក​អគ្គរ​ដ្ឋទូត​សា​ធារ​ណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន​លោក​ Kwon Hee-seog បាន​ថ្លែងក្នុង​ពិធី​នោះ​ថា អ្វីដែលត្រូវការ​បន្ទាន់​ក្នុង​ដំណាក់​នេះ គឺ​គោល​នយោ​បាយ​ដែល​មាន​ភាព​ស៊ី​ចង្វាក់​គ្នា និង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ដែល​អាច​រួម​បញ្ចូល​ជា​មួយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​មាន​ស្រាប់​ទាំង​នៅ​កម្រិត​ជាតិក​ម្រិត​តំបន់​និង​ពិភព​លោក ខណៈ​គេ​ត្រូវ​គិតគូ​រ​អំពី​វដ្ត​នៃ​ប្លា​ស្ទិ​ក។

លោក​បន្ត​ថា៖ «ខណៈពេ​លដែល​យើង​កំពុង​រស់នៅ​ក្នុង​ពិភ​ពលោក​មួយ​ដែលមាន​ប្លា​ស្ទិ​ក​គ្រប់​ទីកន្លែង​កិច្ចខិ​តខំ​ប្រឹង​ប្រែងរ​បស់​យើង​ក្នុងការ​ដោះស្រា​យ​បញ្ហា​នេះ​ ដើម្បី​អនុវត្ត​សក​ម្មភាព​ជាក់ស្តែ​ង ​និង​ឱ្យមាន​ប្រសិទ្ធ​ភាព ​យើង​គួរតែ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ទាំងអ​ស់ ​រួមទាំង​រដ្ឋាភិ​បាល ក្រុម​ហ៊ុនឧ​ស្សាហក​ម្ម អាជីវកម្ម ​អ្នកសិក្សា​ស្រាវ​ជ្រាវសង្គម​ស៊ីវិល និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត»​។

កាល​ពី​ថ្ងៃទី ​២២​ ខែមិថុនា​ ធនា​គារពិភពលោក ​(WB) បាន​អនុម័ត​ថវិកា​ចំនួន​ ២០​ លាន​ដុល្លារ​អាមេរិក ​សម្រាប់​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះថា​ Sout​heas​t Asia Regional Program on Combating Marine Plastics (SEA-MaP) ដើម្បី​គាំទ្រ​ដល់​រដ្ឋ​សមាជិក​អាស៊ាន​ក្នុងការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​ក្នុង​ដែន​សមុទ្រ។

WB បាន​លើក​ឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​អាស៊ី​អាគ្នេយ៍​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​មួយ​នៃ​កា​របំពុល​ដោយ​សំណល់​ប្លា​ស្ទិក​ដោយ​សារ​តែមាន​ការរីក​លូត​លាស់​នៃទីក្រុង ​និង​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​វណ្ណៈ​កណ្តាល​ យ៉ាង​ឆាប់​រហ័ស។ បញ្ហា​បំពុល​ដោយ​ប្លា​ស្ទិ​ក​នេះ​បាន​ប​ង្កឱ្យមាន​​ការខាត​បង់​ច្រើន​ក្នុងនោះ​គ្រាន់តែ​​ក្នុង​ឆ្នាំ​ ២០១៥​ សកម្ម​ភាព​សេដ្ឋកិច្ច​ពាក់​ព័ន្ធដែ​នស​មុទ្រ​នៃ​​ប្រទេស​អាស៊ានរ​ង​ការ​ខូច​ខាត​គិត​ជាទឹក​ប្រាក់​ប្រហែល ២,១ ប៊ី​លាន​ដុល្លារ​អា​មេរិក។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ត​ថា៖ «លើស​ពីនេះ​ទៅទៀត​វដ្ត​នៃ​ប្លាស្ទិ​ករាប់​ទាំង​សកម្មភា​ព​ផលិត ​និង​ដឹក​ជញ្ជូន​របស់​វា បាន​បំ​ភាយ​ឧស្ម័ន​កាបូ​និក​រាប់​ប៊ី​លាន​តោន​ទៅ​ក្នុង​ស្រទាប់​បរិយាកា​ស»។

ប្រភព​ដដែល​នោះ​បាន​បន្ថែមថា​​ WB ​នឹង​សហការ​ជាមួ​យ​លេខាធិ​ការដ្ឋា​ន​អាស៊ាន ​និង​ដៃគូ​នានា​នៅ​កម្រិត​តំបន់​និង​នៅ​តាម​ប្រទេស​ក្នុង​ការងារ​ពង្រឹង​គោលន​យោបាយ និ​ង​ក្រប​ខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ដែល​គ្រប់​គ្រង​សកម្ម​ភាព​ផលិត​ និង​ការ​ប្រើប្រា​ស់​វត្ថុ​ធ្វើពី​ប្លា​ស្ទិ​ក​នៅអាស៊ី​អាគ្នេ​យ៍។​

គម្រោង​នេះ​មាន​គោល​ដៅ​កាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក បង្កើន​សកម្មភា​ព​កែច្នៃ​ឡើង​វិញ និង​ទប់ស្កាត់​ការ​បំពុល​ក្នុង​ដីនិង​ក្នុង​ដែនស​មុទ្រ។ គម្រោង​នេះ​ក៏​នឹង​ជួយ​ផងដែរ​ដល់​បណ្តា​សកម្មភា​ព​សេដ្ឋកិ​ច្ច​ពាក់​ព័ន្ធ​ឆ្នេរ​សមុទ្រ​ និង​ដែនស​មុទ្រដែ​ល​រង​ផល​ប៉ះពា​ល់​អាក្រក់​ខ្លាំង​ពី​សំរាម​ក្នុង​ផ្ទៃ​សមុទ្រ​ ជាពិសេស​វិស័យសំ​ខាន់ៗមួយ​ចំនួន​​ដូចជា ផ្នែ​ក​នេសា​ទ ទេសច​រណ៍ និង​នាវា​ដឹក​ជញ្ជូន​ទំនិញ។​

លោក​ស្រី ​Manuela V. Ferro អនុ​ប្រធាន​ធនា​គារ​ពិភ​ពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិក​បាន​ថ្លែង​ថា៖​ «យើង​រីករាយ​ក្នុង​ការ​ជួយ​រដ្ឋ​សមា​ជិក​អាស៊ាន​ក្នុង​កិច្ច​ស​ហការ​គ្នាដើម្បី​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិក​នៅក្នុង​ដែនទឹ​ក​ទន្លេ​ និង​សមុទ្រក៏​ដូចជា​ក្នុងការ​ស្វែងរ​ក​ដំណោះ​ស្រាយ​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​​ដែល​កាក​សំណល់​​ប្លា​ស្ទិ​ក​អាច​បង្ក​ដល់​សេដ្ឋ​កិច្ច បរិ​ស្ថាន អាកាស​ធាតុ និង​សុខ​ភាព​របស់​ប្រជា​ជន»៕