ភ្នំពេញៈ ​កិច្ចចរចា​រក​ដំណោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ លើក​ទី​១៤ ដែល​សម្របសម្រួល​ដោយ​ក្រសួង​ការងារ មិនទាន់​ឈានដល់​ចំណុចរួម ខណៈ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ក៏បាន​ផ្អាក​បង់​ភាគទាន ប​.​ស​.​ស. ​ដល់អ្នក​កូដ​ករ​ដោយ​អះអាងថា​មិនបាន​បំពេញការងារ​។​

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី ​២២ ខែ មិថុនា ឆ្នាំ ​២០២២ នេះ ក្រសួង​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​មកជួប​ប្រជុំ​ដោះស្រាយ ជា​លើក​ទី​១៤ ដោយមាន​ការចូលរួម​ពី​តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក ដូច​សព្វដង​។ ​ក្នុងនោះ មតិ​របស់​តំណាង​ភាគី​កម្មករនិយោជិត ឈរលើ​ឆន្ទៈ​របស់​កូដ​ករ​ដែល​រក្សា​ជំហរ​ដដែល ដោយ​ស្នើឱ្យ​កម្មករនិយោជិត ២០០​ នាក់ ដែល​បាន​បញ្ឈប់​ពី​ការងារ​ឱ្យចូល​ធ្វើការ​ងារ​វិញ​។​ ស្នើសុំ​បើក​ការិយាល័យ​សហជីព​ដែល​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឡើងវិញ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ការងារ​វិញ ដោយសារ​ម្ចាស់ផ្ទះ​នៅតែ​បន្ត​ទាមទារ​ប្រាក់​ជួល​ផ្ទះ ដែលមាន​ម៉ូតូ និង​សម្ភារ​ផ្សេងៗ​នៅក្នុង​នោះ​។ ស្នើសុំ​ទម្លាក់​រាល់​បទ​ចោទ​ទាំងអស់​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​ដែល​ត្រូវបាន​ចោទប្រកាន់​។​

តំណាង​សហជីព​ក៏បាន ស្នើ​ក្រុមហ៊ុន​បញ្ឈប់​ការរើសអើង​អ្នកធ្វើ​កូដកម្ម តាមរយៈ​ការផ្អាក​បង់​ភាគទាន ប​.​ស​.​ស. និង​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាកលម្ហែ​មាតុភាព បើ​ផ្អែក​តាម​គោលការណ៍​មនុស្សធម៌ កូដ​ករ​ដែល​អត់ ចំណូល​រាប់​ខែ​ហើយ​មិន​ទទួលបាន​ថវិកា​ពេល​សម្រាលកូន និង​មិនអាច​ប្រើ​សេវា ប​.​ស​.​ស. បាន​ពេល​មាន​ជំងឺ ជា​រឿង​មិនគួរ​កើតមាន​ទេ​។

សហជីព គូសបញ្ជាក់ថា នេះ​មិនមែន​ជាការ​អវត្តមាន​គ្មាន​ច្បាប់​ពី​ការងារ​ទេ ប៉ុន្តែ​ជាការ​អនុវត្ត​សិទ្ធិ​ដែលមាន ចែង​ក្នុង​ច្បាប់ ហើយក៏​មិនមាន​ច្បាប់​ស្ដីពី ប​.​ស​.​ស. ដែល​ចែងថា​និយោជក​អាចផ្អាកបង់​ភាគទាន ប​.​ស​.​ស. នៅពេលដែល​កម្មករនិយោជិត​ធ្វើ​កូដកម្ម​ដូចគ្នា​។​ ចំណែក​មតិ​របស់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​លើកឡើងថា ចំនួន​បុគ្គលិក​ដែល​បាន​បញ្ឈប់​ពី​ការងារ​រួមដែល​នៅ​សេសសល់​ត្រឹមតែ ១៧២ ​នាក់ និងអំពាវនាវ​ឱ្យ​កម្មករ​ដែល​នៅ​សេសសល់​ទាំងនេះ​គួរតែ​ទទួលយក​ការសម្របសម្រួល​ពី​ក្រសួង​ការងារ ឬ​ជំនួយ​ក្នុង ការបកស្រាយ​បន្ថែម​អំពី​កញ្ចប់​បញ្ចប់​កិច្ចសន្យា​ដោយ​ការព្រមព្រៀង​។

ក្រុមហ៊ុន​បានឱ្យដឹងថា មកដល់ពេលនេះ​ចំនួន​បុគ្គលិក​អវត្តមាន​ដោយ​គ្មាន​ច្បាប់មាន​ចំនួន ៣៥៥ ​នាក់ ប៉ុណ្ណោះនិង​អំពាវនាវ​ឱ្យ​បងប្អូន មិនគួរ​បន្ត​អវត្តមាន​ដោយ​គ្មាន​ច្បាប់​ទៀត​ទេ និង​ត្រឡប់មក​ធ្វើការ​វិញទាន់ពេលក្រុមហ៊ុនបន្ត​អនុញ្ញាតឱ្យ​ចូលធ្វើកា​រវិ​ញ ដោយ​មិន​ប្រកាន់​ទោសពៃរ៍​នោះទេ​។

ទាក់ទង​ការផ្អាក​បង់ ប​.​ស​.​ស. វិញ ក្រុមហ៊ុន​ថា​៖«​ជាធម្មតា ការបង់​ភាគទាន​ជូន ប​.​ស​.​ស. ត្រូវ​ផ្អែកលើ​ចំណូល​ជាក់ស្តែង​របស់​បុគ្គលិក​ម្នាក់ៗ បើ​បុគ្គលិក​មិនបាន​ធ្វើការ ហើយ​គ្មាន​ចំណូល ក្រុមហ៊ុន​មិនអាច​បង់​ភាគទាន ប​.​ស.ស​. សម្រាប់​បុគ្គលិក​នោះទេ​។ ដូច្នេះ មិនមាន​ការរើសអើង​ចំពោះ​អ្នកធ្វើ​កូដកម្ម ដូច​ការលើកឡើង​នោះទេ​»​។​

ក្រសួង​ការងារ បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃទី ​៦ ខែ កក្កដា ឆ្នាំ​ ២០២២ វេលា​ម៉ោង ១៤:៣០​ នាទី ដើម្បីឱ្យ​ភាគី​ទាំងពីរ​មានឱកាស​ពិចារណា​ឡើងវិញ អំពី​លទ្ធភាព​នៃ​ការ​សម្បទាន​គ្នា​ទៅវិញទៅមក​ដែលអាចឈានទៅ​បញ្ចប់​វិវាទ​នេះ​។

សូមជម្រាបថា ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍​ប្រមាណ​ ១០០​ នាក់ កាលពី​ថ្ងៃទី​ ២០ ខែ មិថុនា ឆ្នាំ​ ២០២២ នេះ បាន​ដើរទៅ​ដា​ក់ញា​ត្តិ​នៅ​ខុ​ទ្ទ​ការិយាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ក្រោម​ដើម​ពោធិ៍​នៅមុខ​វត្ត​បុ​ទុម​វ​តី និង​រដ្ឋសភា ក្នុង​គោលបំណង​ស្នើ​ថ្នាក់ដឹកនាំ​កំពូល​ផ្តល់​កិច្ច​អន្តរាគមន៍​ក្នុង​វិវាទ​នេះ ឱ្យបាន​ឆាប់រហ័ស និង​ទទួលយកបាន​ទាំងសងខាង​។

លោក ហេង សុផាន់​ណា​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ​នៃ (​ប​.​ស​.​ស​.) ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ជាគោលការណ៍​ក្រុមហ៊ុន​ដែល​បង់​ភាគទាន​ចូល ប​.​ស​.​ស នឹង​ទទួលបាន​សេវា ប៉ុន្តែ​បើសិន​ក្រុមហ៊ុន​មិន​បង់​ភាគទាន​ចូល ប​.​ស​.​ស. ចាប់ពី​ ២ ​ខែ​ឡើងទៅ កម្មករនិយោជិត​នឹងមិន​ទទួល​សេវា​បានទេ​។ ប៉ុន្តែ​លោក​ថា ​ចំពោះ​ករណី​ណាហ្គា​វើ​លដ៍​លុះណាតែ​មានការ​ចុះ​អង្កេត ទើប​អាច​សន្និដ្ឋានបាន​។

លោក​ថា​៖ «​ខ្ញុំ​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ដោយសារ​យើង​មិនទាន់​ដឹងថា​ រឿង​យ៉ាងម៉េច ជាធម្មតា​ថា​មកពី​កម្មករ​ខ្លួនឯង​ឬ​មកពី​ក្រុមហ៊ុន យើង​ត្រូវ​ពិនិត្យ​អង្គហេតុ នៅក្នុង​ករណី​គាត់​មាន​គ្រោះថ្នាក់ បើ​គាត់​នៅ​ប្រើប្រាស់​សេវា ប​.​ស​.​ស. យើង​ចាត់​ឱ្យ​អធិការកិច្ច​ចុះទៅ​អង្កេតថា ​ផ្តល់​សេវា ឬ​មិន​ផ្តល់​»​៕​