
លោក សុខ លូ អភិបាលខេត្តបាត់ដំបង។ រូបថត ហ្វេសប៊ុក សុខ លូ-Sok Lou
បាត់ដំបងៈ អភិបាលខេត្តបាត់ដំបងលោក សុខ លូ ត្រូវបានព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរភារកិច្ចពីអភិបាលខេត្តកំពង់ធំ មកកាន់តំណែងជាអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១។
ចាប់តាំងពីចូលកាន់តំណែងជាអភិបាលខេត្តបាត់ដំបង អភិបាលខេត្តដែលមានដើមកំណើតនៅខេត្តនេះដែរនោះបានបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព។ ជាពិសេសក្នុងអាណត្តិរបស់លោកដឹកនាំលោកបាននិងកំពុងរៀបចំប្រែក្លាយទីក្រុងបាត់ដំបងឱ្យទៅជាទីក្រុងវៃឆ្លាត និងចង់ឱ្យប្រជាពលរដ្ឋនៅខេត្តបាត់ដំបងមានជីវភាពធូរធារ និងសេដ្ឋកិច្ចរុងរឿង។
ជាកូនអ្នកខេត្តបាត់ដំបងលោក សុខ លូ មានស្រុកកំណើតនៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល។ ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍លោកអភិបាលខេត្តបានបង្ហាញពីបំណងក្នុងការគ្រប់គ្រង និងការអភិវឌ្ឍខេត្តបាត់ដំបងក្នុងដំណើរឆ្ពោះទៅរកការជំរុញឱ្យមានការប្រែក្លាយទីក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត។ ជាមួយគ្នានេះ ក្នុងអាណត្តិដឹកនាំរបស់ខ្លួន អភិបាលខេត្តរូបនេះចង់ឃើញប្រជាពលរដ្ឋរស់នៅជាមួយនឹងជីវភាពធូរធារ និងសុខសុវត្ថិភាពគ្រប់គ្រាន់។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងភ្នំពេញប៉ុស្តិ៍ និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ។
តើសមិទ្ធផលសំខាន់ៗអ្វីខ្លះដែលសម្រេចបានចាប់តាំងពីលោកចូលកាន់តំណែងជាអភិបាលខេត្តបាត់ដំបង?
ចាប់តាំងពីខ្ញុំចូលកាន់តំណែងជាអភិបាលខេត្តបាត់ដំបងសមិទ្ធផលធំៗដែលសម្រេចបាន គឺយើងបន្តរក្សានូវអ្វី ដែលអភិបាលខេត្តមុនសម្រេចបាន និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង។
យើងបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។ យើងទទួលបានជោគជ័យធំណាស់ចាប់តាំងពីកម្ពុជាយើងឆ្លងជំងឺកូវីដ ១៩ រហូតមកដល់បច្ចុប្បន្ន គឺមិនមានការឆ្លងទៀតទេ។ ក្នុងនោះ ក៏មាននូវសមិទ្ធផលផ្សេងទៀត ដូចជាយើងបានធ្វើការកសាងផ្លូវថ្នល់នានាក្នុងខេត្តដោយផ្លូវខ្លះ ក៏បានកសាងបញ្ចប់ និងផ្លូវខ្លះទៀតក៏យើងបន្តធ្វើជាបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងធ្វើដំណើរ និងដឹកជញ្ជូនទំនិញមានភាពងាយស្រួល។
តើលោកផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋដោយរបៀបណា?
ការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ គឺជាទិសដៅធំរបស់ខ្ញុំជាថ្នាក់ដឹកនាំខេត្តនេះ គឺធ្វើយ៉ាងណាដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលមានការខ្វះខាត។ ក្នុងនាមខ្ញុំជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះទៅគ្រប់ទាំង ១៤ ក្រុង-ស្រុក គឺគ្មានសល់ចន្លោះកន្លែងណាទេ។ បេសកកម្មនេះ យើងមិនបញ្ចប់ត្រឹមនេះទេ យើងបន្តធ្វើរហូតឱ្យតែបងប្អូនរបស់យើងមានការលំបាក គឺយើងចុះទៅសួរសុខទុក្ខពួកគាត់ជានិច្ច និងប្រចាំ និងដោះស្រាយបញ្ហាទុក្ខកង្វល់នានាទៅតាមបណ្តាស្រុកឃុំភូមិទាំងអស់។ និយាយរួមឱ្យតែមានព័ត៌មានពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ខ្ញុំតែងតែចុះទៅដល់ផ្ទាល់តែម្តង ដើម្បីសួរសុខទុក្ខពួកគាត់ និងដោះស្រាយបញ្ហានានាជូនពួកគាត់។
តើខេត្តនេះ មានសក្តានុពល និងអំណោយផលសំខាន់ៗអ្វីខ្លះ?
នៅក្នុងខេត្តបាត់ដំបងយើងនេះជាខេត្តដែលមានសក្តានុពលខាងវិស័យកសិកម្ម។ វិស័យនេះ បងប្អូនរបស់យើង ប្រកបរបរកសិកម្ម ដូចជាស្រូវ ជាពិសេសចម្ការផងដែរ ដែលធ្វើឱ្យការរស់នៅរបស់បងប្អូនរបស់យើងមានជីវភាពធូរធារ និងកើនឡើង។ អ្វីដែលយើងយកចិត្តទុកដាក់ គឺខិតខំអំពាវនាវឱ្យមានការវិនិយោគខាងវិស័យកសិឧស្សាហកម្ម។ ខ្ញុំបានទាក់ទងខាងបណ្តាញវិនិយោគទុន ដើម្បីធ្វើយ៉ាងម៉េចឱ្យពួកគាត់មកវិនិយោគ ខាងកែច្នៃជាតំណាប់ស្វាយ និងតំណាប់ចេកជាដើម ដើម្បីធ្វើម៉េច ទិនុ្នផលរបស់យើងបានច្រើន ហើយកុំឱ្យសល់។ បើយើងធ្វើការទាក់ទាញវិនិយោគបែបនេះបានជីវភាពរបស់បងប្អូនរបស់យើងនឹងមានការកើនឡើង។
បញ្ហាអនាម័យ និងបរិស្ថាន តើលោកយកចិត្តទុកដាក់អនុវត្តបែបណា?
បញ្ហាអនាម័យបរិស្ថាន ខ្ញុំបានខិតខំណាស់ ដើម្បីឱ្យក្រុងរបស់យើងស្អាត គឺក្នុងបំណងរបស់យើងទាក់ទាញភ្ញៀវទេសចរ។ ព្រោះខេត្តបាត់ដំបងនេះក៏មានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍ដែរ ដោយក្នុងនោះខេត្តមានតំបន់អេកូទេសចរណ៍មានជាង ១០០ ទីតាំងនៅទូទាំងខេត្ត។ សព្វថ្ងៃនេះ ក៏អាចទាក់ទាញភ្ញៀវទេសចរមកច្រើន ដែលអាចបង្កើនជីវភាពធូរធារដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្ត។
ជាមួយគ្នានេះយើងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចទីក្រុងបាត់ដំបងដែលមានផ្ទះបុរាណច្រើនរៀបចំធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរចាប់អារម្មណ៍មកលេងកម្សាន្តច្រើន។ យើងធ្វើជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ យើងកំពុងតែខិតខំប្រឹងប្រែងធ្វើហើយ។
តើផែនការរៀបចំក្រុងបាត់ដំបងឱ្យទៅជាទីក្រុងវៃឆ្លាតអាចចាប់ផ្តើមនៅពេលណា?
ការរៀបចំទីក្រុងវៃឆ្លាតនេះ យើងបានសិក្សាជិតបញ្ចប់ហើយ ដើម្បីរៀបចំទីក្រុងបាត់ដំបងឱ្យទៅជាទីក្រុងវៃឆ្លាត។ ទីក្រុងវៃឆ្លាតនេះ បើនិយាយទៅ វាមានលក្ខណៈស្មុគស្មាញច្រើន យើងត្រូវការពេលវេលា។ យើងធ្វើបានហើយ ថាត្រូវធ្វើយ៉ាងម៉េចៗ ដោយមានដៃគូសហការមានខាងជប៉ុន ប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េចឱ្យវាទៅជាទីក្រុងវៃឆ្លាត គឺត្រូវគ្រប់វិស័យ ទាំងអស់ចូលរួម។
ឧបមាមានសំរាមថ្ងៃក្រោយទៅ យើងគ្រប់គ្រងសំរាមតាមបច្ចេកវិទ្យា ធុងសំរាម ក៏យើងត្រូវការញែកសំរាមដែរ។ រថយន្តដឹកសំរាមក៏ត្រូវដាក់ឈីប ដើម្បីដឹងថា រថយន្តទៅដល់ណាហើយ ធុងសំរាមក៏ត្រូវដឹងដែរ ធុងសំរាមពេញហើយ។ ចតឡានក៏ដូចគ្នា ប៉ុន្តែត្រូវការរយៈពេលយូរណាស់។
ប៉ុន្តែអ្វីដែលសំខាន់ដំបូងនេះយើងរៀបចំធ្វើសារមន្ទីរបាត់ដំបងឱ្យក្លាយទៅជាសារមន្ទីរវៃឆ្លាតដែលស្រុកខ្មែរយើងមិនទាន់មានទេ។ ការងារនេះ យើងបាននិងកំពុងធ្វើ និងអាចដំណើរការឆាប់ៗ។ សព្វថ្ងៃ យើងកំពុងស្នើសុំឱ្យរដ្ឋាភិបាលជប៉ុនជួយ។ បើសិនជាយើងធ្វើបានប្រហែលជាអាចទាក់ទាញភ្ញៀវទេសចរក៏បានច្រើន។ យើងចង់ចាប់ផ្តើមអាហ្នឹងមុនគេ ព្រោះមានដៃគូគេចាប់អារម្មណ៍ច្រើន។
តើលោកចាត់វិធានការលើបញ្ហាប្រឈមនានានៅក្នុងខេត្តរបៀបណា?
ប្រាកដណាស់ ទន្ទឹមនឹងយើងខិតខំបំពេញការងារគ្រប់គ្រងនេះ ការខ្វះចន្លោះនៅតែមានដូចជាការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សធនធានធម្មជាតិនៅតែមាន។ ខ្ញុំបានដាក់វិធានការឱ្យទាំងអស់គ្នា យកចិត្តទុកដាក់ ចាត់វិធានការ ការពារតំបន់ការពារធម្មជាតិទាំងនោះឱ្យបានជាដាច់ខាត។
សម្រាប់គ្រឿងញៀននៅតែមាន បើទោះបី យើងខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ។ ប៉ុន្តែអាជ្ញាធរ មិនដែលព្រងើយកន្តើយនោះទេ គឺខិតខំលុបបំបាត់បញ្ហាគ្រឿងញៀននេះ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាប្រឈមផ្សេងទៀត គឺនៅតែបន្តធ្វើ និងចាត់វិធានការជាបន្តបន្ទាប់។ និយាយរួម វាមិនទាន់ល្អ ១០០% នៅឡើយទេ។
តើអ្វីដែលលោកចង់បានក្នុងនាមអាណាព្យាបាលខេត្តបាត់ដំបង?
ជារួមខ្ញុំចង់ឱ្យខេត្តបាត់ដំបងនេះក្លាយជាខេត្តដែលមានបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ស្រឡាញ់បរិស្ថាន និងស្រឡាញ់ការអភិវឌ្ឍក្នុងខេត្តនេះ។ មួយទៀតខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបងនេះ មានជីវភាពធូរធារ សន្តិសុខ សុវត្ថិភាពគ្រប់គ្រាន់។
ខ្ញុំចង់ឃើញ និងបាននិងកំពុងខិតខំជំរុញវិស័យដែលយើងមាន កសិកម្មក្តី កសិឧស្សាហកម្មក្តី ទេសចរណ៍ក្តី និងវិស័យវិនិយោគផ្សេងៗទៀត។ រុញជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានការកើនឡើង។ អានេះ គឺជាបំណងធំរបស់ខ្ញុំនៅក្នុងខេត្តបាត់ដំបងនេះ។
តើរំពឹងប៉ុន្មានភាគរយដែរ?
យើងប៉ាន់ប្រមាណជាភាគរយ មិនបានទេ ប៉ុន្តែខ្ញុំសង្ឃឹមថា គ្រប់ថ្នាក់ដឹកនាំរបស់ខ្ញុំដែលមានសម្តេចតេជោ [ហ៊ុន សែន] ជាប្រមុខដឹកនាំ និងនៅខេត្តបាត់ដំបងមានសម្តេច ស ខេង ដឹកនាំផ្ទាល់ ខ្ញុំជឿថា នៅក្នុងអាណត្តិរបស់ខ្ញុំដឹកនាំបន្តនេះប្រាកដជាមានការប្រែប្រួលជីវភាពរបស់ប្រជាពលរដ្ឋ ជឿនលឿនពី ១ ឆ្នាំទៅ ១ ឆ្នាំ និងនៅឆ្នាំបន្តបន្ទាប់ទៀត ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងកើនឡើង។
តើលោកមានពាក្យអ្វីសម្រាប់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ក៏ដូចជា ប្រជាពលរដ្ឋនៅទូទាំងប្រទេស?
និយាយរួម ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងក៏ដូចជានៅទូទាំងប្រទេសត្រូវរក្សាសុខសន្តិភាព ដែលយើងកំពុងតែមាននេះ ហើយខិតខំបង្កើនផលិតផល និងជីវភាពផ្សេងៗតាមរយៈសុខសន្តិភាព។ ជីវភាពរបស់យើង គឺការខិតខំខ្លួនយើង ដើម្បីបង្កើតផែនការរកស៊ីស្របច្បាប់ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ ដែលនៅថ្ងៃក្រោយនឹងក្លាយទៅជាប្រទេសជឿនលឿន៕