ភ្នំពេញៈ ក្រោយ​ការដោះស្រាយ​បណ្តឹង​ត្រូវបាន​បញ្ចប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ដើម្បី​ពិនិត្យ​និង​សម្រេច​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​មន្ត្រី គជប ឱ្យ​ដឹងថា លទ្ធផល​ផ្លូវការ​ចុងក្រោយ​នេះ សំឡេងឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើងទៀន​មានការ​កើនឡើង​បន្តិចបន្តួច​។

លោក​ សោម សូរីដា អ្នក​នាំពាក្យ គជប ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៣ ​ខែមិថុនា​ថា កិច្ចប្រជុំ​នឹង​ពិនិត្យ​សម្រេច​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ហើយ​លទ្ធផល​ជា​ផ្លូវការ​នឹង​ប្រកាស​ផ្សាយ​ជា​សាធារណៈ​តាម​ទូរទស្សន៍​ជាតិ​ចាប់ពី​ព្រឹក​ថ្ងៃទី ២៦ ខែមិថុនា​។

លោក​ថា​៖ «​នៅ​ថ្ងៃ​សុក្រ គជប សម្រេច​លទ្ធផល​ផ្លូវការ​។ នៅពេល​សម្រេច​ហើយ មិនទាន់​ផ្សាយ​ជា​ផ្លូវការ​ទេ នៅ​ថ្ងៃទី​ ២៦ យើង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​ហើយ​»​។

លោក​បញ្ជាក់ថា បើ​ពិនិត្យមើល​ទៅលើ​លទ្ធផល​បឋម​ធៀប​ទៅនឹង​លទ្ធផល​ផ្លូវការ ដែល​នឹង​សម្រេច​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា គឺ​តួលេខ​មានការ​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេងឆ្នោត​កើនឡើង​ច្រើនជាង​លទ្ធផល​បឋម​។

លោក សោម សូរីដា បញ្ជាក់ថា ក្នុង​ការប្រកាស​លទ្ធផល​បឋម គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៥ ៣៧៧ ៧៥៤​ សំឡេង ប៉ុន្តែ​នៅពេល​ដែល​បូក​សរុប និង​ត្រួតពិនិត្យ​លទ្ធផល​ពី​ការិយាល័យ​ទាំងអស់ តួលេខ​បាន​ឡើង​ដល់​ ៥ ៣៧៨ ៧៧៣​ សំឡេង​។ ដោយឡែក គណបក្ស​ភ្លើងទៀន​ក៏មាន​តួលេខ​សន្លឹកឆ្នោត​កើនឡើង​ផងដែរ គឺ​ឡើង​ពី ១ ៦១០ ៤៣៤ ​សំឡេង​មកដល់ ១ ៦១០ ៦៥៦ ​សំឡេង​។

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​ថា ការសម្រេច និង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ ២០២២ គឺជា​តួនាទី និង​ភារកិច្ច​របស់ គជប ប៉ុន្តែ​ជាមួយ​នឹង​ការប្រកាស​លទ្ធផល​នេះ​ក៏ត្រូវ​តែពិនិត្យ​មើល​នូវ​ភាពមិន​ប្រក្រតី​មួយចំនួន ដែល​កើតឡើង និង ត្រូវ​រៀបចំ​ការបោះឆ្នោត​លើក​ក្រោយ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមកុំ​ឱ្យ​ការបោះឆ្នោត​លើក​ក្រោយ​មាន​ភាពមិន​ប្រក្រតី​ទៀត​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ២៣ ខែមិថុនា ប៉ុន្តែ​លោក​បាន​ប្រាប់​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៩ ខែមិថុនា​កន្លងទៅ​ថា គជប ជា​ស្ថាប័ន​ដែល​បង្កើតឡើង​ដោយ​ច្បាប់ និង​អនុវត្ត​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់ គជប ដែល​មាន​ការបែងចែក​តួនាទី និង​ភារកិច្ច​យ៉ាងច្បាស់​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត និង​ប្រកាស​លទ្ធផល​បោះឆ្នោត​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ រាល់​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់ គជប គឺ​ស្រប​ទៅតាម​ច្បាប់​មិនអាច​ចោទប្រកាន់​ស្ថាប័ន​នេះ​ថា លម្អៀង ឬ​មាន​ភាពមិន​ប្រក្រតី​នោះទេ​។ គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​តាម​ការសម្រេច​របស់ គជប ទាំងអស់​»​។

លោក សំ សុគន្ធាមី ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នីកហ្វិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​ថា គជប បាន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន និង​ដាក់​ឱ្យមាន​ការប្តឹង​តវ៉ា​បាន​ធ្វើ​រួចហើយ​។ តាម​ផែនការ ​គជប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​ ២៦ ខែមិថុនា ដែល​នឹង​ឃើញថា​គណបក្ស​នយោបាយ​ណា​បាន​ជាប់​ជា​មេឃុំ ចៅសង្កាត់​ចំនួន​ប៉ុនា្មន និង​ទទួលបាន​អាសនៈ​ចំនួន​ប៉ុន្មាន​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែល​គេ​ប្រកាស​ចប់​ហើយ អត់​មានអី​ប្រែប្រួល​ទៀត​ទេ​។ គណបក្ស​នយោបាយ​ក៏​អត់​មាន​តវ៉ា ឬ​ប្តឹងផ្តល់​អី​ទៀត​ដែរ​ ព្រោះ​វា​ចប់​ហើយ​»​។

បើតាម គជប ដោយមាន​កិច្ចសហការ​ល្អ​ពី​សំណាក់​យន្តការ និង​រចនាសម្ព័ន្ធ​សន្តិសុខ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់​ជាមួយ គជប និង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ដំណើរការ​បោះឆ្នោត​កាលពី​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ គ្មាន​អំពើហិង្សា គ្មាន​ការគំរាម​កំហែង និង​មាន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជាង ៨០​ ភាគរយ​នៃ​អ្នក​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩ ២៥០ ៦៨១​ នាក់​៕