ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើង​ថា ការងារ​ស្ម័គ្រចិត្ត គឺជា​កត្តា​សំខាន់​ដែល​​ជាការ​រួមចំណែក​ដល់​ស្មារតី​នៃ​សាមគ្គីភាព មនុស្សធម៌ និង​គុណធម៌​ក្នុង​ចំណោម​យុវជន​ក្នុង​គ្រួសារ និង​សហគមន៍ ដែល​យុវជន​ទាំងអស់​ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យ​ចូលរួម​ក្នុងការ​កែលម្អ​សហគមន៍ និង​សង្គម​កម្ពុជា​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​។

លោក សេរី ជំនះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ថ្លែង​នា​ថ្ងៃទី​ ២២ ខែមិថុនា ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​កម្មវិធី «​ការងារ​ស្ម័គ្រចិត្ត​ ដើម្បី​សហគមន៍​ខ្ញុំ ឆ្នាំ​ ២០២២» និង​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​គេហទំព័រ​ផ្លូវការ​របស់ ស.ស.ខ​។ ក្នុង​ឆ្នាំ ​២០២២​ នេះ កម្មវិធី​ការស្ម័គ្រចិត្ត​ ដើម្បី​សហគមន៍​ខ្ញុំ (​ស.ស.ខ) បាននិង​កំពុង​អនុវត្ត​នៅ​ទូទាំង ២៥ ​រាជធានី​ខេត្ត ដែល​មាន​យុវជន​ស្ម័គ្រចិត្ត​សរុប​ជាង ៤០០ ​នាក់​។ ការងារ​ស្ម័គ្រចិត្ត​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ទាំង ​១២ ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា និង​តាមរយៈ​វេទិកា​ជាតិ​ស្ដីពី​ការស្ម័គ្រចិត្ត​នៅ​កម្ពុជា ដែល​តែងតែ​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​ដោយ​ក្រសួង​អប់រំ សហការ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ​នានា​។

លោក សេរី ជំនះ​ថ្លែងថា៖ «​បេសកកម្ម​ការងារ​ស្ម័គ្រចិត្ត​នៅ​កម្ពុជា​បាននិង​កំពុង​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​លើ​ការងារ​ស្ម័គ្រចិត្ត​នេះ ដោយ​ធ្វើការ​ផ្សព្វផ្សាយ ការបណ្តុះបណ្តាល និង​កៀរគរ​លើក​ទឹកចិត្ត​ដល់​យុវជន​មកពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​ឱ្យ​ចូលរួម​បរិច្ចាគ​ជា​ពេលវេលា ធនធាន សមត្ថភាព និង​ជំនាញ​របស់ខ្លួន​ ដើម្បី​បម្រើ និង​កសាង​សហគមន៍​ឱ្យមាន​ការរីកចម្រើន​ប្រកប​ដោយ​វិជ្ជមាន​»​។

លោក​បញ្ជាក់​ទៀត​ថា ការងារ​ស្ម័គ្រចិត្ត គឺជា​កត្តា​សំខាន់ ដែល​រួមចំណែក​ដល់​ស្មារតី​នៃ​សាមគ្គីភាព មនុស្សធម៌ និង​គុណធម៌​ក្នុង​ចំណោម​យុវជន​ក្នុង​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​។ ការអភិវឌ្ឍ​ប្រទេស គឺ​ផ្សារភ្ជាប់​នឹង​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន​ហើយ​យុវជន​ទាំងអស់​ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យ​ចូលរួម​ក្នុង​ការ​កែលម្អ​សហគមន៍ និង​សង្គម​កម្ពុជា​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​។

យោងតាម​ក្រសួង​អប់រំ កម្មវិធី ស.ស.ខ មាន​គោលបំណង​ ៣ ​សំខាន់ៗ​គឺ ដើម្បី​យុវជន ដើម្បី​សហគមន៍ និង​ដើម្បី​ស្ថាប័ន​។ ប្រភព​ដដែល​បន្តថា «​ដើម្បី​យុវជន​» គឺមាន​គោលបំណង​ក្នុង​ការ​ពង្រឹងសមត្ថភាព​បំណិន​ទន់ បំណិន​បច្ចេកទេស និង​បច្ចេកវិទ្យា​ដល់​យុវជន​ស្ម័គ្រចិត្ត ទាំង​យុវជន​ក្នុង​សាលា និង​យុវជន​ក្រៅ​សាលា តាមរយៈ​ការរៀន​តាក់តែង និង​អនុវត្ត​គម្រោង​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​សហគមន៍​។

ចំណែក «​ដើម្បី​សហគមន៍​» គឺមាន​គោលបំណង​ក្នុង​ការចូលរួម​ដល់​ការអភិវឌ្ឍ​ក្នុង​សហគមន៍ ការលើកកម្ពស់​ការយល់​ដឹង ការគាំទ្រ​ពី​សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​អំពី​ផលប្រយោជន៍​នៃ​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន​។

រីឯ «​ដើម្បី​ស្ថាប័ន​» គឺមាន​គោលបំណង​ពង្រឹងសមត្ថភាព​របស់​នាយកដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល និង​មន្ទីរអប់រំ យុវជន និង​កីឡា ដើម្បី​បង្កើន​ប្រព័ន្ធ​ការងារ​មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដា​ និង​ទំនើប​និយម តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​គោលបំណង​ផ្ដល់​ការគាំទ្រ​ និង​សម្របសម្រួល​ដល់​ការងារ​ស្ម័គ្រចិត្ត​ក្នុង​ចំណោម​យុវជន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

នាឱកាស​នោះដែរ​លោក សេរី ជំនះ ក៏បាន​ជំរុញ​លើក​ទឹកចិត្ត​ឱ្យមាន​ការបង្កើត​កម្មវិធី​ថ្មីៗ​ដល់​យុវជន​ទាំង​ក្នុង​សាលា និង​ក្រៅ​សាលារៀន ដែលជា​ការផ្ដល់​ឱកាស​ឱ្យ​ពួកគេ​ទទួលបាន​ការអប់រំ ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ការលើក​ទឹកចិត្ត​ឱ្យមាន​គំនិត​ច្នៃប្រឌិត​លើ​ជំនាញ​របស់ខ្លួន​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើង​នាឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត​ទាំង ២៥ រាជធានី​-​ខេត្ត​នៃ​កម្មវិធី​ការស្ម័គ្រចិត្ត ដើម្បី​សហគមន៍​ខ្ញុំ​កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា កន្លងទៅ​ដោយ​លោក​បាន​ពន្យល់ថា ហេតុអ្វី​បាន​ជា​ការងារ​ស្ម័គ្រចិត្ត​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​?

លោក​បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​ក្នុង​យុទ្ធសាស្ត្រ​មាន​គោលដៅ​ឱ្យ​យុវជន​មាន​ជំនាញ​មួយ​យ៉ាងតិច​ ដើម្បី​អាចឱ្យ​យុវជន​មាន​សមត្ថភាព​ផ្ទាល់ខ្លួន និង​អាច​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បាន​។

លោក ហង់ជួន ណារ៉ុន បាន​មានប្រសាសន៍​ថា៖ «​ការងារ​ស្ម័គ្រចិត្ត​នេះ​គឺជា​ឱកាស​មួយ​ដែល​ធ្វើឱ្យ​យុវជន​យើង​ទទួលបាន​នូវ​បទពិសោធ​ជាក់ស្តែង ហើយ​ប្រើប្រាស់​នូវ​ចំណេះដឹង ដែល​យើង​រៀន​ពី​សាលា​ ដើម្បី​យកមក​ធ្វើ​ការងារ​អ្វីមួយ​ធ្វើជា​បទពិសោធ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ការងារ​ស្ម័គ្រ​ចិត្តនឹង​ផ្តល់​ឱកាស​ឱ្យ​យុវជន សិស្សានុសិស្ស​បាន​យល់ច្បាស់​ពី​ការងារ​ជាក់ស្តែង​នៅក្នុង​សហគមន៍ និង​ពី​របៀប​ធ្វើ​ការងារ​នៅតាម​ទីកន្លែង​ធ្វើការ​នានា​៕