ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ព្រឹត្តិការណ៍ “BRICS Plus” កិច្ចសន្ទនា​ជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​សកល​ក្រោម​មូលបទ «​លើកកម្ពស់​ភាពជា​ដៃគូ អភិវឌ្ឍន៍​សកល សម្រាប់​យុគសម័យ​ថ្មី​ ដើម្បី​រួមគ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» តាម​ប្រព័ន្ធ​អន​ទ្បា​ញ នៅថ្ងៃនេះ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​មកពី​ប្រទេស​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លេចធ្លោ និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​នឹងចូលរួម​ព្រឹត្តិការណ៍ នេះ​ផងដែរ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក ហ៊ុន សែន នឹង​ថ្លែង​អំពី​ការស្តារ​សេដ្ឋកិច្ច​ទ្បើង​វិញ​ក្រោយ​វិបត្តិ​កូ​វីដ ​១៩ ការបន្ត​ដាក់​សម្ពាធ​លើ​បរិយាកាស​សន្តិសុខ​សកល សន្តិសុខ​ស្បៀង និង​សារៈសំខាន់​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្អែកលើ​វិធាន​ច្បាប់​។​

​លោក​ក៏​នឹង​លើកឡើង​អំពី​ផែនការ​ស្តារ​សេដ្ឋកិច្ច​ទ្បើង​វិញ​ក្រោយ​វិបត្តិ​កូ​វីដ​ ១៩ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា​ក្នុង​ដំណើរការ​ចាកចេញ​ដោយ​រលូន​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) និង​ដើម្បី​សម្រេច​ជោគជ័យ​លើ​គោលដៅ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់ថា​៖ «​ការចូលរួម​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចសន្ទនា​ខាងលើ នឹង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ដើរតួនាទី​ដ៏​សកម្ម ដើម្បី​សម្រេច​ការស្តារ​សេដ្ឋកិច្ច​សកល និង​របៀបវារៈ ឆ្នាំ​ ២០៣០ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»៕​