សៀមរាបៈ ផ្ទះ​ពលរដ្ឋ​ចំនួន​ ៦៦​ ខ្នង​ត្រូវបាន​សាងសង់​ថ្មី​ជួសជុល កែលម្អ​, បង្គន់​អនាម័យ​ ១៩ ​បង្គន់​, ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​សហគមន៍​ ១​ ទីតាំង និង​សមិទ្ធផល​ផ្សេងៗ​ក៏​ត្រូវបាន​សាងសង់​ឡើង ដែល​ធ្វើឱ្យ​ភូមិ​ពើងឆ័ត្រ​ដែល​ភូមិ​ក្រីក្រ​បំផុត​ក្នុងស្រុក​បន្ទាយស្រី​កែប្រែ​មុខមាត់​ថ្មី​។ នេះ​បើ​យោង​តាម​លោក​អភិបាលស្រុក ឃឹម ហ្វីណង់ ​ដែល​បានបង្ហាញ​លទ្ធផល​នៃ​គម្រោង​សាកល្បង​រយៈពេល​ ៣ ​ឆ្នាំ​មួយ​។

ក្រៅពីនោះ​តាមរយៈ​គម្រោង​សហការ​រវាង​រដ្ឋបាល​ស្រុក​បន្ទាយស្រី និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា​កាលពី​ឆ្នាំ​ ២០២០​ កន្លងមក ពលរដ្ឋ​ ២៥ ​គ្រួសារ​ក៏ត្រូវ​បាន​ផ្តល់​ថវិកា និង​ទ្រទ្រង់​ដល់​ការបង្កើត​មុខរបរ​ខ្នាតតូច ហើយ​ក៏​មានការ​ផ្តល់​ការតភ្ជាប់​អគ្គិសនី​ដោយ​ប្រព័ន្ធ​សូឡា និង​បណ្តាញ​ចែកចាយ​ផ្គត់ផ្គង់​ទឹកស្អាត​តាម​ផ្ទះ​បាន ៣២ ​គ្រួសារ គ្រប់គ្រង​ដោយ​សហគមន៍​ផងដែរ​។ លទ្ធផល​សំខាន់ៗ​ផ្សេងទៀត​រួមមាន ការអប់រំ បណ្តុះបណ្តាល​ដល់​អ្នកភូមិ​ពី​ការថែទាំ​ផ្ទះ អនាម័យ ការរស់នៅ​ស្អាត ការគ្រប់គ្រង​ថវិកា​គ្រួសារ​ និង​មុខរបរ និង​ការបង្កើត​ និង​ពង្រឹងសមត្ថភាព​គណៈកម្មការ​ (​ក្រុម​តំណាង​) ​សហគមន៍​ ដើម្បី​ជួយ​គាំទ្រ និង​សម្របសម្រួល​ដល់​ការងារ​របស់​គម្រោង​ជាប្រចាំ​។

លោក​ ហ្វីណង់ ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា «​អ្នកភូមិ​ពើងឆ័ត្រ​ប្រែ​ហើយ​» ប្រែ​ពី​ទម្លាប់​រស់នៅ​ដាច់​ដោយឡែកៗ​ពីគ្នា​មក​ជា​របៀប​រស់នៅ​បែប​ជា​សហគមន៍​, ពី​ការរស់នៅ​បណ្តែតបណ្តោយ​តាម​យថាកម្ម​មក​ធ្វើជា​ម្ចាស់​នៅលើ​បញ្ហា​ប្រឈម​នៅក្នុង​សហគមន៍​របស់ខ្លួន​, ពី​ធ្លាប់តែ​រុកចូល​ព្រៃ​ធ្វើ​ចំណាកស្រុក​ ដើម្បី​រក​របរ​ចិញ្ចឹម​ក្រពះ​មក​ជា​អ្នក​ដាំ​បន្លែ ចិញ្ចឹម​មាន់ ចិញ្ចឹម​ឃ្មុំ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​វិញ​ម្តង​, ពី​ផ្ទះសម្បែង​មិនសូវ​មាន​របៀបរៀបរយ​ និង​ជួនកាល​គ្មាន​សូម្បីតែ​បង្គន់​អនាម័យ​ប្រើប្រាស់ មក​ជា​មាន​លំនៅឋាន​សមរម្យ​ថ្លៃថ្នូរ​អាច​រស់នៅ​បាន​សឹងតែ​គ្រប់ៗ​គ្នា​, ពី​គ្មាន​ទឹក​បរិភោគ​ប្រើប្រាស់​នៅ​រៀងរាល់​រដូវប្រាំង​មក​ជា​មាន​បណ្តាញ​ទឹក​ស្អាត​របស់​សហគមន៍​បំបែក​រត់​មកដល់​ផ្ទះ​រៀងៗ​ខ្លួន​, ពី​សំឡេង​គាំទ្រ​ការដឹកនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមតែ​ជាង​ ៣០% កាលពី​ ៥​ ឆ្នាំមុន មក​ជា​តំបន់​ដែល​ផ្តល់​ការគាំទ្រ​ដល់​មេភូមិ​របស់ខ្លួន​រហូត​ដល់​ទៅ​ ៩០%​។

លោក​បានឱ្យ​ដឹងថា “​ពើងឆ័ត្រ​”​ គឺជា​ភូមិ​ដ៏តូច​មួយ​នៅក្នុង​ឃុំ​ឃុនរាម ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ត្រឹមតែ​ ១៣៩​ គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​អត្រា​នៃ​ភាពក្រីក្រ​រហូតដល់​ទៅ​ជាង​ ៤០% ដែលជា​អត្រា​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ស្រុក​បន្ទាយស្រី​។ ២ ​ឆ្នាំ​បាន​កន្លង​ផុតទៅ ថវិកា​ជាង​ពាក់កណ្តាល​នៃ​ថវិកា​សរុប​ជិត ២០ ​ម៉ឺន​ដុល្លារ ក៏ត្រូវ​បាន​ប្រើប្រាស់​រួចមកហើយ​។ ក្រុម​ការងារ​ពិតជា​បាន​ធ្វើឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​ភូមិ​មួយ​នេះ​ត្រឹមតែ​ក្នុង​រយៈពេល​ខ្លី និង​មាន​ភាពខុសប្លែក​ពីមុន​ស្ទើរតែ​រក​កន្លែង​ចំណាំ​មិនបាន​។

បន្ថែម​ពីលើ​វិសាលភាព​នៃ​គម្រោង​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ក៏បាន​ជំរុញ​ឱ្យ​មាន​ការជួយ​ជ្រោមជ្រែង​ក្រោម​រូបភាព​ផ្សេងៗ​ទៀត ដូចជា តាមរយៈ​ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ការបំពាក់​អំពូល​សូឡា​នៅតាម​ផ្ទះ ការតភ្ជាប់​បណ្តាញ​អគ្គិសនី និង​ការជួយ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកភូមិ​ពើងឆ័ត្រ​អាច​មាន​ឱកាស​ងើប​ផុតពី​ភាពក្រីក្រ និង​ធ្វើការ​តភ្ជាប់​ភូមិ​ពើងឆ័ត្រ​ចូលទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​របស់​ស្រុក ដើម្បី​ទទួល​បាន​ឱកាស​ការងារ មុខរបរ និង​លើកស្ទួយ​ជីវភាព​ប្រជាជន​នៅក្នុង​ភូមិ​ឱ្យ​បាន​ប្រសើរឡើង​ដូច​ភូមិ​ដទៃ​ទៀត​នៅក្នុង​ស្រុក​បន្ទាយស្រី​ផងដែរ​៕