ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កំណត់​កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៣ ដែល​ការពិភាក្សា​នឹង​ចាប់ផ្តើម​ពី​ខែកក្កដា ឆ្នាំ​ ២០២២ ​តទៅ​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា បាន​ឱ្យដឹងថា​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​ឆ្នាំ​ ២០២៣ នឹងត្រូវ​ចាប់ផ្តើម​នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០២២ ដែលជា​ការចាប់ផ្តើម​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ​។

ក្រសួង​បាន​បន្តថា៖ «​នៅក្នុង​ខែសីហា​ជា​ការចាប់ផ្តើម​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី និង​ត្រីភាគី ហើយ​ខែ​កញ្ញា​នឹង​ធ្វើការ​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៣»​។

នៅ​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៣ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹងដាក់​ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ និយោជិត ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​។

គ្រប់ភាគី​ទាំងអស់​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ផ្លូវការ​ស្របច្បាប់ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​លើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ដូច​មាន​កំណត់​ក្នុង​មាត្រា​ ៥ នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា សម្រប​សម្រួល​ផ្ទៃក្នុង និង​ទទួល​បាន​គោលជំហរ​រួមមួយ​។

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា៖ «​គ្រប់ភាគី​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ការណែនាំ និង​វិធានការ​របស់​ក្រសួង​សុខាភិបាល​នៅ​គ្រប់​កិច្ចប្រជុំ​របស់​ខ្លួន ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​កុំឱ្យ​មាន​ការឆ្លង និង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ប្រទេស​កម្ពុជា​»​។

គួរ​រំឭក​ផងដែរ​ថា ប្រាក់​ឈ្នួល​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ក្នុង​ឆ្នាំ​ ២០២២ ត្រូវ​បាន​ដំឡើង​បាន​ចំនួន​ ២​ ដុល្លារ និង​មាន​ការជួយ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ចំនួន​ ២ ​ដុល្លារ​ផងដែរ ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​និយោជិត​ឡើង​ដល់ ១៩៤ ​ដុល្លារ​ក្នុង​ ១ ​ខែ​៕