ក្នុង​គោលបំណង​រួមចំណែក​ផ្សព្វផ្សាយ​គោលដៅ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដែលជា​សសរស្តម្ភ​មួយ​ក្នុង​ការ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ពិសេស​ចូលរួម​សម្រេច​យុទ្ធនាការ «​ស្រលាញ់​ជាតិ​ត្រូវ​ស្គាល់​ទឹកដី​» ក្រសួង​ទេសចរណ៍​បាន​បង្កើត​ឱ្យ​មាន​ការប្រឡង​ប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​ ៣ ឆ្នាំ​ ២០២២​។

យោង​តាម​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា​បាន​ឱ្យដឹងថា ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍បាន​ដាក់​ចេញ​នូវ​ការប្រឡង​ប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​ ៣ ឆ្នាំ​ ២០២២ ដែល​ដំណាក់កាល​ទី​ ១ នឹង​ធ្វើ​ឡើង​ក្នុង​ខែកក្កដា​ខាងមុខនេះ​។

បេក្ខភាព​ទាំងអស់​អាច​ស្នើសុំ​ទម្រង់​បែបបទ​ចុះឈ្មោះ​ប្រឡង​ប្រណាំង​ដោយផ្ទាល់​នៅ​មន្ទីរ​ទេសចរណ៍​រាជធានី-​ខេត្ត​។ នៅ​ក្រសួង​ទេសចរណ៍ (​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​លេខាធិការដ្ឋាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​) បេក្ខភាព​ត្រូវដាក់​ពាក្យ​ចូលរួម​ប្រឡង​ប្រណាំង​ដោយ​បំពេញ​ឱ្យបាន​ត្រឹមត្រូវ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ រួច​បញ្ជូន​មក​ក្រសួង​ទេសចរណ៍ ឬ​តាមរយៈ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាមរយៈ​តេឡេក្រាម​លេខ​៖ ០១០ ៥០៩ ៨១៨​។

ក្រសួង​បាន​បន្តថា សម្រាប់​ដំណាក់កាល​ទី​ ២ នៅ​ខែសីហា ដែល​គណៈកម្មការ​វាយតម្លៃ​នឹង​ធ្វើការ​ត្រួតពិនិត្យ និង​ចុះ​វាយតម្លៃ​ផ្ទៀងផ្ទាត់​លើ​ឯកសារ​ពាក់ព័ន្ធ និង​ស្ថានភាព​ជាក់ស្តែង​របស់​បេក្ខភាព​ដែល​បានដាក់​ពាក្យ​ចូលរួម​ការប្រឡង​ប្រណាំង​។

ចំណែក​ដំណាក់កាល​ទី​ ៣ ក្នុង​ខែកញ្ញា ដែល​គណៈកម្មការ​វាយតម្លៃ​នឹង​ប្រមូល​ទិន្នន័យ​រួច​រៀបចំ​របាយការណ៍​ចុងក្រោយ ដើម្បី​ឈាន​ទៅ​ប្រកាស​លទ្ធផល​ជយលាភី​។

ក្នុង​ដំណាក់កាល​ទី​ ៤ នៅ​ខែតុលា គណៈកម្មការ​វាយតម្លៃ​នឹង​ជូនដំណឹង​អំពី​ជយលាភី​ដល់​បេក្ខភាព​ដែល​ចូលរួម​ការប្រឡង​ប្រណាំង ហើយ​ដំណាក់កាល​ទី​ ៥ នៅ​ខែវិច្ឆិកា ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នឹង​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ដល់​ជយលាភី​ការប្រឡង​ប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​ ៣ ឆ្នាំ​ ២០២២ នាឱកាស​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី ​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​ ២១-២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២៕