
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបបណ្ឌិត Jae-Jin Chang (Chairman/President & CEO) ក្រុមហ៊ុន OrientCam Co., Ltd និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ រូបភាព Sakhon Veng
ភ្នំពេញៈ ក្រុមហ៊ុនកូរ៉េមួយចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាលើជំនាញកសិកម្មដល់និស្សិតសាកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម។
ការបង្ហាញបំណងសហការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមិថុនា នៅក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន និងលោក Jae-Jin Chang ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនកូរ៉េ Orient Cam។
លោក Chang បានជម្រាបជូនលោករដ្ឋមន្ត្រីថា កម្មវត្ថុនៃជំនួបនាពេលនេះ គឺក្រុមហ៊ុនមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មលើការបណ្តុះបណ្តាលទាក់ទងជំនាញផលិតកម្មសត្វ និងសុខភាពសត្វដល់និស្សិតសាកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម និងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វ និងផលិតកម្មសត្វផងដែរ។
លោកបន្តថា នៅកូរ៉េមានសាកលវិទ្យាល័យផ្សព្វផ្សាយកសិកម្មដ៏ល្បីមានតួនាទីជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេស ដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្ត្រីជំនាញ។ ហេតុនេះក្រុមហ៊ុនចង់សហការជួយបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះ។ ដើម្បីឱ្យកាន់តែយល់ដឹងបានស៊ីជម្រៅទាក់ទងសាវតារ សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែលក្រុមហ៊ុនមានមូលដ្ឋាននៅកូរ៉េបាននិងកំពុងអនុវត្តនោះ លោក Chang បានគោរពអញ្ជើញលោករដ្ឋមន្ត្រី និងសហការីពាក់ព័ន្ធទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខ។
លោករដ្ឋមន្ត្រីបានស្វាគមន៍ និងរង់ចាំផ្តល់កិច្ចសហការឱ្យបានទូលំទូលាយ ដែលធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់និស្សិត មន្ត្រី និងអ្នកចិញ្ចឹមសត្វ មានឱកាសទៅធ្វើការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសចិញ្ចឹមសត្វ មើលថែទាំសត្វ ចំណី បង្កាត់ពូជ និងជំងឺឆ្លងសត្វ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ទាំងមន្ត្រី និស្សិត ក៏ដូចជាកសិករនៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវជាច្រើនក្នុងខ្សែច្រវាក់ផលិតកម្មសត្វនៅកម្ពុជា។ ដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ លោករដ្ឋមន្ត្រីសង្ឃឹមថា ពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់ សម្រាប់អភិវឌ្ឍខ្លួនគាត់ផ្ទាល់ ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជានាពេលអនាគត។
លោករដ្ឋមន្ត្រីបានបន្តថា ចំណុចសំខាន់មួយទៀត ដោយសារកម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ លោកបានស្នើទៅក្រុមហ៊ុនឱ្យជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វ៕