ព្រះសីហនុៈ លោក​ គួច ចំរើន ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ត្រូវ​កាយ​ស្តារ​ប្រព័ន្ធ​អូរ ប្រឡាយ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ​ឱ្យបាន​ជាប្រចាំ ដើម្បី​បញ្ចៀស​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​។

ចំពោះ​ទីតាំង​ណា​ដែល​អាច​កាយ​ស្តារ​បាន​ត្រូវដាក់​គ្រឿងចក្រ​ចុះ​កាយ បើក​មុខទឹក​ឱ្យបាន​ធំ​ទូលាយ​ទៅតាម​និយាមកា ធ្វើយ៉ាងណា​កុំឱ្យ​ទឹក​ជន់​លិច ដែល​បង្កឱ្យមាន​ផលប៉ះពាល់​ផ្សេងៗ​។

លោក គួច ចំរើន បាន​ធ្វើការ​ណែនាំ​បែបនេះ​នៅ​ថ្ងៃទី​ ២៣​មិថុនា ខណៈ​លោក​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ការកាយ​ស្ដារ​អូរ​ប្រឡាយ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ចាប់ពី​អង្គការ​ម្លប់​តាប៉ាង​រហូតដល់​អាង​ចម្រោះ​ទឹក​កខ្វក់​ ១៦​ ហិកតា​មាន​ប្រវែង​ ១៨០០ ​ម៉ែត្រ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន ៣​ គ្រឿង ហើយ​កាយ​ស្តារ​រយៈពេល​ ២០ ​ថ្ងៃ​មាន​អាចម៍ដី​ប្រមាណ​ ១ ម៉ឺន​ម៉ែត្រគុប​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖ «​នៅពេល​ភ្លៀង​ទឹកភ្លៀង​បាន​ហូរ​នាំយក​ដីខ្សាច់​ចាក់​ចូលក្នុង​អូរ ប្រឡាយ ប្រសិនបើ​យើង​មិនមាន​វិធាន​ការស្តារ​នោះទេ នឹង​ធ្វើឱ្យ​ចរន្តទឹក​ហូរ​មិនបាន​លឿន​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​»​។

ទន្ទឹម​នោះ លោក​បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​តាម​អូរ ប្រឡាយ ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​ធ្វើការ​វេចខ្ចប់​ទុកដាក់​កាកសំណល់​សំរាម ដែល​បាន​ប្រើប្រាស់​ហើយ​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​បោះចោល​ពាសវាល​ពាសកាល​ធ្វើឱ្យ​ទឹក​ហូរ​នាំចូល​អូរ​ប្រឡាយ​បង្ក​ការកកស្ទះ​ផ្លូវទឹក​ហូរ​នាំឱ្យ​មាន​ការជន់​លិច​៕