ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ជួន ណារ៉ុន​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នឹង​ក្រុម​បេសកកម្ម JICA ​លើ​គម្រោងការ​លើកកម្ពស់​វិស័យ​អប់រំ​វិស្វកម្ម និង​ការសិក្សា​ស្រាវជ្រាវ​ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា តាមបែប​ការអប់រំ​ផ្អែកលើ​មន្ទីរពិសោធន៍​។

លោក​យោងតាម​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ២៣ ​ខែមិថុនា​បានឱ្យ​ដឹងថា ការអប់រំ​ផ្អែកលើ​មន្ទីរពិសោធន៍​នេះ​គឺជា​ការអប់រំ​ដែល​អនុវត្ត​នៅក្នុង​ក្រុម​ស្រាវជ្រាវ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ​នៅក្នុង​លក្ខខណ្ឌ​ដោះស្រាយ​បញ្ហា និង​ជំនាញ​ជាក់ស្តែង និង​អនុវត្ត​ជាទូទៅ​នៅក្នុង​សាកលវិទ្យាល័យ​ជប៉ុន​ សម្រាប់​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ និង ថ្នាក់បណ្ឌិត​។

ក្រសួង​បាន​បញ្ជាក់​ថា គម្រោង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC) បង្កើន​សមត្ថភាព​អប់រំ និង​ស្រាវជ្រាវ​របស់​ខ្លួន ដើម្បី​ចូល​ជា​ស្ថាប័ន​ធនធាន​ជាតិ​ក្នុង​វិស័យ​វិស្វកម្ម ដោយ​ដាក់បញ្ចូល​នូវ​ការអប់រំ​ផ្អែកលើ​មន្ទីរពិសោធន៍​ទៅក្នុង​កម្មវិធី​សិក្សា​។ ក្រៅពីនោះ​គោលបំណង​រួម​របស់​គម្រោង​នេះ​ផងដែរ​គឺកំណត់​សាកលវិទ្យាល័យ​គោលដៅ ដើម្បី​លើកកម្ពស់​សមត្ថភាព​អប់រំ និង​ការស្រាវជ្រាវ​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។

នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការអប់រំ​ផ្អែកលើ​មន្ទីរពិសោធន៍​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង ហើយ​ថា ការសិក្សា​ស្រាវជ្រាវ គឺជា​វិធី​មួយ​ដែល​អាច​ធ្វើឱ្យ​សិស្ស​បាន​រកឃើញ​ភាពច្នៃប្រឌិត និង​នាំយក​វា​មកប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ​នឹង​ជំរុញ​ឱ្យទទួល​ស្គាល់​ការស្រាវជ្រាវ​ជា​វិជ្ជាជីវៈ​មួយ និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​ស្រាវជ្រាវ​ដល់​សិស្ស និស្សិត និង​គ្រូបង្រៀន​នៅតាម​ខេត្ត​៕