កណ្តាលៈ រមណីយដ្ឋាន​ភ្នំ​ស្អាងភ្នំ​នាពេល​ខាងមុខ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​មក​កម្សាន្ដ​សប្បាយ​តាម​បែប​ធម្មជាតិ បន្ទាប់ពី​មាន​ការរៀបចំ​កែលម្អ​ឡើងវិញ​ទាំង​ផ្នែក​សុភ័ណ​ភាព និង​បរិយាកាស​ឱ្យ​ល្អ​ទៅ​តាមបែប​ធម្មជាតិ​រួចមក​។

លោក ញឹម វណ្ណឌិន អភិបាលស្រុក​ស្អាង​បាន​ថ្លែង​បែបនេះ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាំ​កូនឈើ និង​លែង​កូន​ត្រី​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​ស្អាងភ្នំ ដោយមាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នា​ព្រឹក​ថ្ងៃទី​ ២៣ ខែមិថុនា ឆ្នាំ​ ២០២២​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល​។

លោក ញឹម វណ្ណឌិន បន្តថា រដ្ឋបាល​ស្រុក​ស្អាង​បាននិង​កំពុង​រៀបចំ​កែប្រែ​នូវ​សោភ័ណភាព​នៅ​ជុំវិញ​បរិវេណ​រមណីយដ្ឋាន​ភ្នំ​ស្អាងភ្នំ ដោយបាន​ដាំ​កូនឈើ​នៅ​បរិវេណ​ស្រះ​មុខ​ភ្នំស្អាង និង​បានរៀបចំ​កន្លែង​សម្រាប់​អាជីវករ​លក់ដូរ​យ៉ាង​សមរម្យ​នៅ​ទីនោះ​មាន​រៀបចំ​កន្លែង​អង្គុយលេង​កម្សាន្ត តាមបែប​ធម្មជាតិ ហើយ​នាពេល​ខាងមុខ​នឹងមាន​ការរៀបចំ​សួនច្បារ​ សម្រាប់​ទស្សនា​កម្សាន្ត​ផងដែរ​។

លោក​អភិបាលស្រុក​ស្អាង​បាន​បន្ថែម​ទៀត​ថា បន្ទាប់ពី​ធ្វើការ​កែលម្អ​នូវ​សោភ័ណភាព​នៅ​ជុំវិញ​បរិវេណ​រមណីយដ្ឋាន​ភ្នំ​ស្អាងភ្នំ​នេះ​រួចហើយ ទីនេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​សប្បាយ​នា​ថ្ងៃ​ឈប់​សម្រាក​ដោយ​ភាពសប្បាយ​រីករាយ​។

នៅក្នុង​ពិធី​ដាំ​កូនឈើ និង​លែង​កូន​ត្រី​នេះ រដ្ឋបាល​ស្រុក​ស្អាង​បាន​ដាំ​ដើម​រាំង​ចំនួន ​៥០០ ​ដើម នៅ​បរិវេណ​ស្រះ​ទឹកមុខ​រមណីយដ្ឋាន​ភ្នំ​ស្អាង​ភ្នំ​បន្ត​ដាំ​ដើមឈើ​ប្រភេទ​ផ្សេងៗ​ទៀត ចំនួន​ ១ ​ម៉ឺន​ដើម​បន្ថែមទៀត តាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្តកណ្ដាល និង​ធ្វើការ​លែង​កូន​ត្រី​ចូលក្នុង​ស្រះ​ទឹក​ចំនួន​ ១ ​ម៉ឺន កូន​ត្រី​ផងដែរ​៕