ភ្នំពេញៈ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ថ្លែងថា សភា​កម្ពុជា-​វៀតណាម បាន​ដើរតួនាទី​ស្នូល​ក្នុងការ​រួមចំណែក​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ ២​ ស្របតាម​ទិស​ស្លោក «​ទំនាក់ទំនង​មិត្តភាព​ជិតខាង​ល្អជា​ប្រពៃណី និង​ប្រកប​ដោយ​សហប្រតិបត្តិការ​រឹងមាំ យូរអង្វែង និង​គ្រប់​វិស័យ​»​។

លោក​ថ្លែង​ដូច្នេះ​តាមរយៈ​សារលិខិត​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​ផ្ញើជូន​លោក Vuong Dinh Hue ប្រធាន​រដ្ឋសភា​វៀតណាម​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ​៥៥​ នៃ​ថ្ងៃ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម​។

លោក សាយ ឈុំ ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៤៥ ​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​យើង​ទាំង​ ២ ​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន ដោយបាន​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ដើម្បី​បុព្វហេតុ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព និង​ការអភិវឌ្ឍ​។

លោក​បន្តថា បច្ចុប្បន្ន​ប្រជាជន និង​ប្រទេស​ទាំង​ ២​ បាននិង​កំពុង​សប្បាយ​រីករាយ​ដោយ​ការពេញចិត្ត​ ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង «​ដ៏ល្អ​» លើ​គ្រប់​វិស័យ​ដែល​បាន​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដល់​ការរីកចម្រើន​ផ្នែក​សង្គម​សេដ្ឋកិច្ច​នាំមក​នូវ​ការអភិវឌ្ឍ និង​វិបុលភាព​រួម «​ដ៏ត្រចះត្រចង់​»​។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​រូបនេះ​បញ្ជាក់ថា សភា​ទាំង​ ២​ បាន​ដើរតួនាទី​ដ៏សំខាន់​នៅក្នុង​វិស័យ​ការទូត​សភា​ តាមរយៈ​ការពង្រឹង​ពង្រីក​សហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ដោយ​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ក្របខ័ណ្ឌ​អន្តរសភា ដើម្បី​បម្រើ​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។

លោក​បាន​ជូនពរ​ដល់​បក្ស រដ្ឋ រដ្ឋាភិបាល សភា និង​ប្រជាជន​វៀតណាម ឱ្យសម្រេច​បាន​នូវ​សមិទ្ធផល​ដ៏ធំធេង​ថ្មីៗ​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច និង​សម្រេច​បាន​នូវ​គោលដៅ​ក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៤៥៕