ភ្នំពេញ: ការ​ចូលរួម​បរិច្ចាគ​​ឈាម ​ពី​សំណាក់​យុវជន​នៅ​តាម​បណ្ដា​ក្រុមហ៊ុន និង​សហគ្រាស​នានា​ ពិត​ជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​​​ជីវិត​អ្នក​ជំងឺ​ ​ ខណៈ​ការ​ប្រើប្រាស់​ឈាម​ប្រចាំ​ថ្ងៃ​ត្រូវ​ការ​​ប្រមាណ​ពី​ ២៥០ ​ប្លោក​ ទៅ​​​​ដល់ ៣០០​ ប្លោក។ នេះ​បើ​យោង​តាម​​​ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម (NBTC)។

ដោយសារ​តែ​វិបត្ដិ​កូវីដ​សកល ដែល​រារាំង​ដល់​ការ​ជួប​ជុំ​ រួម​ទាំង​កិច្ចការ​មនុស្សធម៌​ផ្សេងៗ ការ​បរិច្ចាគ​ឈាម​ជួយ​ជន​រងគ្រោះ​មាន​ការ​ធ្លាក់​ចុះ ​ត្រឹម​ប្រមាណ ៥ ​​ភាគរយ​ នៃ​តម្រូវការ​ប្រមាណ ៣០០ ​ប្លោក ​ក្នុង ​១ ថ្ងៃ​នៅ NBTC។ យ៉ាងណា​មិញ​ក្រោ​យ​ស្ថានភាព​ជំងឺ​រាតត្បាត​បាន​ថមថយ​ ការ​​បរិច្ចាគ​ឈាម​ចាប់​ផ្ដើម​មាន​សម្ទុះ​ឡើង​វិញ​ទ្វេ​ដង​​ក្នុង​រង្វង់​ប្រមាណ ១០ ​ភាគរយ។

លោក ​សុខ ប៉ូ បាន​​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​​ថា​៖ «អ្នក​បរិច្ចាគ​ឈាម​ភាគ​ច្រើន​ មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយក) ក៏​ដូចជា​សហគ្រិន​ឯកជន​នានា​ដូច​ជា ក្រុមហ៊ុន​ជីបម៉ុង ក្រុមហ៊ុន​វីតាល់ ក្រុមហ៊ុន​មីជាតិ មន្ទីរពេទ្យ រ៉ូយាល់​ភ្នំពេញ មន្ទីរពេទ្យ​ Sunrise និង​សាកលវិទ្យាល័យ​ភ្នំពេញ​។ និយាយ​ទៅ សហគ្រិន​ផ្សេងៗ​ទៀត ពួក​គាត់​ចូលរួម​កិច្ច​បរិច្ចាគ​ច្រើន ក្រោយ​ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩»។

ជាមួយ​ផ្នែក​​នៃ​ការ​ចូលរួម​​កិច្ច​ការ​មនុស្សធម៌​ ក្រុមហ៊ុន​ខ្មែរ​ប៊ែរវើរីជីស ជា​បុត្រសម្ព័ន្ធ​របស់​ជីបម៉ុងគ្រុប បាន​កៀរគរ​បុគ្គលិក​ធ្វើការ​បរិច្ចាគ​ឈាម​សម្រាប់​ជួយ​​សង្គ្រោះ​ជីវិត​មនុស្ស។

លោក លាង ពៅ ហៅ ភីធើរ ជា​អគ្គនាយក​ក្រុមហ៊ុន​​ខ្មែរ​ប៊ែរវើរីជីស បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មាន​គោល​តម្លៃ​ចម្បង​មួយ​ គឺ​ការ​ផ្ដល់​ត្រឡប់​ទៅ​សង្គម​វិញ​។ ដូច្នេះ គោល​បំណង​សំខាន់​នៃ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់​បុគ្គលិក​ទៅ​នឹង​សកម្មភាព​ផ្ដល់​ត្រឡប់​ទៅ​សង្គម​​វិញ​របស់​ក្រុមហ៊ុន​ ដោយ​បង្កើត​វប្បធម៌​ជួយ​គ្នា និង​ជំរុញ​ឱ្យ​បុគ្គលិក​យល់​ដឹង​បន្ថែម​ពី​សារៈសំខាន់​នៃ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ក្នុង​សង្គម​តាមរយៈ​ការ​ផ្ដល់​ឈាម​។

លោក​​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​មាន​បុគ្គលិក​ខ្មែរ ប៊ែរវើរីជីស និង​ជីបម៉ុងចូលរួម​សរុប​ចំនួន ១៧៦ នាក់ ដែល​ក្នុង​នោះ មាន ១២៥ ​នាក់​ គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​បរិច្ចាគ​ឈាម​ដោយ​ជោគជ័យ​​។ ក្រុមហ៊ុន​មិនមែន​ទើប​តែ​ធ្វើ​កម្មវិធី​បរិច្ចាគ​ឈាម​នៅ​ក្នុង​ឆ្នាំ​នេះ​នោះ​ទេ យើង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ និង​នៅ​តែ​បន្ដ​ជា​និរន្ដរ៍​នូវ​សកម្មភាព​មនុស្សធម៌​ តាម​រូបភាព​ផ្សេងៗ​ នៅ​គ្រប់​កាលៈទេសៈ​»។ លោក ប៉ូ ​អះអាង​ថា​៖ «ប៉ុន្ដែ​ភាគច្រើន​នៃ​ក្រុម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ​នេះ​មក​ពី​ក្រុម​យុវជន​ជាពិសេស​យុវជន (សសយក) រាជធានី​ ដែល​ចប់​កូវីដ​ភ្លាម​ ពួក​គាត់​នាំ​គ្នា​មក​បរិច្ចាគ​ប្រហែល ៧០០ ​ប្លោក»។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទទួល​ស្គាល់​ថា អំឡុង​ពេល​កូវីដ ជា​ទូទៅ​មជ្ឈមណ្ឌល​​មាន​ការ​លំបាក​ចំពោះ​បញ្ហា​ខ្វះ​ឈាម​​។ តែ​ដោយសារ​​​មាន​​​គោល​នយោបាយ​បរិច្ចាគ​ជំនួស​ មជ្ឈមណ្ឌល​ជួប​បញ្ហា​តិចតួច​ជាង​សាច់​ញាតិ​អ្នក​ជំងឺ ដែល​ត្រូវ​រក​អ្នក​បរិច្ចាគ​ឈាម​ជា​ថ្នូរ​នឹង​ការ​ទទួល​ឈាម​ពី​មជ្ឈមណ្ឌល​។ លោក ប៉ូ​ ឱ្យ​ដឹង​ថា​៖ «បញ្ហា​​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​បង​ប្អូន​អ្នក​ជំងឺ​មួយ​ចំនួន​​ជួប​ការ​លំបាក​ខ្លាំង ហើយ​វា​មិនមែន​លំបាក​តែ​ពួក​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក្រុម​គ្រូពេទ្យ​យើង​ក៏​ត្រូវ​ធ្វើ​ការ​ទ្វេ​ដង​ដែរ ជាពិសេស​យើង​​ខ្លាច​ជំងឺ​កូវីដ ១៩ ផង យើង​​ធ្វើ​ការ​ផង ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ខ្លាំង​»។

ចំពោះ​ការ​ប្រើប្រាស់​ឈាម​ប្រចាំ​ថ្ងៃ​ជា​មធ្យម លោក ប៉ូ ​ឱ្យ​ដឹង​ថា (NBTC) ​ត្រូវ​ការ​ឈាម​ប្រមាណ ២៥០ ​ប្លោក​ ដោយ​ថ្ងៃ​ខ្លះ ​តម្រូវ​ការ​បាន​កើន​​​ដល់ ៣០០ ​ប្លោក។

ការ​សម្រាល​កូន​ត្រូវ​ការ​ឈាម​ច្រើន​បំផុត​

អ្នកស្រី គង់ សុភារី មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ អំឡុង​ពេល​មាន​ទម្ងន់​ក្នុង​ឆ្នាំ​ ២០១៦ កន្លង​ទៅ។ ខណៈ​ពេល​សម្រាល​​ដោយ​ការ​វះកាត់​ អ្នកស្រី​មាន​បញ្ហា​ខ្វះ​ឈាម ដែល​ទាមទារ​ការ​បញ្ចូល​ឈាម​។

លោក ផន សុខជា​ ជា​ស្វាមី​ដែល​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​ភរិយា​ខ្លាំង​ បាន​រំឭក​ប្រាប់​ថា​៖ «​កាល​នោះ​គាត់​ត្រូវ​ការ​បញ្ចូល​ឈាម​ ១ ប្លោក​ ដោយ​មាន​ការ​បរិច្ចាគ​។ ខ្ញុំ​ជា​អ្នក​ទៅ​យក​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យ​អង្គឌួង»។

ស្ដ្រី​សម្រាល​កូន​​ជា​​អ្នក​​ត្រូវ​ការ​​ប្រើប្រាស់​ឈាម​ច្រើន​បំផុត ​ក្នុង​ចំណោម​អ្នក​ជំងឺ​​វះកាត់​ដទៃ​ទៀត។ នេះ​គឺ​ជា​បន្ទុក​ដ៏​ធំ​មួយ​សម្រាប់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ ក៏​ដូចជា​សាច់​ញាតិ​អ្នក​ជំងឺ​ផ្ទាល់​។ លោក ប៉ូ បាន​កត់​សម្គាល់​ថា ជា​ទូទៅ​អ្នក​ជំងឺ​ត្រូវ​ការ​ប្រើប្រាស់​ឈាម​ច្រើន គឺ​​​ស្ដ្រី​ដែល​​សម្រាល​កូន​​តែងតែ​ធ្លាក់​ឈាម​ច្រើន​ ពួក​គាត់​ត្រូវ​ការ​បញ្ចូល​ឈាម​វិញ​។ ចំណុច​ទី២ ​គឺ​ការ​វះកាត់​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​នានា​ក្នុង​រាជធានី​ក៏​ប្រើ​ច្រើន​ដែរ​។

លោក​បាន​លើក​ឧទាហរណ៍​ជាក់​ស្ដែង​ថា​៖ «នៅ​ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មើល​ឃើញ​ស្ដ្រី​ម្នាក់​នៅ​ក្នុង​គ្លីនិក​ អរៀនដា គាត់​ប្រើ​រហូត​ទៅ​ដល់​ជិត ២០ ​ប្លោក​តែ​ម្នាក់​ឯង​។ ខ្ញុំ​គិត​ថា ប្អូន​ស្រី​នោះ​ អាច​រួច​ផុត​ពី​មរណៈ​ហើយ»​។ ចំពោះ​ការ​ប្រើប្រាស់​ឈាម​ដ៏​ច្រើន​នេះ បើ​​សាច់​ញាតិ​អស់​លទ្ធភាព​រក​អ្នក​បរិច្ចាគ​ឈាម វា​ជា​បន្ទុក​របស់​​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ ដោយ​លោក ប៉ូ​ បាន​លើក​ឡើង​នូវ​អនុសាសន៍​របស់​លោក​​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​ ដោយ​បាន​និយាយ​ថា ​​បើ​សិន​ពលរដ្ឋ​មិន​អាច​រក​បងប្អូន​ជំនួស​បាន មាន​តែ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម មាន​តែ​ក្រសួង​សុខាភិបាល។

បងប្អូន​សាច់​ញាតិ​ទទួល​ខុស​​ត្រូវ​ដំបូង តែ​ដល់​ពេល​ត្រូវ​ការ​ប្រើ​​ឈាម​ច្រើន​អ៊ីចឹង គឺ​ក្រសួង​សុខាភិបាល ជា​ពិសេស​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ត្រូវ​ដើរ​ប្រមូល​ ដើម្បី​បង្គ្រប់​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ។

ការ​បរិច្ចាគ​ឈាម​ ទទួល​អត្ថប្រយោជន៍​មិន​នឹក​ស្មាន​ដល់​

strong>

លោក ចាន់ សុខហៀង អាយុ ៣៤ ឆ្នាំ ជា​អាជីវករ​ទិញ-លក់​រថយន្ដ​ជជុះ​នៅ​កម្ពុជា​បាន​ស្ម័គ្រចិត្ដ​​ផ្ដល់​ឈាម​ជា​លើក​ដំបូង​ក្នុង​បំណង​ដោះដូរ​ឈាម​​ឱ្យ​អ្នក​ជំងឺ​ជា​សាច់ញាតិ​ដែល​ត្រូវ​ការ​ប្រើប្រាស់​ឈាម​។ លោក​ថា​៖ «ខ្ញុំ​ទើប​ផ្ដល់​ឈាម​​ជា​លើក​ដំបូង កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​។ ខ្ញុំ​មិនមាន​អារម្មណ៍​ខុស​ប្រក្រតី​អីទេ​។ ពេល​​ផ្ដល់​ឈាម​រួច​ហើយ គេ​មាន​អាហារ​សម្រន់​ឱ្យ​ញ៉ាំ​ទៀត​។ បើ​មាន​ពេល​ទំនេរ ចាប់​ពី​ពេល​នេះ​តទៅ ខ្ញុំ​សុខចិត្ដ​ទៅ​បរិច្ចាគ​ឈាម​ខ្លះ​ ដើម្បី​ជួយ​អ្នក​ត្រូវការ​ឈាម​»។

សព្វ​ថ្ងៃ​នេះ ការ​បរិច្ចាគឈាម​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ក្រុម​ស្ម័គ្រចិត្ដ​មក​ពី​សហគ្រាស​ផ្សេងៗ​ ដែល​បាន​ចូលរួម​ចំណែក​​យ៉ាង​ចម្បង​ សម្រាប់​ការ​ទ្រទ្រង់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​។

លោក​ប៉ូ ទទួល​ស្គាល់​ថា ​​ពលរដ្ឋ​​ទូទៅ​មិន​ទាន់​បាន​យល់​ទូលំទូលាយ​ និង​ចូលរួម​កិច្ច​បរិច្ចាគ​ឈាម​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។ ​លោក​​ជឿ​ថា វា​អាច​មក​ពី​ការ​បារម្ភ​ច្រើន ​ពី​ព្រោះ​ប្រជាជន​​​ខ្មែរ​​​មាន​ឆន្ទៈ​ជួយ​គ្នា​។ ប៉ុន្ដែ​ដោយសារ​​ពួក​គេ​​បារម្ភ​ថា ការ​បរិច្ចាគ​ឈាម​អាច​នាំ​ឱ្យ​ខូច​សុខភាព។

លោក​បន្ដ​ថា​៖ «ការ​ពិត​ ការ​បរិច្ចាគ​ឈាម​នេះ មិន​ត្រឹមតែ​ជួយ​អ្នក​ជំងឺ​សម្រាក​នៅ​តាម​មន្ទីរពេទ្យ​នោះ​ទេ ប៉ុន្ដែ​អ្នក​បរិច្ចាគ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដែរ។ ទី១ ការ​កាត់​បន្ថយ​នូវ​កំហាប់​ឈាម​ពី​ក្នុង​ខ្លួន​ ជាពិសេស​អាច​កាត់​បន្ថយ​លើស​​ជាតិ​ដែក​ សម្រួល​រំហូរ​ឈាម​នៅ​ក្នុង​ខ្លួន កាត់​បន្ថយ​ជំងឺ​បេះដូង ជា​ពិសេស​ជំងឺ​ Stroke ហើយ​កាត់​បន្ថយ​ជំងឺ​មហារីក និង​ការ​ឡើង​ទម្ងន់​ផង​ដែរ​»។ «ខ្ញុំ​សូម​បញ្ជាក់​ថា ការ​បរិច្ចាគ​ឈាម បើ​សិន​ប៉ះពាល់​សុខភាព គ្រូពេទ្យ​នឹង​មិន​ធ្វើ​ទេ។ អ៊ីចឹង កិច្ច​បរិច្ចាគ​ឈាម​នេះ មិន​ប៉ះពាល់​សុខភាព​នោះ​ទេ​។ ចំពោះ​បុរស​យើង បរិច្ចាគ​ឈាម​ទៅ​រៀង​រាល់ ៣ ខែ​។ យើង​អត់​ខូច​សុខភាព​ទេ ហើយ​យើង​ចែក​រំលែក​ឈាម​ដល់​អ្នក​ត្រូវ​ការ​។ នៅ​ពេល​យើង​មាន​ឧបសគ្គ យើង​ក៏​អាច​ប្រើប្រាស់​វា​វិញ​បាន​ដែរ ដោយសារ​យើង​បាន​កត់ត្រា​ទុក​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​​។ ប៉ុន្ដែ​ការ​បរិច្ចាគ​ទាំង​នោះ​មិន​អាច​​ទុក​ប្រើប្រាស់​សម្រាប់​បងប្អូន​យើង​បាន​ទេ លុះត្រា​តែ​យើង​ធ្វើ​ការ​បរិច្ចាគ​ភ្លាមៗ​ទៀត»។

មូល​ហេតុ​នៃ​ការ​បញ្ឈប់​ចេញ​បណ្ណ​បរិច្ចាគ​ឈាម

ចំពោះ​ការ​បញ្ឈប់​ការ​ចេញ​បណ្ណ​សម្រាប់​អ្នក​បរិច្ចាគ​ឈាម លោក​វេជ្ជបណ្ឌិត​បាន​បក​ស្រាយ​ថា ​ការ​បរិច្ចាគ​ឈាម​ហើយ​មិន​អាច​យក​ឈាម​នោះ​សម្រាប់​ឱ្យ​អ្ន​កដទៃ​ប្រើ​ប្រាស់​ជំនួស​នោះ​ទេ​​​។ ចំពោះ​សាមី​ខ្លួន ពួក​គេ​​អាច​ផ្ដល់​ជូន​បាន​។ ឧបមាថា ​បុគ្គល​ម្នាក់​​ទៅ​បរិច្ចាគ​ឈាម​​ ហើយ​ថ្ងៃ​ក្រោយ​ពួក​គេ​​​មាន​បញ្ហា ពួក​គេ​​អាច​ប្រើប្រាស់​ឈាម​នោះ​បាន​។ លោក​ ប៉ូ ​និយាយថា​៖ «​យ៉ាង​ណាមិញ មាន​ជន​ខិលខូច​មួយ​ចំនួន​ឆ្លៀត​ប្រើ​នូវ​នយោបាយ​យើង​ពី​មុន ដែល​ពេល​យើង​បរិច្ចាគ​ឈាម យើង​អាច​យក​ឈាម​នោះ​ទៅ​ជួយ​បងប្អូន​យើង​។ ប៉ុន្ដែ​ក្រុម​បរិច្ចាគ​ឈាម​អាជីព​បាន​ធ្វើ​ឱ្យ​ខូច​គោល​នយោបាយ​នេះ​។ យើង​បាន​បញ្ឈប់​វា​»។ ចំពោះ​បុគ្គល​មាន​បំណង​ចង់​បរិច្ចាគ​ឈាម​ទុក​​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ពេល​គ្រាអាសន្ន​ណាមួយ​ ពិត​ជា​បាន​។ ការ​បរិច្ចាគ​ឈាម​ជា​ក្រុម​ធំ ​ត្រូវ​បាន​ធ្វើ​ឡើង​​តាមរយៈ​​មន្ដ្រី​ទំនាក់ទំនង​របស់​គ្រឹះស្ថាន​នីមួយៗ ប្រសិន​បើ​ពួក​គេ​ត្រូវ​ការ​ប្រើប្រាស់​ឈាម​។ ​ប្រធាន​មជ្ឈមណ្ឌល ឱ្យ​ដឹង​ថា ការ​ចេញ​កាត​​ឱ្យ​បុគ្គល​នេះ ត្រូវ​បាន​ជន​ខិលខូច​បោក​បញ្ឆោត​អ្នក​ស្ម័គ្រចិត្ដ​ដោយ​ប្រមូល​កាត​ពី​ពួក​គេ​ និង​មក​បើក​ឈាម​អស់​ពី​ស្ដុក​។

លោក ប៉ូ លើក​ឡើង​ថា​៖ «​បទពិសោធ​ឆ្នាំ​ ២០១៩​ យើង​រៀបចំ​កម្មវិធី​មួយ ដែល​ទទួល​បាន​ឈាម​រហូត​ដល់ ៩០០ ​សាក់​ ក្នុង​ ១ ​ថ្ងៃ។ ជន​ខិលខូច​បាន​ទៅ​លួង​លោម​សមាជិក​យក​កាត​សឹង​តែ​ទាំង​អស់​ រួច​បើក​យក​ឈាម​ចេញ​ទៅ​វិញ​អស់​។ នោះ​ជា​​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​»។

លោក​និយាយ​ថា​ លោក​​គិត​ថា អ្នក​បរិច្ចាគ​ទាំង​នោះ មិន​គិត​ថា ចង់​ត្រូវ​ការ​ប្រើប្រាស់​ឈាម​នោះ​វិញ​ទេ។ អ្នក​បរិច្ចាគ​ឈាម​ពិត​ប្រាកដ​មាន​តែ​ម្យ៉ាង​ទេ មាន​តែ​ឧទ្ទិស​ថា កុំ​ឱ្យ​ជួប​វាសនា​ប្រើប្រាស់​ឈាម​នោះ​។

ការ​បរិច្ចាគ និង​ឈាម​ដែល​មាន​គុណភាព

គួរ​បញ្ជាក់​ថា តម្រូវ​ការ​ឈាម ២០ ​សាក់​ មិន​មែន​រក​មនុស្ស​សុខភាព​ល្អ ២០ ​នាក់ អាច​បរិច្ចា​គ​គ្រប់ ២០ ​សាក់​នោះ​ទេ​ តែ​ត្រូវ​រក​មនុស្ស​យ៉ាង​តិច​ពី ៣០ ទៅ ៤០ ​នាក់​ ពីព្រោះ​ពួក​គេ​ទាំង​អស់ ​មិន​​ទៀង​ថា​ អាច​បរិច្ចាគ​បាន​ទេ​។ អ្នក​ខ្លះ​អាច​មាន​ជំងឺ​ប្រចាំ​កាយ ជា​ពិសេស សម្ពាធ​ឈាម​មិន​គ្រប់ ហើយ​ជួន​កាល​គាត់​អត់​ងងុយ គាត់​ដើរ​លេង​យប់ ផឹក​ស្រា​​ រួម​ទាំង​ការ​កើន​ឡើង​នៃ​សម្ពាធ​ផង​ដែរ​។

លោក ប៉ូ ​ឱ្យ​ដឹង​ថា ការ​បរិច្ចាគ​តាម​រយៈ​អ្នក​ស្ម័គ្រចិត្ដ​មាន​ចំនួន​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ប្រើប្រាស់​ឈាម​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ការ​រៀបចំ​ព្រឹត្ដិការណ៍​បរិច្ចាគ​ឈាម​មួយ ច្រើន​បំផុត​បាន​ ៧០០ សាក់។ បើ​មជ្ឈមណ្ឌល​​អត់​ទទួល​អ្នក​បរិច្ចាគ​ជំនួស​ទេ ​មជ្ឈមណ្ឌល​នឹង​ប្រើ​ឈាម​អស់​ត្រឹម​រយៈពេល​តែ​ ២ ​ថ្ងៃ​​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា​៖ «សំខាន់​បំផុត ឈាម​ដែល​បូម​បាន​ទាំង​អស់ មិន​អាច​យក​ទៅ​ប្រើ​បាន​ទាំង​អស់​នោះ​ទេ។ យើង​ត្រូវ​ឆ្លង​កាត់​មន្ទីរ​ពិសោធន៍មួយ​ចំនួន​ដែល​ឈាម​ខ្លះ​ត្រូវ​ខូចខាត​ដោយសារ​មេរោគ ឬ​អ្នក​បរិច្ចាគ​មាន​ជាតិ​ខ្លាញ់​ច្រើន​។ ឈាម​ទាំង​នោះ​ក៏​មិន​អាច​ប្រើប្រាស់​បាន​ដែរ។ អ៊ីចឹង ឈាម​ដែល​យើង​បូម​បាន​ពី​អ្នក​បរិច្ចាគ ១០០ ​ប្លោក មិនមែន​យក​ទៅ​ប្រើ​បាន​ទាំង ១០០ ​នោះ​ទេ គឺ​ត្រឹម​ ៩០ ​ប្លោក​ប៉ុណ្ណោះ​។ ចំពោះ​ការ​ទទួល​ឈាម​បរិច្ចាគ ​១ ថ្ងៃ ៧០០ សាក់់ យើង​កាត់ ១០ ​ភាគរយ​ចេញ​ទៅ»​។

ចំពោះ​អ្នក​មាន​បំណង​ចង់​បូម​ឈាម​ផ្ញើ​ទុក​នៅមជ្ឈមណ្ឌល​សម្រាប់​ប្រើប្រាស់​លើ​អ្នក​ជំងឺ​បងប្អូន​ ដែល​នឹង​ត្រូវ​ការ​ប្រើ​នៅ​ពេល​ណា​មួយ​​ខាង​មុខ លោក​វេជ្ជ​​បណ្ឌិត ប៉ូ បាន​ឱ្យ​ដឹង​ថា ការ​ផ្ញើ​ទុក​នេះ មាន​សុពលភាព​ត្រឹម ៣០ ​ថ្ងៃ​ប៉ុណ្ណោះ​។ លោក​​ឱ្យ​ដឹង​ថា​៖ «​ក្រោយ​រយៈពេល​នោះ​មជ្ឈមណ្ឌល​ចែកចាយ​ទៅ​កាន់​មន្ទីរ​ពេទ្យ​អស់​ហើយ​»។​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នឹង​ធ្វើ​ការ​កត់ត្រា​ទុក​នូវ​ប្រវត្ដិ​របស់​អ្នក​ផ្ដល់​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​មជ្ឈមណ្ឌល​នឹង​ធ្វើ​វឌ្ឍនភាព​បច្ចេកវិទ្យា​តាមរយៈ​ការ​ធ្វើ​​ Face ID ដែល​មាន​ន័យ​ថា ការ​បរិច្ចាគ​ឈាម​របស់​បុគ្គល​នេះ​មាន​ប្រវត្ដិ​ច្បាស់លាស់​។ «​យើង​ត្រូវ​មាន​វិធានការ​តឹងតែង​​ខ្លាំង​​ ពីព្រោះ​យើង​បង្ការ​ការ​ជួញដូរ​ឈាម​ខុស​ច្បាប់»​៕