គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​រៀបចំ​ផែនការ​ទសវត្សរ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្មី ឆ្នាំ​ ២០២១-២០៣០ ដោយ​សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​កាត់បន្ថយ​អ្នកស្លាប់ និង​អ្នករបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ ៥០% នៅ​ឆ្នាំ ​២០៣០​។

នេះ​ជា​ការលើកឡើង​របស់​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នា​ថ្ងៃទី​ ២២ ខែមិថុនា ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការប្រមូល​ធាតុ​ចូល​ សម្រាប់​ផែនការ​ទសវត្សរ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​ ២០២១-២០៣០​។

សិក្ខាសាលា​នេះ​មាន​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២២-២៣ ខែមិថុនា ដែលមាន​ការចូលរួម​ពី​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​មហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ដៃគូ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​បង្ហាញ​ពី​លទ្ធផល​ការងារ​សម្រេចបាន បញ្ហា​ប្រឈម និង​បទពិសោធ​នៃ​ផែនការ​ទសវត្សរ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី ​១ ឆ្នាំ​ ២០១១-២០២០ ព្រមទាំង​ជា​វេទិកា​ពិភាក្សា ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ស្ថាប័ន​ជាតិ អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ​លើ​ពង្រាង​ផែនការ​ទសវត្សរ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្មី ឆ្នាំ​ ២០២១-២០៣០​។

លោកស្រី មឹន មាណវី បាន​លើកឡើង​ថា ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទើប​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​គ្រប់​ប្រទេស​ជា​សមាជិក​ដាក់ចេញ​នូវ​ផែនការ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​លើក​ទី ​១ រយៈពេល​ ១០ ​ឆ្នាំ ពី​ឆ្នាំ ២០១១-២០២០ ដោយ​តម្រូវឱ្យ​ខិតខំ​កាត់បន្ថយ​យ៉ាងណា​ឱ្យបាន​ ៥០​ ភាគរយ​នៃ​ចំនួន​ប៉ាន់ស្មាន ដែល​ក្នុងប្រទេស​កម្ពុជា​គឺមាន​ប្រមាណ ៧ ៧៥០ នាក់ ក្នុង​ចំនួន​ប៉ាន់ស្មាន​រួម ១៤ ៧០០ នាក់​។

ប៉ុន្តែ​កម្ពុជា​កាត់បន្ថយ​បានតែ​ជាង ៤ ៧១០ នាក់ ស្មើនឹង​ ៦៤ ភាគរយ នៃ ​៥០ ​ភាគរយ តែបើ​ធៀប​នឹង​ចំនួន​សរុប​រួម គឺ​បានតែ​ ៣១ ​ភាគរយ តែប៉ុណ្ណោះ​។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ព្រាង​នូវ​ផែនការ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បន្ទាប់​គឺ​ ២០២១-២០៣០ ដើម្បី​កាត់បន្ថយ​អ្នកស្លាប់​ក្នុង​គម្រោង​ឱ្យបាន​ ៥០ ​ភាគរយ​ទៀត​តាម​វិធានការ​នានា​ដែលមាន​ការឯកភាព​ក្នុង​កិច្ចប្រជុំ​សកល​នៃ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​ ៣ នៅ​ប្រទេស​ស៊ុយអែត​កាលពី​ចុងឆ្នាំ​ ២០២០ និង​ការប្រកាស​របស់​អង្គការ​សហប្រជាជាតិ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ ​២០២១ ​កន្លង​ទៅនេះ​»​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​ ២០២១​ ក្នុង​ប្រទេស​កម្ពុជា​បាន​ថយចុះ​ចំនួន​ ៥០៩ ​លើក ស្មើ ១៦% (២៦៧០/៣១៧៩ ​លើក​) អ្នកស្លាប់​ថយចុះ​ចំនួន​ ១៤៩​ នាក់ ស្មើ​ ៩% (១៤៩៧/១៦៤៦ ​នាក់​) និង​អ្នករបួស​ថយចុះ​ចំនួន​ ១០៧១ ​នាក់ ស្មើ ២៣% (៣៦១៥/៤៦៨៦) ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០​។

ក្នុងនោះ​អ្នកស្លាប់​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ​២៤៥​ នាក់ ខេត្ត​កណ្តាល​ចំនួន​ ១៤១ នាក់ និង​ខេត្តកំពង់ចាម​ចំនួន ​៩៦​ នាក់​។ មូលហេតុ​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់ រួមមាន​៖ បើកបរ​លើស​ល្បឿន​កំណត់​ ៣៨% មិន​គោរព​សិទ្ធិ​ ២៤% មិន​ប្រកាន់​ស្តាំ​ ១៤% វ៉ា​ជែង ​៨% បត់​ ៨% ស្រវឹង​ ៤% កត្តា​យានយន្ត​ ៣% និង​ងងុយ ១%​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ​បង្ក​ឡើង​ ដោយសារ​ការបើកបរ​ក្នុង​ល្បឿន​ហួសកំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព និង​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ការជែង​ដោយ​ប្រថុយ​ប្រថាន​បាន​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​មាន​សភាព​ធ្ងន់ធ្ងរ​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស ឬ​របួស​៕