​ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កាលពី​ថ្ងៃទី ​២៣ ​ខែមិថុនា​នេះ​ បានរៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ថ្មី​ចំនួន​៣​លើ​វិស័យ អប់រំ សុខាភិបាល និង​កសិកម្ម ជា​ឯកសារ​គោលនយោបាយ​ ដែល​នឹងត្រូវ​ប្រើប្រាស់​ជា​ទិសដៅ​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុងប្រទេស​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បានឱ្យដឹងថា ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ទីស្ដីការក្រសួង​ឧស្សាហកម្ម ក្រោម​អធិបតីភាព លោក ឆែម គាត​រិទ្ធី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលជា​តំណាង រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម លោក​ទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ​។

​លោក ​ឆែម គាត​រិទ្ធី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) និង​បានរៀបចំ​រចនាសម្ព័ន្ធ និង​កំណត់​យក STI ជា​ផ្នែក​ស្នូល​នៃ​ការអភិវឌ្ឍន៍​ជាតិ សម្រាប់​ការស្ដារ​ប្រទេសជាតិ​ឡើងវិញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ក៏ដូចជា​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​លោក​ ឆែម គាត​រិទ្ធី​ បាន​សង្កត់ធ្ងន់ថា​៖ «​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ទាំង ​៣ ​នេះ ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ជា​ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​កំពុង​ត្រូវការ​ក្នុង​វិស័យ អប់រំ សុខាភិបាល និង​កសិកម្ម ដែលជា​ឯកសារ​មេ​ដ៏​សំខាន់​សម្រាប់​ដៃគូ​ពាក់ព័ន្ធ និង​ជា​ឯកសារ​គោលនយោបាយ​យុទ្ធសាស្ត្រ​ក្នុងការ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០»​។​

​ពិធី​សម្ពោធ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (GDSTI) នៃ​ក្រសួង​ឧស្សាហកម្ម ដែលជា​លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ (​ក ជ វ ប ន​) ដោយមាន​ការចូលរួម​ផ្ទាល់​នៅ​ទីស្ដីការក្រសួង និង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ពី​មន្ត្រី​ពាក់ព័ន្ធ លោកស្រី​ប្រមាណ​ ១២៧ នាក់​។ ក្នុងនោះ​ក៏មាន​វត្តមាន​លោកស្រី​ Mi Ock Mun ប្រធាន​វិទ្យាស្ថាន​គោលនយោបាយ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (STEPI) ​នៃ​សាធារណរដ្ឋ​កូរ៉េ​សមាជិក​សមាជិការ​នៃ​ក ជ វ ប ន ក្រុមប្រឹក្សាភិបាល​របស់​ក ជ វ ប ន តំណាង​មកពី​ក្រសួង​នានា សាកលវិទ្យាល័យ​និង​ស្ថាប័ន​ស្រាវជ្រាវ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ជាច្រើន​ទៀត​។

​ព្រឹត្តិការណ៍​នេះ​បាន​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ជាតិ​ទាំង​៣​ដែល​នឹង​ណែនាំ​ការអនុវត្ត​គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ផែនការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​។ ផែនទី​បង្ហាញផ្លូវ​ដែល​បាន​បង្កើតឡើង​នេះ​ គឺជា​លទ្ធផល​នៃ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​និង STEPI ក៏ដូចជា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​នវានុវត្តន៍​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា​៕