បន្ទាយ​មាន​ជ័​យៈ អភិបាលខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ​២៣ ខែ មិថុនា ឆ្នាំ ​២០២២ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​អភិបាលខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ទីស្នាក់ការ​អន្តរជាតិ​ក្លង​លឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និង​ដោះស្រាយ​កិច្ចការងារ​មួយចំនួន​។​

​ភាគី​កម្ពុជា ប្រតិភូ​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ លោក ធូ ភា អភិបាលរង​ខេត្តបាត់ដំបង។​

​ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ លោក បរិ​នប​ញ្ញា ភោ​ធិ​សាធ អភិបាលខេត្ត​ស្រះកែវ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើនរូប​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំង​ ២ បាន​ពិភាក្សាគ្នា ដើម្បី​សម្របសម្រួល​បន្ថែម នៃ​កិច្ចដំណើរការ​ច្រក​ជាប់​ព្រំដែន នៃ​ខេត្តបន្ទាយមានជ័យ​រួមមាន ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​ពិភាក្សា​ការប្រើប្រាស់​បណ្ណ​ព្រំដែន អនុញ្ញាតឱ្យ​ចេញចូល​ហើយ​កន្លងមកនេះ តែ​សូមឱ្យ​ប្រើប្រាស់​យានយន្ត​អាច​ចេញចូល​បន្ថែមទៀត ។​

​បន្ថែម​ពីនេះ បាន​ពិភាក្សា​ការបើក​បណ្តោះអាសន្ន​ច្រក​ស្ទឹង​បត់ និង​ពិភាក្សា​ការបើក​ច្រក​ ៤៣ ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​រីឯ​ខេត្តបាត់ដំបង​បាន​ជជែក​ពី​ការ សម្របសម្រួល​បន្ថែម​ដំណើរការ​លើ​ច្រកទ្វារ​អន្តរជាតិ​គីឡូ​ ១៣ ស្រុក​សំពៅ​លូន ឈម​ភាគី​ច្រក​ខៅ​ឌិន ស្រុក​ក្លង​ហាត ខេត្ត​ស្រះកែវ​។​

​ក្នុង​កិច្ចពិភាក្សា​ទាំង​ប៉ុន្មាន​ចំណុច​ដែល​ភាគី​ខាង​កម្ពុជា​បាន​លើក​មកនេះ នៅ​មិនទាន់មាន​ការសម្រេច​ជា​ផ្លូវការ​នោះទេ ប៉ុន្តែ​ភាគី​ទាំង​៣​ខេត្ត គឺ​បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ស្រះកែវ បានរៀបចំ​បង្កើតឱ្យមាន​គណៈកម្មការ​រួមមួយ ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​មួយរូប ដើម្បី​ពិនិត្យ​សិក្សា​លម្អិត​បន្ថែម ហើយ​ភាគី​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ នឹងមាន​បើក​កិច្ចប្រជុំ​មួយទៀត នៅ​សាលាខេត្ត​បន្ទាយមានជ័យ នៅក្នុង​សប្តាហ៍​ទី​៣ នៃ​ខែកក្កដា​ខាងមុខ​ដើម្បី​ពិនិត្យ​សម្រេច​ជា​លទ្ធផល​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះដែរ​ភាគី​ថៃ បាន​ទទួលយក​សំណើ​កិច្ចពិភាក្សា​នេះ ដើម្បី​ស្នើសុំ​បន្តទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថៃ​របស់គេ ដើម្បី​សម្រេច​ពេល​ក្រោយ ហើយ​កម្ពុជា នឹង​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​៕