អង្គការ​អន្តរជាតិ ក្រសួង​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​រួមគ្នា​ប្រារព្ធ​ទិវា​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក (WFSD) ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ដោយ​លើកឡើង​ពី​តម្រូវការ​ក្នុងការ​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​ចំណីអាហារ​ពេញ​មួយ​ខ្សែសង្វាក់​អាហារ ពី​កសិដ្ឋាន​រហូតដល់​តុ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា នៅ​ថ្ងៃទី​ ៣០ ខែមិថុនា ខាងមុខនេះ ទិវា​សុវត្ថិភាព​ស្បៀង​ពិភពលោក នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ «​អាហារ​កាន់​តែមាន​សុវត្ថិភាព សុខភាព​កាន់តែ​ល្អប្រសើរ​»​។​

​ទិវា​នេះ​ធ្វើឡើង​ដោយ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការសម្របសម្រួល​រប​ស់​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ និង​ក្រសួង​ពាក់ព័ន្ធ​ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងសុខាភិបាល និង​ក្រសួងពាណិជ្ជកម្ម ប្រារព្ធ​ទិវា​សុវត្ថិភាព​ស្បៀង​ពិភពលោក ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​សុវត្ថិភាព​ចំណីអាហារ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​នៅ​កម្ពុជា​។

​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា ឆ្នាំនេះ ទិវា​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក នៅ​កម្ពុជា​បង្ហាញ​ពី​តម្រូវការ​ក្នុងការ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាថា​អាហារ​មាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន បញ្ជ្រាប​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​របៀបវារៈ​សាធារណៈ និង​កាត់បន្ថយ​ជំងឺ​ដែល​បង្កឡើង​ដោយ​ចំណីអាហារ ស្រប​ពេលដែល​ជួយ​សម្រួល​ដល់​ឱកាស​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​

​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា ៖ «​អាហារ​ដែលមាន​សុវត្ថិភាព​មាន​សារៈសំខាន់​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​។ លុះត្រាតែ​អាហារ​មាន​សុវត្ថិភាព ទើប​យើង​អាច​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​តម្លៃ​អាហារូបត្ថម្ភ​របស់​វា និង​ពី​អត្ថប្រយោជន៍​ផ្លូវចិត្ត និង​សង្គម​នៃ​ការចែករំលែក​អាហារ​ដែលមាន​សុវត្ថិភាព​»​។​

​នៅ​ទូទាំង​ពិភពលោក មនុស្ស​ ០១ ​នាក់ ​ក្នុងចំណោម ១០ នាក់ រង​ផលប៉ះពាល់​ដោយ​ជំងឺ​ដែល​បណ្តាលមកពី​អាហារ​ជា​រៀងរាល់ឆ្នាំ​។ អាហារ​គ្មាន​សុវត្ថិភាព​គឺជា​ការគំរាមកំហែង​ដល់​សុខភាព​មនុស្ស និង​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ រួមទាំង​ទារក កុមារ ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ និង​មនុស្ស​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​។

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ដែល​នៅ​ថ្ងៃទី ០៨ ខែមិថុនា​ កន្លងទៅនេះ ច្បាប់​ស្តីពី «​សុវត្ថិភាព​ចំណីអាហារ​» ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។​

​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​នេះ លោក សុខ ស៊ីឡូ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ​និង​ជនបទ បានលើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការវិភាគ​ប្រកបដោយ​គុណភាព​នៃ​ប្រព័ន្ធគ្រប់គ្រង​ចំណីអាហារ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែ មិថុនា ឆ្នាំ​ ២០២២ ថា សុវត្ថិភាព​ស្បៀងអាហារ​គឺជា​សសរស្តម្ភ​គ្រឹះ​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​បាន​ថ្លែងថា៖ «​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្បៀងអាហារ​របស់​ជាតិ គឺជា​កត្តា​សំខាន់​សម្រាប់​សុខភាព​សាធារណៈ និង​ជា​កត្តា​ទាក់ទាញ​សម្រាប់​ការធ្វើ​ពា​ណិ​ជ្ចក​ម្ម ទេសចរណ៍ និង​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​។ អាហារ​ដែលមាន​សុវត្ថិភាព មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​យើង​»​។

​លោក សុខ ស៊ីឡូ បាន​បន្តថា អាហារ​គ្មាន​សុវត្ថិភាព​បង្ក​ការគំរាមកំហែង​ដល់​សុខ​ភាពជា​សាកល ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់រូប​។ ទារក កុមារ​តូច ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ គឺជា​អ្នក​ងាយ​រងគ្រោះ​ដោយសារ​បញ្ហា​សុវត្ថិភាព​ស្បៀងអាហារ​។ ស្បៀងអាហារ​គ្មាន​សុវត្ថិភាព គឺជា​មូលហេតុ​បណ្តាលឱ្យមាន​ជំងឺ​ជាច្រើន រួមមាន​ជំងឺមិនឆ្លង និង​ជំងឺឆ្លង ព្រមទាំង​បាន​បង្កើត​វដ្ត​ដ៏​កាច​សាហាវ​នៃ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ដែល​គំរាមកំហែង​ដល់​ស្ថានភាព​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​របស់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។

​លោក​បាន​បញ្ជាក់ថា៖ «​យើងទាំងអស់គ្នា​ប្រាថ្នា​ចង់បាន​អាហារ​ដែលមាន​គុណភាព​និង​សុវត្ថិភាព​ដើម្បី​ធានាបាន​នូវ​សុខភាព​ល្អ​។ ប៉ុន្តែ​អាហារ​អាច​ក្លាយទៅជា​វត្ថុ​កខ្វក់ ឬ​គ្មាន​សុវត្ថិភាព​សម្រាប់​ការបរិភោគ ដោយសារ​តែមាន​កាកសំណល់​សារធាតុ​គីមី​ហួស​កម្រិត មាន​វត្តមាន​ពពួក​អតិសុខុមប្រាណ​បង្ក​ជំងឺ ដូចជា​បាក់តេរី ប៉ារ៉ាស៊ីត និង​ភ្នាក់ងារ​បង្ក​រោគ​ផ្សេងៗ ឬ​មាន​វត្តមាន​លោហៈ កញ្ចក់ ឬ​ប្លា​ស្ទិ​ក ដែល​អាច​កើតមានឡើង​នៅ​ចំណុច​ណាមួយ​នៃ​ការផលិត ការកែច្នៃ​និង​ការចែក​ចាយ និង​ការ​រក្សាទុក​»​។​

​នៅក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ទូទៅ មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុ​វត្តិភាព​ម្ហូបអាហារ ហើយ​តែងតែ​ពិភាក្សា​ពី​បញ្ហា​បន្លែ​និង​ផ្លែឈើ ព្រមទាំង​ផលិតផល​អាហារ​មួយចំនួនទៀត នៅលើ​ទីផ្សារ​មាន​សារ​ធាតុគីមី ឬ​ពុំមាន​សុវត្ថិភាព​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។

លោក​ សុខ ស៊ីឡូ បន្ថែម​ដោយ​លោក​បញ្ជាក់ថា សុវត្ថិភាព​ស្បៀងអាហារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​យ​ការផលិត និង​ការ​ទទួលទាន​អាហារ​ដែលមាន​សុវត្ថិភាព ផ្តល់​អត្ថប្រយោជន៍​ភ្លាមៗ និង​ក្នុង​រយៈពេល​វែង​ចំពោះ​មនុស្ស ភពផែនដី និង​សេដ្ឋកិច្ច​៕