ភ្នំពេញៈ អង្គការ​ WWF ​កម្ពុជា​ កំពុងតែ​ប្រកាស​ឱ្យ​យុវជន​ចូលរួម​កម្មវិធី​ប្រកួត​បង្កើត​ខិត្តប័ណ្ណ​ស្តីពី​សារៈសំខាន់​នៃ​ការអភិរក្ស​សត្វ​ខ្លាធំ ដែល​កាលបរិច្ឆេទ​ក្នុង​ការដាក់​ខិត្តប័ណ្ណ​ក្នុងការ​ប្រកួតប្រជែង​នោះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ ខាងមុខនេះ​។​

​យោងតាម​អង្គការ​ WWF ​កម្ពុជា​បានឱ្យដឹងថា សម្រាប់​យុវជន​ដែលមាន​អាយុ​ចាប់ពី​ ១៥ ដល់ ២១​ ឆ្នាំ ហើយ​ចង់បង្ហាញ​ភាព​ច្នៃប្រឌិត​របស់ខ្លួន​ក្នុង​ការបង្កើត​ខិត្តប័ណ្ណ ដើម្បី​បង្កើន​ការយល់ដឹង​ពី​ការអភិរក្ស​សត្វ​ខ្លាធំ​ត្រូវមាន​លក្ខខណ្ឌ​ដូចជា មាន​ភាព​ច្នៃប្រឌិត ជា​ប្រភេទ​គំនូរ​គូរ​ដោយ​ដៃ គំនូរ​ឌីជីថល ឬ​ការច្នៃ​ណាមួយ ដែល​អាច​បង្ហាញ​ខ្លឹមសារ និង​សារ​ទាក់ទង​នឹង​ប្រធានបទ​នេះ​, ទំហំ A4 និង​ទម្រង់ JPEG មាន​តុល្យភាព​ក្នុងការ​ប្រើប្រាស់​រូបភាព សញ្ញា និង​អក្សរ និង​ជា​ភាសា​ខ្មែរ ឬអង់គ្លេស​។

​ចំពោះ​រង្វាន់​មាន​ជយលាភី​មួយរូប និង​ជយលាភី​លើកទឹកចិត្ត​ ២ ​រូប​។ ជយលាភី​លេខ ​១ នឹងត្រូវ​ក្លាយជា​យុវ​ទូត​សុច្ឆន្ទៈ​តំណាងឱ្យ​ប្រទេស​កម្ពុជា ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​យុវជន​ស្ដីអំពី​សត្វ​ខ្លា​ពី​ចម្ងាយ ដែល​រៀបចំ​ដោយ WWF-Tiger Alive Initiative និង WWF-India, ជួប​ផ្ទាល់​ពិសេស​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ដើម្បី​ស្វែងយល់​ពី​ការងារ​អភិរក្ស​ធនធានធម្មជាតិ និង​វិញ្ញាបនបត្រ​នៃ​ការទទួលស្គាល់​ការចូលរួម​ផងដែរ​។

​យ​វុ​ជន​ដែល​ចូលរួម​អាចដាក់​ខិត្តប័ណ្ណ​ដែល​បានធ្វើ​តាម​តំណ​ភ្ជាប់​នេះ​៖ https://bit.ly/3xKAuob៕​