ពោធិ៍សាត់ៈ លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​អំពាវនាវ​សុំឱ្យ​ប្រជាពលរដ្ឋ​កុំ​លើកដី​ផ្ទះ​ខ្ពស់ជាង​ផ្លូវ ដែល​អាចធ្វើឱ្យ​ទឹក​ហូរ​លើផ្លូវ និង​ឆាប់​ខូច ហើយ​កុំ​យក​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ ដែល​អាច​បង្កឱ្យមាន​កា​រ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៣​ ខែមិថុនា​នេះ​ នៅក្នុង​ឱកាស​ដែល​លោក​ចុះ​ពិនិត្យ វឌ្ឍនភាព​ការងារ​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ​៥ ភាគខាងត្បូង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​សំណូម​ផងដែរ​សុំ​កុំឱ្យ​ដឹក​លើស​ទម្ងន់ ហើយ​សូមអ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ប្រុងប្រយ័ត្ន​ដោយសារ​ឃើញ​ផ្លូវ​ល្អ ហើយ​បើកបរ​លើស​ល្បឿន​កំណត់ដោយ​មិនដឹង​ខ្លួន ត្រូវ​ពាក់មួក​សុវត្ថិភាព​ពេល​ជិះ​ម៉ូតូ និង​ពាក់​ខ្សែក្រវាត់​ឱ្យបាន​ត្រឹមត្រូវ​ពេល​បើកបរ​រថយន្ត មិនត្រូវ​ប្រើ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន និង​មិនត្រូវ​ប្រើ​ទូរស័ព្ទ​នៅពេល​បើកបរ​។

ប្រការ​ទាំងនេះ​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ របួស​ពី​ ១០​ ទៅ​ ១៥​ នាក់​ក្នុង​ ១ ថ្ងៃ ខាតបង់​ថវិកាជាតិ និង​ថវិកា​ឯកជន​ប្រមាណ​ពី​ ៤០០ ទៅ ៤២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំ​។

​ក្រៅពីនោះ លោក​ក៏បាន​អំពាវនាវ​សុំឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍ និង​ច្បាប់​ផ្លូវថ្នល់​ទាំងអស់គ្នា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ថែរក្សា​ទ្រព្យសម្បត្តិ​ជាតិ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​គ្រោះថ្នាក់​នេះ​បន្សល់ទុក​នូវ​កុមារកំព្រា ស្ត្រី​មេម៉ាយ ហើយ​វា​ធ្វើឱ្យមាន​ការលំបាក​ដល់​យុទ្ធនាការ​កម្មវិធី​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

​យោងតាម​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ភាគខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) គិត​រហូត​មកទល់ពេលនេះ​សម្រេចបាន ​៨០%​ ហើយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៣​។

​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ ​៥ ​មាន​ប្រវែង​សរុប​ចំនួន​ ៣៦៦ ​គីឡូម៉ែត្រ ឋិត​ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដែលជា​គម្រោង​ក្រោម​កម្ចី​ឥណទាន សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា គ្រោង​ចំណាយ​ថវិកា​ប្រមាណ ​៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ការងារ​ស្ថាបនា​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​ធំៗ​រួមមាន​៖ ភាគ​ខាងជើង ភាគខាងត្បូង និង​ភាគ​កណ្តាល ដោយ​ក្នុងនោះ​៖ មានការ​ពង្រីក​កំណាត់​ផ្លូវជាតិ​មាន​ស្រាប់​ពី​ ២​ គន្លង ទៅ ​៤​ គន្លង ទទឹង ​២៣​ ម៉ែត្រ មាន​ប្រវែង​សរុប​ ៣០៤​ គីឡូម៉ែត្រ ក្រាល​ជំនួស ដោយ​បេតុង​កៅស៊ូ​ (AC) និង​មាន​សួនច្បារ​កណ្តាល​។ គម្រោង​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ២១ ខែ ឧសភា ឆ្នាំ​២០១៨៕