បាត់ដំបងៈ ​អភិបាលខេត្ត​បាត់ដំបង លោក​ សុខ លូ ​បាន​ស្នើឱ្យ​ប្រទេស​បារាំង​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការជួយ​ជួសជុល​សំណង់​អគារ​ចាស់​សល់​ពី​សម័យ​អាណានិគម​បារាំង ខណៈ​ដែល​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​សន្យាថា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​បន្ថែមទៀត​។

ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​រវាង​លោក​អភិបាលខេត្ត និង​លោក​ ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​នា​រសៀល​ថ្ងៃទី​ ២២ ខែមិថុនា​នេះ​។

លោក​ សុខ លូ ​បាន​មានប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​ឯកភាព​ជាគោលការណ៍​ដល់​អាកាសចរ​ស៊ីវិល​ឱ្យ​ធ្វើការ​កែលម្អ​អាកាសយានដ្ឋាន​បាត់ដំបង​ឱ្យក្លាយ​ទៅជា​អាកាសយានដ្ឋាន ប្រភេទ ​4C ដែលមាន​កម្រិត​ស្មើនឹង​ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​ក្រុមការងារ​កំពុងតែ​រៀបចំ​លើ​គម្រោង​មួយ​នេះ​។ លោក​បាន​បន្តទៀត​ថា កន្លងមក​រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ធ្វើការ​ខិតខំ​ក្នុងការ​ថែរក្សា​សំណង់​អគារ​បុរាណ​មួយ​នេះ តែ​ក៏មាន​បញ្ហា​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​បច្ចេកទេស និង​ថវិកា​មួយចំនួន​ផងដែរ ដើម្បី​អភិវឌ្ឍន៍​តំបន់​អភិរក្ស​ទាំងនេះ​។ លើសពីនោះ រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ធ្វើការ​ហាមឃាត់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើការ​ជួសជុល​ផ្ទះ​ដែលជា​សំណង់​បុរាណ​ដោយ​ខុសពី​ទម្រង់​ដើម​នៃ​អគារ​។ ក្នុងនោះ​រដ្ឋបាលខេត្ត​ក៏​នឹង​ធ្វើការ​ពិនិត្យ​លទ្ធភាព​ដល់ផ្ទះ ដែល​បាន​កែប្រែ​ខុសពី​ទម្រង់​ដើម​ផងដែរ​។

លោក​ សុខ លូ ​ក៏បាន​លើកឡើង​ផងដែរ​ថា ខេត្ត​បាត់ដំបង​ក៏​មាន​ផ្សារ​មួយ​ដែល​ជា​សំណង់​តាំងពី​សម័យ​អាណានិគម​បារាំង ដែល​កំពុង​ជួបប្រទះ​ហានិភ័យ​។ លោក​បាន​សំណូមពរ​ដល់​ប្រទេស​បារាំង​តាមរយៈ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ជួយ​ដល់​សំណង់​អគារ​នេះ​តាម​លទ្ធភាព​ជាក់ស្ដែង​ហើយ​ថ្ងៃក្រោយ​តំបន់​អភិរក្ស​បេតិកភណ្ឌ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ខេត្តបាត់ដំបង​អាច​រក​ចំណូល តាមរយៈ​ភ្ញៀវទេសចរ​មក​ទស្សនា​កម្សាន្ត​។

លោក​ ហ្សាក់ ប៉ឺឡេ ​បាន​ថ្លែង​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ដែល​បាន​ខិតខំ​ព្យាយាម​ក្នុង​ការ​ថែរក្សា​សំណង់​អគារ​បុរាណ​នានា ដែល​កសាង​ឡើង​តាម​សម័យ​អាណានិគម​និយម​បារាំង និង​បាន​ធ្វើការ​ជួសជុល​ជា​អន្លើ​កន្លែង​ដែល​ខូចខាត ដើម្បី​រក្សា​នូវ​សំណង់​អគារ​បុរាណ​នោះបាន​ល្អប្រសើរ​។ ក្នុងនោះ លោក​ក៏បាន​មានការ​ចាប់អារម្មណ៍​ទៅលើ​គម្រោង​ដែល​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​អាកាសយានដ្ឋាន​បាត់ដំបង ដែល​នេះ​គឺជា​ផ្លូវ​មួយ​ឈាន​ទៅរក​ការដឹកជញ្ជូន​កាន់តែ​មាន​ភាពងាយស្រួល និង​បង្កឱ្យ​មាន​ការលើកស្ទួយ​នៅក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​ខេត្ត​បាត់ដំបង កាន់តែ​មាន​ការ​រីកចម្រើន​។

លោក​ ហ្សាក់ ប៉ឺឡេ ​បាន​បន្តថា ទាក់ទង​ទៅនឹង​ការអភិរក្ស​សំណង់​បេតិកភណ្ឌ​ក៏​ស្ថានទូត​បាន​ធ្វើការ​គិតគូរ​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​កាន់តែ​ច្រើន​។ ប៉ុន្តែ​អ្វីដែល​ស្ថានទូត​ត្រូវ​ដឹង​គឺ​ផែនការ​អភិវឌ្ឍន៍ និង​អភិរក្ស សំណង់​បេតិកភណ្ឌ សតវត្សរ៍​ទី​ ២០ ដែល​ត្រូវ​ធ្វើការ​សិក្សា​អំពី​ប្លង់​លម្អិត​ជាមុនសិន​ផងដែរ និង​ធ្វើការ​ពិភាក្សា​ជាមួយ​ដៃគូ​នៃ​ប្រទេស​បារាំង​។

លោក​ ហ្សាក់ ប៉ឺឡេ ​បាន​ថ្លែងថា​៖ «​ប្រទេស​បារាំង​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​ន័យ​ធ្វើការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន និង​បន្ត​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឱ្យ​មក​ខេត្ត​បាត់ដំបង​កាន់តែ​ច្រើនឡើងៗ​»៕