មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​កម្មការិនី និង​ស្រ្តីៗ​ ត្រូវ​ពិចារណា​ឱ្យ​បាន​ដិត​ដល់​លើ​គុណ​តម្លៃ​ទឹក​ដោះ​ម្តាយ​សម្រាប់​កូនៗ​របស់​ខ្លួន ខណៈ​ដែល​អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់​នៅ​កម្ពុជា​មាន​និន្នាការ​បន្ត​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ឡើង​ដូច​នេះ នា​ព្រឹកថ្ងៃ​ទី ២៤ ខែ​មិថុនា ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​បន្ទប់​បំបៅ​ដោះ​កូន​ដែល​មាន​លក្ខណៈ​ស្តង់ដា ជា​លើក​ដំបូង​នៅ​ខេត្ត​កំពត គឺ​រោងចក្រ KEME GARMENT (CAMBODIA) និង JIA GARMENT។

ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​បន្ទប់​បំបៅ​ដោះ​កូន​នេះ ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ ហេទ្បែន ខេលល័រ និង​គម្រោង MUSEFO នៃ​អង្គការ GIZ សហការ​ជាមួយ​សាលា​ខេត្ត​កំពត រោងចក្រ KEME GARMENT (CAMBODIA) និង JIA GARMENT។

លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ឡើង​ដោយ​បាន​ក្រើន​រំឭក​ដល់​កម្មករ-កម្មការិនី​ ពី​គុណ​តម្លៃ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទឹក​ដោះ​ម្តាយ​ចំពោះ​ទារក និង​កុមារ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករ-កម្មការិនី​យើង​នៅ​ទី​នេះ​ពិចារណា​ឱ្យ​បាន​ដិតដល់​លើ​គុណ​តម្លៃ​ទឹក​ដោះ​ម្តាយ​សម្រាប់​កូនៗ​របស់​យើង ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា បងប្អូន​ទាំង​អស់​ពិត​ជា​ចង់​ឱ្យ​កូនៗ​មាន​បញ្ញា​ឈ្លាស​វៃ មាន​ខួរ​ក្បាល​ល្អ រៀន​ពូកែ មាន​សុខភាព​ល្អ​ប្រសើរ គ្មាន​ជំងឺ និង​រាង​កាយ​មាំមួន​សង្ហារ ហើយ​ដែល​គុណភាព​ទាំង​អស់​នេះ​អាច​សម្រេច​បាន​ដោយ​គ្រាន់​តែ​អនុវត្ត​ការ​បំបៅ​ដោះ​កូន​ឱ្យ​បាន​ពេញ​លេញ​តែ​ប៉ុណ្ណោះ»។

ទាក់ទង​នឹង​ទិន្នន័យ​ដែល​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​អត្រា​ការ​បំបៅ​ដោះ​កូន​ក្នុង​ឆ្នាំ ២០២២ នេះ លោកស្រី ប្រាក់ សុភ័ណនារី បាន​បង្ហាញ​ពី​ក្តី​បារម្ភ និង​ប្រាប់​ពី​កត្តា​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​នេះ​ផង​ដែរ។

យោង​តាម​របាយការណ៍​អង្កេត​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា​ឆ្នាំ ២០២២ នេះ បាន​បង្ហាញ​ថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់​នៅ​កម្ពុជា​មាន​និន្នាការ​បន្ត​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អត្រា ៦៥% នៅ​ឆ្នាំ ២០១៤ មក​នៅ​ត្រឹម ៥១% នៅ​ឆ្នាំ ២០២២ នេះ។

លោក​ស្រី​បាន​បញ្ជាក់​ថា៖ «មិន​ទាន់​មាន​ការ​សិក្សា​ណា​បញ្ជាក់​ពី​មូលហេតុ​ក្នុង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​អាត្រា​ការ​បំបៅ​ដោះ​កូន​នេះ​នៅ​ឡើយ​ទេ ប៉ុនែ្ត​ខ្ញុំ​គិត​ថា មាន​កត្តា​ជាច្រើន​ដែល​រួម​ចំណែក​ដូចជា ស្ត្រី ៧៦% ធ្វើ​ការងារ​នៅ​ក្នុង​ប្រព័ន្ធ ហើយ​ពួក​គាត់​ភាគ​ច្រើន​បាន​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​នៅ​ពេល​ត្រឡប់​មក​ធ្វើ​ការងារ​វិញ»។

បញ្ហា​សំខាន់​មួយ​ទៀត គឺ​កង្វះ​ខាត​ការ​គាំទ្រ​ពី​ស្ថាប័ន និង​​ពី​និយោជក​នៅ​កន្លែង​ធ្វើការ គ្មាន​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​សមាជិក​គ្រួសារ​ផ្ទាល់​ដូចជា​ប្តី ម្ដាយ និង​ឪពុក​ខ្លួន​ឯង ម្ដាយ និង​ឪពុក​ក្មេក ជីដូន ជីតា និង​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​គិត​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ជា​ទំនួល​ខុស​ត្រូវ​ផ្តាច់​មុខ​របស់​ម្តាយ​តែ​ម្នាក់​ឯង ដែល​នេះ​ជា​ការ​គិត​ប្រកប​ដោយ​គ្រោះ​ថ្នាក់​មួយ​ដែល​ធ្វើ​ឱ្យ​ស្រ្តី​ងាយ​នឹង​បោះបង់​ការ​បំបៅ​ដោះ​កូន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ប្រាក់ សុភ័ណនារី។

ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត ក៏​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មហាជន អំពី​គុណ​តម្លៃ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទឹក​ដោះ​ម្តាយ​សម្រាប់​ការ​ចិញ្ចឹម​ទារក និង​កុមារ និង​យល់​ខុស​ថា ទឹក​ដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ជា​អាហារ​ទំនើប​ទាន់​សម័យ​សម្រាប់​ទារក។

មន្រ្តី​រូប​នេះ​បាន​បន្ថែម​ថា កង្វះ​ខាត​ចំណេះដឹង​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ មិន​យល់​ស៊ី​ជម្រៅ​ពី​សារៈសំខាន់​នៃ​ទឹក​ដោះ​ម្តាយ​សម្រាប់​ការ​អភិវឌ្ឍ​រាងកាយ សតិបញ្ញា ស្មារតី ការ​សិក្សា​រៀន​សូត្រ របស់​ទារក និង​កុមារ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​ម្តាយ​ផ្ទាល់ និង​ក្រុម​គ្រួសារ​ឆាប់បោះ​បង់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​​ផង​ដែរ។ ការ​មិន​យល់​ស៊ី​ជម្រៅ​ពី​ហានិភ័យ​ផលិតផល​ទឹក​ដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ចំពោះ​កុមារ​ដូចជា៖ ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុ​ភាព​ឆ្លាត​វៃ​ចុះ​ខ្សោយ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម ជំងឺ​បេះដូង បញ្ហា​លើស​ទម្ងន់ និង​ធាត់​ជ្រុល​ជាដើម ក៏​បណ្តាល​ឱ្យ​ម្តាយ និង​ក្រុម​គ្រួសារ​បោះបង់​ការ​បំបៅ​ដោះកូន ហើយ​ជ្រើសរើស​យក​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ជំនួស​វិញ។

លោក ហ៊ូ ក្រើន នាយក​រង​អង្គការ ហេទ្បែន ខេលល័រ​ប្រចាំ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​សិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​ផ្សេងៗ​នាពេល​កន្លង​មក​បាន​រក​ឃើញ​ថា គម្រោង​លើក​កម្ពស់​អាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក និង​កុមារ​នៅ​តាម​រោងចក្រ​សហគ្រាស និង​កន្លែង​ធ្វើ​ការ​មាន​ផល​ចំណេញ​ច្រើន​សម្រាប់​និយោជិត និង​និយោជក។

លោក​បាន​ថ្លែង​ថា៖ «ផល​ចំណេញ​ទាំង​នោះ​រួម​មាន​កាត់​បន្ថយ​ថ្លៃ​ថែទាំ​សុខភាព​សម្រាប់​ម្តាយ និង​កូន, កាត់​បន្ថយ​ការ​អវត្តមាន​បុគ្គលិក, បង្កើន​ផលិតភាព​ការងារ, ធ្វើ​ឱ្យ​បរិយាកាស​នៅ​កន្លែង​ធ្វើ​ការ​មាន​លក្ខណៈ​ល្អ​ប្រសើរ, បុគ្គលិក​ស្រ្តី​ដែល​បន្ត​ការងារ​រយ:ពេល​យូរ​មាន​អត្រា​ខ្ពស់, កម្មករ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​ការងារ និង​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ជ្រើសរើស និង​ការ​បណ្តុះបណ្តាល​និយោជក»។

លោក ហ៊ូ ក្រើន បាន​បន្ត​ថា ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា គម្រោង​ដូច​នេះ​ក៏​បាន​ផ្តល់​ជា​វេទិកា​មួយ​ដល់​ស្ត្រី ដើម្បី​ពួក​គេ​មាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​សំខាន់ៗ​ដូច​ជា​ការ​អប់រំ​អាហារូបត្ថម្ភ និង​អនាម័យ ការ​អប់រំ​ការ​ចិញ្ចឹម​ទារក និង​កុមារ ការ​ប្រឹក្សា​លើ​របប​អាហារ និង​សុខភាព​របស់​ស្រ្តី និង​ច្បាប់​ការងារ។

នាយក​រង​អង្គការ ហេទ្បែន ខេលល័រ រូបនេះ​បាន​បន្ថែម​ថា៖ «ចំពោះ​គម្រោង​សាកល្បង​នៅ​កម្ពុជា ខ្ញុំ​សង្ឃឹម​ថា មេរៀន​ល្អៗ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ពិចារណាការ​សម្រួល​ខ្លឹមសារ​ខ្លះៗ​លើ​រយៈពេល​លម្ហែ​មាតុភាព និង​តម្រូវការ​រៀបចំ​បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើ​ការ ព្រម​ទាំង​ខ្លឹមសារ​លើ​ប្រាក់​បៀវត្ស​ដែល​មាន​ចែង​ក្នុង​ច្បាប់​ការងារ​កម្ពុជា​ផង​ដែរ»។

ការ​សម្រួល​ខ្លឹមសារ​នេះ​ពិត​ជា​នឹង​ផ្តល់​ឱកាស​ដល់​ស្រ្តី​ជា​ម្តាយ​អាច​បន្ត​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយ:ពេល ៦ ខែ ស្រប​តាម​គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល​ផង និង​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ដ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ហើយ​ក៏​ជា​យុទ្ធសាស្ត្រ​ឈ្នះឈ្នះ​សម្រាប់​ទាំង​និយោជិត និង​និយោជក។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី Sanne Sigh តំណាង​គម្រោង MUSEFO នៃ​អង្គការ GIZ មាន​ប្រសាសន៍​ថា៖ «ឧបសគ្គ​មួយ​សម្រាប់​ម្តាយ គឺ​ពួក​គេ​មាន​ពេល​សម្រាក​លម្ហែ​មាតុភាព​តែ ៣ ខែ​ប៉ុណ្ណោះ ជាមួយ​នឹង​ការ​ទូទាត់​ត្រឹម​តែ ៥0% នៃ​ប្រាក់​បៀវត្សរ៍​របស់​ពួក​គេ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ពិបាក​សម្រាប់​ពួក​គេ​ទាំង​ក្នុង​ពេល​លម្ហែ​មាតុភាព និង​ក្រោយ​សម្រាល​កូន​រួច»។

លោក​ស្រី​ថា កន្លែង​ធ្វើ​ការ​អាច​ជួយ​ឱ្យ​ស្ត្រី​បន្ត​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​មុខ​គត់​រយ:ពេល ៦ ខែ បន្ទាប់​ពី​ត្រលប់​ចូល​មក​ធ្វើ​ការ​វិញ និង​បន្ត​បំបៅ​ដោះ​កូន​រហូត​ដល់​អាយុ ២ ឆ្នាំ និង​លើស​ពី​នេះ។

លោក Charles LI នាយក​រង​រោងចក្រ KEME GARMENT (CAMBODIA) បាន​ប្តេជ្ញា​ចិត្ត​នឹង​បង្ក​បរិយាកាស​សមស្រប​សម្រាប់​ស្រ្តី​អាច​ប្រើប្រាស់​បន្ទប់​បំបៅ​ដោះ​កូន ដែល​បាន​បង្កើត​រួច​នៅ​រោងចក្រ ព្រម​ទាំង​ផ្តល់​ពេលវេលា​សម្រាក​ដល់​ស្រី្ត​ក្នុង​ការ​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើ​ការ ផ្តល់​ពេល​វេលា​ក្នុង​ការ​ច្របាច់ ឬ​បូម​ទឹក​ដោះ​ម្តាយ​ក្នុង​បន្ទប់​បំបៅ​ដែល​បាន​បំពាក់​រួច​ជាមួយ​នឹង​ការ​បំពាក់​សម្ភារ និង​ឧបករណ៍​គ្រប់គ្រាន់។

លោកថា៖ «ខ្ញុំ​មាន​ការ​ជឿជាក់​ថា បុគ្គលិក​របស់​យើង ពិសេស​បុគ្គលិក​ស្ត្រី​នឹង​មាន​ការ​ពេញ​ចិត្ត មាន​អារម្មណ៍​ល្អ​ស្រស់​ថ្លា​នៅ​កន្លែង​ធ្វើ​ការ ទទួល​បាន​សុខភាព​ល្អ​ប្រសើរ​ទាំង​ខ្លួន​គាត់​ផ្ទាល់ កូន និង​ក្រុម​គ្រួសារ ដែល​ជា​បច្ច័យ​នាំ​មក​នូវ​ការ​កើន​ឡើង​ផលិតភាព​ការងារ និង​កាត់​បន្ថយ​អវត្តមាន​បុគ្គលិក ព្រម​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ធានា​រ៉ាប់រង​សុខភាព​បុគ្គលិក​ផង​ដែរ»។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​បង្កើន​អត្រាការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់​សម្រាប់​ទារក និង​កុមារ​អាយុ​ពី​សូន្យ​ដល់ ៦ ខែ​ឱ្យ​បាន​ដល់ ៨៥ ភាគរយ នៅ​ឆ្នាំ ២០៣០៕