គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បានឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​សរុប​ជាង​ ៧ ​លាន​នាក់ ដែល​ស្មើនឹង ៨០,៣២% ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំនួន ៩ ៣៧៦ អាសនៈ ខណៈ​គណបក្ស​ភ្លើងទៀន​ទទួល​បាន​ចំនួន ២ ១៩៨ អាសនៈ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បើក​កិច្ចប្រជុំ​មួយនា​ព្រឹក​ថ្ងៃទី​ ២៤ ខែមិថុនា ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ ២០២២​។

យោងតាម​តារាង​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ ទី​ ៥ ឆ្នាំ​ ២០២២ បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​សរុប​ចំនួន ៧ ៣៩៨ ៤២៧ នាក់ ស្មើនឹង ៨០,៣២% ក្នុងនោះ​សន្លឹកឆ្នោត​បាន​ការសរុប​ចំនួន ៧ ២៣៧ ០៣៧ សន្លឹក និង​សន្លឹកឆ្នោត​មិនបានការ​សរុប​ចំនួន ១៥៧ ៣៩០ សន្លឹក​។

ចំណែក បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ចំនួន ៩ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ១៧ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​បាន​ទទួល​អាសនៈ​ក្រុមប្រឹក្សា សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ​ ២០២២​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឱ្យ​ដឹងថា៖ «​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៩៣៧៦ អាសនៈ​នៃ​គណបក្ស​ភ្លើងទៀន​ទទួល​បាន ២១៩៨ អាសនៈ​, គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន ១៩ អាសនៈ​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន ១៣ អាសនៈ​»​។

ប្រភព​ដដែល​បាន​បន្តថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទួល​បាន ៦ អាសនៈ​,​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទទួល​បាន ៥ អាសនៈ​, គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន ៣ អាសនៈ​, គណបក្ស​កម្ពុជា​និយម​ទទួល​បាន ១ អាសនៈ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ទទួល​បាន ១ អាសនៈ​។

គ.ជ.ប សម្រេច​ឱ្យ​អង្គភាព​ជំនាញ​ផ្សព្វផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ​ជា​សាធារណៈ​នៅ​ថ្ងៃអាទិត្យ​ទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២២ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ និង​ផ្សាយ​តាម​គេហទំព័រ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម របស់ គ.ជ.ប​៕