កំពតៈ ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​នេះ បាន​បើក​យុទ្ធនាការ «កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក និង​ផ្សព្វផ្សាយ​កន្រ្ដក​បរិស្ថាន» នៅ​ផ្សារ​សាមគ្គី ក្រុង​កំពត ខេត្ត​កំពត ដើម្បី​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ជា​អចិន្រ្តៃយ៍​នូវ​ការ​ផ្តល់​ថង់​ប្លាស្ទិក​ដោយ​មិន​គិត​ថ្លៃ​ដល់​អតិថិជន។

ក្រសួង​បរិស្ថាន​បញ្ជាក់​តាម​ហ្វេសប៊ុក​ថា យុទ្ធនាការ​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នូវ​ចលនា​ទូលំទូលាយ​រួមគ្នា​កាត់​បន្ថយ​សំណល់​ប្លាស្ទិក​នៅ​កម្ពុជា តាម​គោលការណ៍​ស្ម័គ្រចិត្ត​ស្រប​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​គ្រប់គ្រង​ថង់​ប្លាស្ទិក។

យុទ្ធនាការ​នេះ ធ្វើ​ឡើង​ក៏​ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ តាមរយៈ​ការ​ផលិត​កន្រ្តក​ដែល​ធ្វើ​ពី​ចចូត​ជា​ផលិតផល​ក្នុង​ស្រុក។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «តាមរយៈ​យុទ្ធនាការ​នេះ គណៈអធិបតី​បាន​ប្រគល់​នូវ​កន្រ្ដក​បរិស្ថាន​ជូន​អ្នក​ចូលរួម​ក្នុង​អង្គពិធី ពិសេស​បាន​ចុះចែក​ជូន​ដល់​ប្រជាពលរដ្ឋ អាជីវករ​ក្នុង​ផ្សារ​សាមគ្គី ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ថង់​ប្លាស្ទិក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់»៕