កែបៈ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ នៅថ្ងៃទី ២៣ ខែមិថុនានេះ បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឱ្យខិតខំពង្រឹងសមត្ថភាពបុគ្គលិកអប់រំ ដើម្បីប្រែក្លាយការបង្រៀន តាមបែបប្រពៃណី ទៅជាការបង្រៀនបែបចម្រុះ អនុវត្តកម្មវិធីសិក្សា ដែលអាចបត់បែនបាន និងផ្សារភ្ជាប់ទៅនឹងគន្លងអាជីព សំដៅភ្ជាប់ការអប់រំទៅនឹងការដោះស្រាយបញ្ហាជាក់ស្តែង។
ការជំរុញនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្តអញ្ជើញបិទសន្និបាតបូកសរុប និងវាយតម្លៃការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារ ២០២១-២០២២។
ការពង្រឹងសមត្ថភាព ក៏ដូចជាការប្រែក្លាយការបង្រៀននេះ ក៏ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងការសិក្សា និងធុរៈកិច្ច តាមរយៈការបង្កើតគម្រោងរួមគ្នា និងស្រាវជ្រាវ ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ដើម្បីដោះស្រាយការប្រែប្រួលនៃកម្លាំងពលកម្ម និងចូលរួមលើកកម្ពស់ការសិក្សាពេញមួយជីវិត។
លោក សោម ពិសិដ្ឋ បានថ្លែងថា ក្នុងយុគ្គសម័យនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤.០ ការសិក្សារៀនសូត្ររបស់សិស្ស ក៏ត្រូវមានការផ្លាស់ប្តូរ នូវរបៀបរៀនបែបថ្មី សមស្របទៅនឹងវិធីសាស្រ្តថ្មីនៃការបង្រៀន។ ដូច្នេះទាមទាឱ្យបុគ្គលិកអប់រំ ខិតខំពង្រឹងសមត្ថភាពខ្លួនឯង ពិសេសជំនាញឌីជីថល ដើម្បីផ្តល់បន្តដល់សិស្សានុសិស្ស ក្នុងការត្រៀមខ្លួនឱ្យបានសមស្របសម្រាប់ទីផ្សារការងារ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
លើសពីនោះ លោកអភិបាលខេត្តក៏បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សា ធានាឱ្យបាននូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព អនុវត្តកម្មវិធីសិក្សា បង្រួញ និងអាចបត់បែនបាន ក្នុងការបង្រៀន និងរៀន ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួម របស់សហគមន៍ក្នុងការគ្រប់គ្រងសាលាផងដែរ។
គិតត្រឹមឆ្នាំ ២០២២ នេះ ទូទាំងខេត្តកែប មានអគារសិក្សាសរុប ៨៧ ខ្នង ស្មើនឹង ៥៦២ បន្ទប់ ក្នុងនោះ បឋមសិក្សា ៥៨ ខ្នង ស្មើនឹង ២៥០ បន្ទប់ និងមធ្យមសិក្សា ២៩ ខ្នង ស្មើនឹង ៣១២ បន្ទប់។ នេះបើយោងតាមរដ្ឋបាលខេត្តកែប៕