ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា លទ្ធផល​សម្រេច​បាន​ក្នុង​ការ​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេវរកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ គឺជា​បេសកកម្ម​ដ៏មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​លើកឡើង​ដូច្នេះ​ក្នុង​ឱកាស​លោក​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​ ៤​ នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេវរកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហា​ប្រល័យ (​គ.ស.ហ​) នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​នេះ​។

លោក​ថែមទាំង​បាន​ចាត់ទុក​លទ្ធផល​ទាំងនេះ​គឺជា​ការឆ្លើយតប​អនុសាសន៍​របស់​អន្តរជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ទាំងនេះ​ទៅ​តាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​។

លោក ស ខេង បញ្ជាក់ថា​ក្នុង​រយៈពេល​កន្លងមក​នេះ ទោះបី​មាន​ការ​ប្រឈម​នឹង​វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ​១៩ និង​មានការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដោយ ក៏​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​របស់ គ.ស.ហ បាន​ខិតខំ​បំពេញ​ភារកិច្ច​យ៉ាងសកម្ម​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​៕