ភ្នំពេញៈ កាកបាទ​ក្រហម​កម្ពុជា​នៅ​ថ្ងៃទី ២៤ ខែ​មិថុនា​នេះ បាន​ធ្វើ​យុទ្ធនាការ​ស្តីពី «ការ​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​បរិយាបន្ន» ដើម្បី​ចូលរួម​អប់រំ​ផ្សព្វផ្សាយ និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឱ្យ​ចូលរួម​លើក​កម្ពស់ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

គោលដៅ​នៃ​យុទ្ធនាការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​នេះ គឺ​ត្រូវ​បាន​បែងចែក​ជា ៤ ក្រុម​ទៅ​តាម​គោលដៅ​ចំនួន ៤។ ក្នុង​នោះ​រួម​មាន​ទីតាំង​ច្រមុះ​ជ្រូក​ស្ទឹងមានជ័យ ទីតាំង​រង្វង់មូល​ស្តុប​នាង​គង្ហីង ទីតាំង​រង្វង់​មូល​គួច​កាណុង​ស្ពាន​ជ្រោយចង្វារ និង​ទីតាំង​រង្វង់​មូល​ស្តុប​ស្ពាន​ព្រះមុនីវង្ស។ នៅ​តាម​គោល​ដៅ​នីមួយៗ ក្រុម​ការងារ​បាន​បែងចែក​ជា​ក្រុម​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ និង​មាន​ក្រុម​សម្របសម្រួល​សំណួរ​ចម្លើយ ហើយ​ផ្តល់​រង្វាន់​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លើយ​សំណួរ​ត្រឹម​ត្រូវ​ផង​ដែរ។ នេះ​បើ​យោង​តាម​កាក​បាទ​ក្រហម​កម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី១ កាក​បាទ​ក្រហម​កម្ពុជា​បាន​ថ្លែង​ក្នុង​ឱកាស​បើក​យុទ្ធនាការ​នេះ​ថា បន្ទាប់​ពី​ស្ថានភាព​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​មានស​ភាព​ធូរស្រាល ដែល​បើក​ឱកាស​ដល់​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​កាន់​តែ​មមាញឹក​នោះ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ចាប់​ផ្តើម​កើន​ឡើង​ខ្លាំង​នៅ​ឆមាស​ទី១ ដើម​ឆ្នាំ ២០២២ នេះ។ នេះ​បាន​និង​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សោកនាដកម្ម​នេះ ហើយ​មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ គឺ​មក​ពី​មនុស្ស​ម្នាក់ៗ​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍។ ក្នុង​នោះ​មាន​ដូចជា ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​គោរព​សញ្ញា​ចរាចរណ៍ មិន​ពាក់​មួក​សុវត្ថិភាព​ត្រឹមត្រូវ ការ​វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង​ជាដើម។

លោកស្រី​បាន​បន្ត​ថា ទន្ទឹម​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​ដូចជា​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ក៏​ជា​រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​ទាំង​អស់​គ្នា​ដែរ។ ក៏​ប៉ុន្តែ​បញ្ហា​ទាំង​អស់​នេះ គេ​អាច​ចូល​រួម​ទប់ស្កាត់ កាត់​បន្ថយ និង​ត្រៀម​បង្ការ​បាន តាមរយៈ​ការ​ចូលរួម​អនុវត្ត​ច្បាប់​របស់​ពលរដ្ឋ​ម្នាក់ៗ។

លោកស្រី​បាន​បញ្ជាក់​ថា៖ «ហេតុ​ដូច​នេះ ភារកិច្ច​របស់​យើង គឺ​ចុះ​អប់រំ​ផ្សព្វផ្សាយ​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឱ្យ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទាំង​អស់​គ្នា»៕