អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន បាន​លើកឡើង​ថា វិស័យ​ផលិតកម្ម​ផលិត និង​កែច្នៃ​ជា​តម្រូវការ​ស្តង់ដា​សុវត្ថិភាព​ម្ហូបអាហារ​កម្ពុជា ដែល​តម្រូវឱ្យ​រក្សា និង​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ឬ​អ្នក​ទទួលទាន ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុង​ស្រុក និង​លើកតម្កើង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ផងដែរ​។

លោក​បាន​ថ្លែង​ដូចនេះ​នា​ថ្ងៃទី​ ២៤ ខែមិថុនា ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​អ្នក​ផលិត​ចំណីអាហារ​នៅតាម​បណ្តា​ខេត្ត ក្រុង «​សុខដុម​នីយកម្ម​ថាមវន្ត អភិវឌ្ឍ និង​សហគមន៍​» ដោយ​មាន​ការចូលរួម​ពី​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា និង​ម្ចាស់​សហគ្រាស​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក គួច ចំរើន មានប្រសាសន៍​ថា៖ «​សហគ្រាស​ខ្នាតតូច និង​មធ្យម​ត្រូវ​ពង្រឹង​សមត្ថភាព​ផលិត និង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកប​ដោយ​ភាពទទួល​ខុសត្រូវ​ខ្ពស់ និង​គុណធម៌​ជា​អ្នក​ផលិត ការច្នៃ​ផលិតផល​ម្ហូបអាហារ​»​។

លោក​បាន​បន្ថែមថា ដោយ​ត្រូវ​ធ្វើការ​ពង្រឹង​កម្រិត​យល់ដឹង​លើ​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិធាន​អនាម័យ​សុវត្ថិភាព​ម្ហូបអាហារ ភូតគាម​អនាម័យ​កសិផល និង​កសិផល​កែច្នៃ​រួមទាំង​កាតព្វកិច្ច​ក្នុង​នាម​សហគ្រាស​ខ្នាតតូច និង​មធ្យម​ពី​សំណាក់​ម្ចាស់​សហគ្រាស​លើ​ដំណើរការ​ចង្វាក់​ផលិតកម្ម​ផ្ទាល់​កាន់តែ​មាន​ប្រសិទ្ធភាព​ផងដែរ​។

លោក មៀវ សុខទ្រី ប្រធាន​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា​ក៏បាន​ឱ្យដឹង​ដែរ​ថា សិក្ខាសាលា​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ ដើម្បី​ជួយ​ជំរុញ​ថាមវន្ត​សក្តានុពល​ខេត្ត ដើម្បី​រួមគ្នា​ធ្វើឱ្យ​ចរន្ត​សេដ្ឋកិច្ច​ឆ្ពោះ​ទៅមុខ​កាន់តែ​រហ័ស​ថែមទៀត​។

លោក​បាន​ថ្លែងថា៖ «​យើង​ត្រូវ​យល់ដឹង​ឱ្យបាន​ច្បាស់​ក្នុង​នាម​ជា​ម្ចាស់​សហគ្រា​ត្រូវ​ត្រៀមខ្លួន​ចាប់ផ្ដើម​ដំណើរការ​សហគ្រាស​អាជីវកម្ម ឬ​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម​ផលិត និង​ការកែច្នៃ​របស់​ខ្លួន​ដោយ​អនុលោម​តាម​ស្តង់ដា​ជាតិ​ស្ដីពី​ម្ហូបអាហារ ស្តង់ដា​បញ្ជា​ ឬ​ស្តង់ដា​ស្ម័គ្រចិត្ត បទប្បញ្ញត្តិ​ពាក់ព័ន្ធ និង​វិធានការ​អនាម័យ​សុវត្ថិភាព​ម្ហូបអាហារ ភូតគាម​អនាម័យ​…​ជាដើម​»៕